ឯកឧត្តម នេត្រ ភក្ត្រា លើកឡើងថា ការពង្រឹងសមត្ថភាពមន្ត្រីជាកត្តាចាំបាច់ឆ្លើយតបនឹងការរីកចម្រើនរបស់ប្រទេសជាតិឱ្យដើរស្របតាមបន្ទាត់នយោបាយរបស់រដ្ឋាភិបាល
AKP ភ្នំពេញ ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានលើកឡើងថា ការពង្រឹងសមត្ថភាពមន្ត្រីរាជការ គឺជាកត្តាចាំបាច់ឆ្លើយតបនឹងការរីកចម្រើនរបស់ប្រទេសជាតិឱ្យដើរស្របតាមបន្ទាត់នយោបាយរបស់រាជរដ្ឋាភិបាល ខណៈមូលធនមនុស្ស មិនត្រឹមតែមានសញ្ញាបត្រ និងមានចំណេះដឹងនោះទេ ប៉ុន្តែ ត្រូវតែមានសមត្ថភាព មានទេពកោលស្យ មានស្នាដៃ មានសុខភាពល្អ សីលធម៌ គុណធម៌ សុជីវធម៌ មានវិជ្ជាជីវៈ គឺនេះជាអ្វីដែលរាជរដ្ឋាភិបាលបានកំណត់ក្នុងមុំទី១ នៅចំណោមមុំទាំង៥ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។ ការលើកឡើង របស់ឯកឧត្តមរដ្ឋមន្រ្ដីបែបនេះបានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីភាពពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «ការគ្រប់គ្រងធនធានមនុស្ស» ដែលវគ្គបណ្តុះបណ្តាលនេះរៀបចំឡើងដោយអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ មានរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី០៨ រហូតដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ ជូនដល់មន្ត្រីរាជការនៃក្រសួងព័ត៌មាន ចំនួន១១៦នាក់។

ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា ដើម្បីជំរុញឱ្យការពង្រឹងសមត្ថភាពមន្ត្រីរាជការផ្នែកភាសាបរទេសឱ្យកាន់មានគុណភាពបន្ថែមទៀត ក្រសួងព័ត៌មាន បានធ្វើទំនាក់ទំនងការទូតព័ត៌មាន ជាមួយនឹងបណ្តាប្រទេសផ្សេងៗ ដើម្បីបញ្ជូនមន្ត្រីរាជការនៃក្រសួងព័ត៌មាន ចេញទៅទទួលបានបណ្តុះបណ្តាលនៅតាមបណ្តាប្រទេសជាមិត្តតាមរយៈការផ្តល់អាហារូបករណ៍ជាដើម ខណៈមិត្តចិន ម៉ាឡេស៊ី វៀតណាម ក៏បានចូលរួមចំណែកបណ្តុះបណ្តាលធនធានមនុស្សកម្ពុជា លើវិស័យព័ត៌មាន និងសោតទស្សន៍ជាច្រើនផងដែរ។ ឯកឧត្តមរដ្ឋមន្រ្ដីបានថ្លែងបញ្ជាក់ថា៖ «មូលធនមនុស្ស មិនត្រឹមតែមានសញ្ញាបត្រ និងមានចំណេះដឹងនោះទេ ប៉ុន្តែ ត្រូវតែមានសមត្ថភាព ធ្វើកិច្ចការងារ មានទេពកោលស្យ ស្នាដៃ មានសុខភាពល្អ សីលធម៌ គុណធម៌ សុជីវធម៌ មានវិជ្ជាជីវៈ និងគោរពលើការងាររបស់ខ្លួន។ នេះហើយជាអ្វីដែលរាជរដ្ឋាភិបាលបានកំណត់មុំទី១ នៅក្នុងចំណោមមុំទាំង៥ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ គឺនិយាយអំពីមូលធនមនុស្ស»។

