រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធទិវាមច្ឆជាតិ ១កក្កដា
AKP កំពង់ចាម ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥-- រដ្ឋបាលខេត្តកំពង់ចាមបានប្រារព្ធពិធី ទិវាមច្ឆជាតិ១ កក្កដា ឆ្នាំ ២០២៥ ដោយធ្វើការ លែងកូនបង្កង និងកូនត្រីចម្រុះ នៅចំណុចបឹងធំ ស្ថិតក្នុងភូមិក្តីបឹង ឃុំទួលវិហារ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ក្រោមការចូលរួម ពីសំណាក់ ឯកឧត្តម ខៀវ កាញារិទ្ធ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម និងឯកឧត្ដម ណៅ ធួក អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម និង ឯក ឧត្ដមខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងមន្ត្រីអ្នកមុខអ្នកការជាច្រើនរូបទៀត។

ថ្លែងក្នុងពិធី នាព្រឹកថ្ងៃទី ៨ ខែកញ្ញាឆ្នាំ ២០២៥ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានថ្លែងថា ថ្ងៃទី១ ខែកក្កដា ជាទិវាមច្ឆាជាតិ ១ កក្កដា តែងតែប្រារព្ធជារៀងរាល់ឆ្នាំ ដើម្បីផ្សព្វផ្សាយនិងបំផុសស្មារតី ប្រជាពលរដ្ឋ អាជ្ញាធរពាក់ព័ន្ធ និងវិស័យឯកជន ឱ្យចូលរួម យ៉ាងសកម្ម ក្នុងសកម្មភាព ថែរក្សា ការពារ អភិរក្ស និងបង្កើនផល ស្តុកធនធានជលផល ក្នុងបឹងធម្មជាតិ ឱ្យត្រីមេពូជទាំងឡាយ បន្តពូជពងកូន និងរីកធំធាត់ ឱ្យកាន់តែសំបូរឡើងថែមទៀតក្នុងបឹងធម្មជាតិ សម្រាប់ប្រជាពលរដ្ឋយើងប្រើប្រាស់ ធានាបាននូវសន្តិសុខស្បៀងរួមចំណែកកាត់បន្ថយភាព ក្រីក្រ និងបង្កើនជីវភាពរស់នៅផងដែរ។

ឯកឧត្តម ណៅ ធួក អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាមបានមានប្រសាសន៍ឲ្យដឹងផងដែរថា ទិវាមច្ឆាជាតិ ប្រារព្ធ ក្នុងគោលបំណងបំផុសស្មារតីឱ្យ ដល់ ប្រជាពលរដ្ឋ និង គ្រប់ ភាគីពាក់ព័ន្ធទាំងអស់ ចូលរួមការពារ និងអភិរក្សធនធានជលផលមច្ឆាជាតិ។ធនធានជលផល បានរួម ចំណែកយ៉ាងសំខាន់ក្នុងការ ទ្រទ្រង់សេដ្ឋកិច្ចជាតិពិសេសការធានានូវសន្តិសុខស្បៀងជូនដល់ប្រជា ពលរដ្ឋ ក្នុងជីវភាពប្រចាំថ្ងៃ។

ឯកឧត្តម ណៅ ធួក បានសង្កត់ធ្ងន់ថា ការ ធ្វើពិធីលែងកូនបង្កង ពេលនោះ ដើម្បីស្ដារឡើងវិញ នូវបង្កងនៅតាមដែនធម្មជាតិតាម បឹងព្រែក ទន្លេក្នុងប្រទេសកម្ពុជាយើង ឲ្យមានសម្បូរបង្កងឡើងវិញ និងសូមអំពាវនាវដល់ប្រជាពលរដ្ឋនិង គ្រប់ភាគីពាក់ព័ន្ធទាំងអស់រដ្ឋអំណាចមូលដ្ឋានគ្រប់លំដាប់ថ្នាក់ត្រូវបង្កើន ការយកចិត្តទុកដាក់ខ្ពស់ក្នុងការចូលរួមការពារនូវធនធានជលផល ពិសេស កុំនេសាទកូនបង្កង ទុកឲ្យពួកបាបានធំធាត់ ក្នុងដែនធម្មជាតិ ឲ្យកូនញាស់បានច្រើនក្នុងដែនធម្មជាតិរបស់ប្រទេសយើង។


សូមបញ្ជាក់ថា ក្នុងទិវា ១កក្កដា ឆ្នាំ២០២៥ ដែលប្រារព្ធ នៅភូមិក្តីបឹង ឃុំវិហារធំ ស្រុកកំពង់សៀម ខេត្តកំពង់ចាមមានលែងកូនបង្កង និងកូនត្រីសរុបប្រមាណជសង ៩៥ ០០០កូន ក្នុងនោះ កូនបង្កងចំនួន ៦៥ ០០០កូន កូនត្រីកាហែចំនួន ១០,០០០កូន កូនត្រីឆ្ពិនចំនួន ១០,០០០កូន កូនត្រីប្រាចំនួន ១០,០០០កូន៕ ដោយ ៖ ឆាយ ម៉ុត





