អាជ្ញាធរជាតិអប្សរា និងទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ បណ្តុះបណ្តាលពង្រឹងសមត្ថភាពស្តីពីទេសចរណ៍បេតិក ភណ្ឌ
AKP សៀមរាប ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥ -- ក្រោមក្របខ័ណ្ឌ នៃកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា និងទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ បានបើកវគ្គបណ្តុះបណ្តាលស្តីពី «ការពង្រឹងសមត្ថភាពទេសចរណ៍បេតិកភណ្ឌជាតិ» នៅនាយកដ្ឋានសណ្តាប់ធ្នាប់នៃអាជ្ញាធរជាតិអប្សរា ក្នុងក្រុងសៀមរាប។

គោលបំណងដើម្បីបង្កើនសមត្ថភាពជំនាញដល់មន្ត្រីកម្ពុជាពាក់ព័ន្ធនឹងការគ្រប់គ្រង និងការអភិវឌ្ឍទេសចរណ៍នៅតំបន់បេតិកភណ្ឌ ព្រមទាំងដើម្បីចែករំលែកសមិទ្ធផល និងបទពិសោធន៍ល្អៗរវាងប្រទេសទាំងពីរ។ កិច្ចសហប្រតិបត្តិការនេះ ត្រូវបានគេរំពឹងថា នឹងរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាពនៅរមណីយដ្ឋានអង្គរ។

លោក ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានថ្លែងថា នេះជាលើកទី២ហើយដែលយើងបានរៀបចំវគ្គបណ្តុះបណ្តាលនេះ ដើម្បីពង្រឹងសមត្ថភាពមន្រ្តី ក៏ដូចជាលើកកម្ពស់ផលិតផលវប្បធម៌ទេសចរណ៍ ដូចជាវត្ថុអនុស្សាវរីយ៍ ការលើកតម្លៃបេតិកភណ្ឌអរូបីជាដើម។ ហើយតាមរយៈនៃកិច្ចសហប្រតិបត្តិការកន្លងនេះ យើងក៏ទទួលបានលទ្ធផលយ៉ាងល្អ។

លោក ឡុង កុសល បានជំរុញឱ្យមន្រ្តីជំនាញពាក់ព័ន្ធទាំងអស់ត្រូវឈ្វេងយល់ឱ្យបានច្រើនបន្ថែមទៀត ដើម្បីធ្វើការបង្កើតផលិតផលវប្បធម៌ទេសចរណ៍តាមរយៈកុលាលភាជន៍ ចម្លាក់ ឱ្យវាចេញដំណើរចាប់ផ្តើមពីតូចទៅធំ។ហើយថ្ងៃនេះអ្នកជំនាញកូរ៉េ ក៏បានជួយបង្ហាត់បង្រៀនបន្ថែម ដូចនេះយើងត្រូវតែពង្រឹងសមត្ថភាពយើងធ្វើឱ្យបានកាន់តែជោគជ័យ។

លោក Kim Hyunsung តំណាងទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ បានថ្លែងថា វគ្គបណ្តុះបណ្តាលនេះ និងជួយឱ្យមន្រ្តីកម្ពុជាកាន់តែមានជំនាញក្នុងការអភិវឌ្ឍន៍ផលិតផលវប្បធម៌ទេសចរណ៍បែបថ្មី និងមានភាពទាក់ទាញ នៅក្នុងតំបន់ទេសចរណ៍បេតិកភណ្ឌ៕
ដោយ៖ ឃុត សៅ





