អភិបាលខេត្តកណ្ដាល ប្រគល់អំណោយ ជូនដល់វរៈកងទ័ពជួរមុខ នៅខេត្តឧត្តរមានជ័យ ដែលទើបចេញពីមន្ទីរពេទ្យព្រះអង្គឌួង
AKP កណ្តាល ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥-- ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្ដាល នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ បានប្រគល់អំណោយ សប្បុរសធម៌ដល់ លោក អនុសេនីយ៍ទោ ក្រួច អ៉ី មេបញ្ជាការរងកងអនុសេនាធំទី១ ទីលំនៅភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ដែលឈរជើងនៅតំបន់ភ្នំ២០០ ខេត្តឧត្តរមានជ័យ ដែលមានបញ្ហាភ្នែកទើបចេញពីសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង រាជធានីភ្នំពេញ។

ក្នុងឱកាសនោះដែរ ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បាននាំមកនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្ដីនឹករលឹកបំផុត។

ឯកឧត្តម កោតសរសើរដល់ភាពវិរៈភាពក្លាហានរបស់វរៈកងទ័ពជួរមុខ ដែលបានខិតខំការពារបូរណភាពទឹកដី ប្រកបដោយភាពអង់អាចក្លាហាន ក្នុងការប្រយុទ្ធប្រឆាំងជាមួយការឈ្លានពានរបស់សៀម សកម្មភាពទាំងនេះ យើងទាំងអស់គ្នានៅជួរក្រោយ ពិតជាស្ញប់ស្ញែង និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះវរៈកងទ័ពយើងទាំងអស់ ដែលអង់អាចក្លាហាន ការពារនូវបូរណភាពទឹកដី ទប់ស្កាត់ការឈ្លានពានពីសៀម ហើយយើងទាំងអស់គ្នា និងចងចាំមិនភ្លេចនូវគុណូបការៈដ៏ធំធេង ដែលមិនអាចកាត់ថ្លៃបានរបស់វីរកងទ័ពរបស់យើង។

ឯកឧត្តម ក៏បានលើកទឹកចិត្តដល់លោក អនុសេនីយ៍ទោ ក្រួច អ៉ី មេបញ្ជាការរងកងអនុសេនាធំទី១ ដែលទើបចេញពីសម្រាកព្យាបាលភ្នែក ត្រូវគិតពីសុខភាព និងសម្រាកអោយបានគ្រប់គ្រាន់ព្រោះកត្តាសុខភាពពិតជាសំខាន់ ដើម្បីឆាប់បានជាសះស្បើយ និងអាចវិលត្រឡប់ទៅភូមិឋានរបស់ខ្លួន ជួបជុំគ្រួសារ។
សូមបញ្ជាក់ថា អំណោយដែលប្រគល់ជូនវរៈកងទ័ពនាពេលនេះរួមមាន៖អង្ករ ៥០គីឡូ ទឹកស៊ីអ៉ីវ១យួរ ត្រីខកំប៉ុង១យួរ ទឹកត្រី១យួរ សំភារៈប្រើប្រាស់មួយចំនួន និងថវិកាចំនួន១លានរៀល ៕
ដោយ៖ ណយ នឿន ,ប្រភព៖រដ្ឋបាលខេត្តកណ្តាល





