ស្ថានទូតសហរដ្ឋអាមេរិករៀបចំពិព័រណ៍ការសិក្សានៅខេត្តសៀមរាប ដើម្បីផ្ដល់ឱកាសដល់សិស្ស-និស្សិតកម្ពុជា
AKP សៀមរាប ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥ -- ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប រៀបចំពិព័រណ៍ការសិក្សានៅអាម៉េរិក (EducationUSA Fair) ប្រចាំឆ្នាំ២០២៥ នៅក្នុងខេត្តសៀមរាប នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥ នេះ ដើម្បីបើកឱកាសឱ្យសិស្ស-និស្សិតកម្ពុជាដែលចាប់អារម្មណ៍អាចបន្តការសិក្សានៅសហរដ្ឋអាមេរិក។

លោកស្រី Sara Feuerstein ប្រធានស្ដីទីផ្នែកកិច្ចការសាធារណៈនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានថ្លែងថា ពិព័រណ៍នេះមានទាំងមន្ត្រីផ្នែកកុងស៊ុលដែលនឹងផ្ដល់ប្រឹក្សាអំពីរបៀបដាក់ពាក្យស្នើសុំទិដ្ឋាការ ព្រមទាំងមានការិយាល័យប្រឹក្សា EducationUSA ដែលបើកចំហសម្រាប់សិស្ស-និស្សិតគ្រប់រូប។ លោកស្រីបានបន្ថែមថា នៅខេត្តសៀមរាបមានបណ្ណាល័យអាម៉េរិក (American Corner) ដែលជាកន្លែងសម្រាប់សិស្ស-និស្សិតជួបជុំគ្នាផ្លាស់ប្ដូរគំនិត រៀនភាសាអង់គ្លេស និងចូលរួមវគ្គបណ្ដុះបណ្ដាលខ្លីៗ។

លោកស្រី Feuerstein ក៏បានកត់សម្គាល់ដែរថា សហរដ្ឋអាមេរិកនៅតែជាគោលដៅសិក្សាដ៏ល្បីល្បាញ ជាពិសេសលើមុខវិជ្ជាវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM)។ លោកស្រីបានបន្តទៀតថា ចំនួនសិស្ស-និស្សិតកម្ពុជាដែលទៅបន្តការសិក្សានៅសហរដ្ឋអាមេរិកមានការកើនឡើងគួរឱ្យកត់សម្គាល់រហូតដល់បីដងគិតចាប់តាំងពីឆ្នាំ២០១២ មក។ លោកស្រីសង្ឃឹមថា ក្នុងឆ្នាំដ៏ពិសេសនេះដែលជាខួបទី៧៥ នៃទំនាក់ទំនងការទូតសហរដ្ឋអាមេរិក-កម្ពុជា ចំនួននិស្សិតនឹងបន្តកើនឡើងបន្ថែមទៀត។


លោក លី ប៊ុនណា ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តសៀមរាប បានលើកឡើងថា កម្មវិធីនេះមានសារៈសំខាន់ណាស់ ព្រោះវានឹងជួយឱ្យសិស្ស-និស្សិតកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបន្តការសិក្សានៅបរទេស។ លោកបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃភាសាអង់គ្លេស ហើយបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាក៏បានកំណត់ការអភិវឌ្ឍធនធានមនុស្សជាអាទិភាពដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសផងដែរ៕


ដោយ: ឃុត សៅ





