វរសេនីយ៍ឯក ឡុង ណៃ នាំម៉ូតូ៣៣ គឿង របស់សម្ដេចធិបតី ជូនកងកម្លាំងតំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ
AKP ភ្នំពញ ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥--លោកវរសេនីយ៍ឯក ឡុង ណៃ មេបញ្ជាការរង តំណាង លោកឧត្ដមសេនីយ៍ត្រី ម៉ូ សឿម មេបញ្ជាការ តំបន់ប្រតិបតិ្តការសឹកឧត្ដរមានជ័យ នៅដើម ខែកញ្ញា ឆ្នាំ២០២៥ អញ្ជើញចូលរួមទទួល តំណាង ក្រុមហ៊ុន លោកអ្នកឧកញ៉ា ទ្រី ភាព អញ្ជើញចុះប្រគល់ម៉ូតូម៉ាក (HONDA Wave) ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនវីរៈកងទ័ពជួរមុខដែលបានរងការខូចខាតក្នុងសមរភូមិ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ អំឡុងពេលបំពេញភារកិច្ចការពារ បូរណភាពទឹកដី ក្នុងសរមភូមិមុខទិសទី៣ ក្នុងនោះអង្គភាព តំបន់ប្រតិបត្តិការសឹករងឧត្ដរមានជ័យ។

ទទួលបានម៉ូតូចំនួន ៣៣គ្រឿង វីរៈកងទ័ពឈរជើងការពារទិសប្រាសាទតាក្របីចំនួន ២៧គ្រឿង និងបម្រើការក្នុងអង្គភាពចំនួន ០៦គ្រឿង។
ក្នុងឱកាសនោះផងដែរ លោកមេបញ្ជាការរង ក៏បានគោរពថ្លែងអំណរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចមហាបវរធិបតី ព្រមទាំងលោកជំទាវបណ្ឌិត ដែលលោកទាំងពីរតែងតែគិតគូរយកចិត្តទុក្ខដាក់ សួរសុខទុក្ខ និងលើកទឹកចិត្ត ដល់កងទ័ពជួរមុខទាំងអស់ ក្នុងពេលបំពេញភារកិច្ចការពារ សន្តិភាព និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា។


ជាមួយគ្នានោះ លោកមេបញ្ជាការរង ព្រមទាំងវីរៈកងទ័ពជួរមុខទាំងអស់ បានប្ដេជ្ញា ការពារឱ្យបានដាច់ខាតនូវបូរណភាពទឹកដី គោរពអនុវត្តបទបញ្ជាថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងជឿទុកចិត្តយ៉ាងមុតមាំចំពោះរាជរដ្ឋាភិបាល នីតិកាលទី៧ ដែលដឹកនាំដោយសម្ដេចមហាបវរធិបតី ព្រមទាំងគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងគោរពជូនពរ ជូនចំពោះសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ព្រមទាំងបុត្រាបុត្រី សូមមានសុខភាពល្អ បវរសួស្តី ជ័យជំនះគ្រប់ភារកិច្ច ជួបប្រទះតែនឹងពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡេីយ៕
ដោយ៖ ណយ នឿន ,ប្រភព៖កងទ័ពជើងគោក





