រដ្ឋបាលខេត្តសៀមរាបចូលរួមកាន់វេនបិណ្ឌ១នៅវត្តព្រះព្រហ្មរ័ត្ននិងវត្តកេសរារាមនៅក្នុងក្រុងសៀមរាប
AKP សៀមរាប ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥--ថ្ងៃកាន់វេនបិណ្ឌ១ នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប និងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានដឹកនាំមន្រ្តីរាជការ ចូលរួមកាន់វេនបិណ្ឌ១ជាមួយបងប្អូនប្រជាពលរដ្ឋនៅវត្តព្រះព្រហ្មរ័ត្ន និងវត្តកេសរារាម ដែលស្ថិតនៅក្នុងក្រុងសៀមរាប ដើម្បីឧទ្ទិសកុសលផលបុណ្យជូនជីដូនជីតា និងញាតកា តាមទំនៀមទម្លាប់ ប្រពៃ ណីព្រះពុទ្ធសាសនា និងឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធវីវកងទ័ពដែលបានពលីជីវិតក្នុងបុព្វហេតុជាតិ ការពារបូរណភាពទឹកដី ក្នុងអំឡុងពេលនៃជម្លោះព្រំដែន កម្ពុជា-ថៃ។

ព្រះសាសនសត្ថា តង់ តន ព្រះបាឡាត់គណខេត្ត និងជាព្រះគ្រូចៅអធិការវត្តព្រះព្រហ្មរ័ត្ន បានថេរដីកាឱ្យដឹងថា ពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ជាបុណ្យប្រពៃណី ព្រះពុទ្ធសាសនាដ៏សំខាន់។ ហើយបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌប្រារព្ធឡើងចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ជារៀងរាល់ឆ្នាំ ក្នុងគោលបំណងសំខាន់ៗ ដូចជា៖- បង្កើនសាមគ្គីភាពរវាងបុគ្គល គ្រួសារ និងសង្គម បញ្ជាក់ឱ្យឃើញពីការសម្បូរហូរហៀរនៃភោគផលធញ្ញាហារផ្សេងៗ របស់ប្រជាជនខ្មែរ ផ្គត់ផ្គង់ព្រះសង្ឃក្នុងព្រះវស្សា សម្តែងនូវភាពកតញ្ញូកតវេទីដាស់តឿនស្មារតីដល់មនុស្សគ្រប់រូបកុំឱ្យមានសេចក្តីប្រមាទក្នុងការធ្វើអំពើបាបនានា ឧទ្ទិសមហាកុសលជូនដល់វិញ្ញាណក្ខន្ធ នៃបុព្វការីជននិងពពួកញាតិ.សន្សំនូវមហាកុសលទុកជាទីពឹងរបស់ខ្លួន និងបន្តថែរក្សាបុណ្យប្រពៃណីព្រះពុទ្ធសាសនាខ្មែរយើង ឱ្យតាំងនៅស្ថិតស្ថេរអស់កាលជាយូរអង្វែង។

ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានមានប្រសាសន៍ថា វិស័យអាណាចក្រនិងពុទ្ឋចក្រនៅកម្ពុជា គឺដើរទន្ទឹមគ្នាពុំអាចខ្វះមួយណាបានឡើយ ហេតុនេះវិស័យព្រះពុទ្ឋសាសនា រីកចំរើនលូតលាស់ទៅបាន គឺអាស្រ័យដោយប្រជាពុទ្ឋបរិស័ទមានជីវភាពសម្បូរធូរធារ។

សូមបញ្ជក់ថា ទ័យ្យទានវេរប្រគេនព្រះសង្ឃវត្តទាំងពី ក្នុងមួយវត្តមានគ្រឿងឧបភោគបរិភោគចំនួន១៣មុខ និងបច្ច័យរបស់រដ្ឋបាលខេត្ត និងពុទ្ធបរិស័ទប្រគេនវត្តព្រះព្រហ្មរ័័ត្នចំនួន២លាន ៩សែនរៀល ,ចំពោះវត្តកេសរារាម ឯកឧត្តមអភិបាលខេត្ត និងពុទ្ធបរិស័ទ បានប្រគេនបច្ច័យ ចំនួន ៥លាន១សែនរៀល ព្រមទាំងចែកជូនសីលវ័ន្តសីលវន្តី ម្នាក់ៗក្រណាត់ស ១ដុំ បច្ច័យ ១ម៉ឺនរៀលផងដែរ៕
ដោយ៖ ឃុត សៅ





