ពិព័រណ៍ការសិក្សានៅសហរដ្ឋអាមេរិក EducationUSA ឆ្នាំ ២០២៥ ភ្ជាប់និស្សិតកម្ពុជាជាមួយសាកលវិទ្យាល័យ និងមហាវិទ្យាល័យអាម៉េរិក
AKP សៀមរាប ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥ -- ស្ថានទូតសហរដ្ឋអាមេរិកនៅភ្នំពេញ បានរៀបចំពិធីពិព័រណ៍ ការសិក្សា EducationUSA ប្រចាំឆ្នាំ ២០២៥ នៅខេត្តសៀមរាប នាថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ២០២៥ ដើម្បីតភ្ជាប់និស្សិតកម្ពុជា ជាមួយស្ថាប័នអប់រំនៅសហរដ្ឋអាមេរិក និងឱកាសផ្លាស់ប្តូរប្រទេសទាំងពីរ។ ក្នុងកម្មវិធីពិព័រណ៍នេះដែរ អ្នកស្រី Sara Feuerstein ប្រធានស្តីទីផ្នែកទំនាក់ទំនងសាធារណៈ និងលោក លី ប៊ុនណា ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តសៀមរាប បានអញ្ជើញចូលរួមបើកព្រឹត្តិការណ៍នេះ ដែលមានអ្នកចូលរួមជាង ៩០០ នាក់។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា។

អ្នកស្រី Sara Feuerstein បានថ្លែងថា៖ «តាមរយៈ EducationUSA និស្សិតកម្ពុជា អាចចូលប្រើប្រាស់ឱកាសដ៏ល្អបំផុតក្នុងការសិក្សានៅសហរដ្ឋអាមេរិក ដោយជំរុញការយល់ដឹងរវាងប្រទេស និងបង្កើតថាមពលដល់ជំនាន់ដឹកនាំបន្ទាប់ ដើម្បីរួមចំណែកចំពោះការរីកចម្រើនជាសកល»។
ជារៀងរាល់ឆ្នាំ ពិព័រណ៍ EducationUSA ផ្ដល់ឱកាសដ៏មានតម្លៃដល់និស្សិតកម្ពុជា ក្នុងការស្វែងយល់អំពីឱកាសអប់រំថ្នាក់ខ្ពស់នៅសហរដ្ឋអាមេរិក។ នៅក្នុងពិព័រណ៍ឆ្នាំនេះ អ្នកចូលរួមបានទទួលយល់ដឹងអំពីអាហារូបករណ៍ និងកម្មវិធីផ្លាស់ប្តូរដែលមានជំនួយឧបត្ថម្ភពីរដ្ឋាភិបាលអាម៉េរិក បានស្វែងយល់អំពីដំណើរការទទួលបានវីសានៅពីមុខមន្រ្តីស្ថានកុងស៊ុលអាម៉េរិក និងបានភ្ជាប់ទំនាក់ទំនងផ្ទាល់ជាមួយតំណាងពីស្ថាប័នអប់រំខ្ពស់របស់អាម៉េរិកចំនួន ១០។ តំណាងទាំងនេះបានចែករំលែកព័ត៌មានលម្អិតអំពីកម្មវិធីសិក្សា លក្ខខណ្ឌចូលរៀន និងដំណើរការដាក់ពាក្យ ដើម្បីលើកទឹកចិត្តនិស្សិតឱ្យធ្វើជំហានបន្ទាប់ក្នុងការសម្រេចគោលដៅផ្នែកអប់រំរបស់ខ្លួន។

សូមជម្រាបជូនថា ចំពោះសាកលវិទ្យាល័យ និងមហាវិទ្យាល័យដែលបានចូលរួមក្នុងពិព័រណ៍ EducationUSA ២០២៥ រួមមាន៖ Bryant University, Clark College, Edmonds College, Foothill College, Iowa State University of Science and Technology, Kent State University, Lake Washington Institute of Technology, Middle Tennessee State University, Minnesota State University – Mankato, Seattle Colleges, Shoreline Community College និង University of Arizona។

ជាមួយគ្នានេះ សាកលវិទ្យាល័យដែលបានចូលរួមមានទីតាំងទាំងនៅក្នុងទីក្រុងធំៗ និងតំបន់តូចៗ ជាសាកលវិទ្យាល័យសាធារណៈ និងឯកជន មួយចំនួនមានកម្មវិធី ៤ ឆ្នាំ ខណៈដែលសមាជិកមួយចំនួនជា Community College ដែលសិក្សា ២ ឆ្នាំ។ ការប្រកបដោយភាពចម្រុះនេះ បានផ្ដល់ឱកាសដល់និស្សិតក្នុងការជ្រើសរើសការអប់រំពីស្ថាប័នដែលសមស្របនឹងចំណាប់អារម្មណ៍ និងគោលបំណងរបស់ពួកគេ។ ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយ កម្ពុជាបានឃើញកំណើននិស្សិតដែលទៅសិក្សានៅសហរដ្ឋអាមេរិកចំនួន ៥៥ ភាគរយ ដែលជាកំណើនខ្ពស់ជាងគេនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកខាងកើត។
ស្ថានទូតអាម៉េរិកនៅភ្នំពេញ បន្តផ្សព្វផ្សាយឱកាសអប់រំតាមរយៈមជ្ឈមណ្ឌលផ្ដល់ការណែនាំ EducationUSA ដោយឥតគិតថ្លៃ នៅរាជធានីភ្នំពេញ (AmCam Exchange) និងសៀមរាប (សាកលវិទ្យាល័យបណ្តាសាស្រ្ត) ព្រមទាំងសេវាកម្ម EducationUSA នៅគ្រប់ American Spaces។ មជ្ឈមណ្ឌលទាំងនេះផ្ដល់ការណែនាំផ្ទាល់ខ្លួនក្នុងដំណើរការដាក់ពាក្យសិក្សា និងសៀវភៅសិក្សាផ្សេងៗ។ ស្ថានទូតអាម៉េរិកក៏ផ្ដល់កម្មវិធីផ្លាស់ប្តូរ អាហារូបករណ៍ ក៏ដូចជាការចាត់ទុកព្រឹត្តិការណ៍ជាប្រចាំនៅក្នុងបណ្ណាល័យអាម៉េរិក ហៅ American Spaces ៤កន្លែងក្នុងរាជធានីភ្នំពេញ ខេត្តបាត់ដំបង កំពង់ចាម និងខេត្ដសៀមរាប ព្រមទាំងការទៅផ្សព្វផ្សាយនៅសាលារៀននៅទូទាំងប្រទេសកម្ពុជា៕
ដោយ៖ រិទ្ធី