ជាមួយគ្នានេះ ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ដែលដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បន្តវេនពីសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា បានយកចិត្តទុកដាក់ខ្ពស់បំផុតទៅលើការងារអភិវឌ្ឍន៍មូលធនមនុស្ស។ ជាក់ស្តែងនៅដើមអាណត្តិទី៧ ប្រជាពលរដ្ឋបានសាទរ និងផ្តល់ទំនុកចិត្តយ៉ាងខ្លាំងមកលើរាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងការពង្រឹងធនធានមនុស្សបន្តវេន ពីព្រោះកម្ពុជា បានកំណត់ចក្ខុវិស័យ ឆ្នាំ២០៥០ ទៅជាប្រទេសដែលមានចំណូលខ្ពស់។ ដោយឡែកនៅក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ក៏ត្រូវចាំបាច់រុញ និងរៀបចំផែនការអភិឌ្ឍន៍មូលធនមនុស្សឱ្យដើរស្របតាមបន្ទាត់នយោបាយរបស់រាជរដ្ឋាភិបាល។ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មានក៏បានបញ្ជាក់ទៀតថា តាមរយៈការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ពីមួយអាណត្តិ ទៅមួយអាណត្តិ លើកិច្ចការងារបណ្តុះបណ្តាលមន្ត្រីរាជការ គឺបានធ្វើឱ្យមន្ត្រីរាជការ នៅតាមក្រសួង ស្ថាប័ន មានសមត្ថភាពគ្រប់គ្រាន់ដើម្បីបំពេញភារកិច្ច និងតួនាទីរបស់ខ្លួនប្រកបដោយគុណភាព និងទទួលបានប្រសិទ្ធភាពខ្ពស់ ស្របទៅតាមដំណើរការអភិវឌ្ឍន៍ជាតិ ដែលដាក់ចេញដោយរាជរដ្ឋាភិបាល។

ឯកឧត្តមរដ្ឋមន្រ្ដីបានបន្ថែមថា នៅពេលប្រទេសអភិវឌ្ឍន៍ ធនធានមនុស្សមិនអាចខ្វះបានជាដាច់ខាត ធនធានមនុស្សមិនអាចធ្វើការងារដោយចុងដៃ ចុងជើងនោះទេ ហើយ ប្រទេសជាតិរីកចម្រើន គឺចាំបាច់បំផុតធនធានមនុស្ស។ ដូច្នេះហើយនៅក្នុងក្របខ័ណ្ឌនេះក្រសួងព័ត៌មាន បានរៀបចំផែនការយុទ្ធសាស្រ្ត ក្នុងការកសាង និងអភិវឌ្ឍន៍មូលធនមនុស្ស ដែលសំដៅលើធនធានមនុស្សប្រកបដោយសមត្ថភាព ទេពកោសល្យ គោរពវិជ្ជាជីវៈ និងភាពច្នៃប្រឌិត ជាកត្តាគន្លឹះ និងមានសក្តានុពលដែលគាំទ្រដល់គ្រប់ដំណើរការអភិវឌ្ឍន៍ ពីព្រោះថាស្ថាប័ននីមួយៗ មិនអាចដំណើរការបានប្រកបដោយគុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងផលិតភាពឡើយ ប្រសិនបើគ្មានធនធានមនុស្សដែលមានគុណវុឌ្ឍិខ្ពស់ និងកិច្ចខិតខំប្រឹងប្រែងអនុវត្តន៍ការងារដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈ។
សូមជម្រាបជូនថា ក្រសួងព័ត៌មាន ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ទទួលខុសត្រូវផ្នែកការងារទំនាក់ទំនងសាធារណមតិ ឱ្យរាជរដ្ឋាភិបាល គឺបានផ្តោតទៅលើការរៀបចំផែនការបណ្តុះបណ្តាល ហើយនៅក្នុងឆ្នាំ២០២៥ តាមផែនការគឺមានជាង ៨០វគ្គ បណ្តុះបណ្តាល ដោយផ្តោតសំខាន់លើការពង្រឹងសមត្ថភាពដល់មន្ត្រី ពីព្រោះថាវិស័យសារព័ត៌មាន គឺមានសារៈសំខាន់ ដើម្បីឆ្លើយតបនឹងការរីកចម្រើនរបស់ប្រទេសជាតិ។ ដូច្នេះ ប្រសិនបើកម្រិតមន្ត្រីទទួលបន្ទុកផ្នែកព័ត៌មាន និងសោតទស្សន៍ មិនមានគុណភាពក្នុងការផ្តល់ព័ត៌មាន ជូនប្រជាពលរដ្ឋនោះទេ នឹងនាំផលលំបាកនៃការគ្រប់គ្រងសាធារណមតិ៕
ដោយ៖ រិទ្ធី រូបថត៖ ខឹម សុវណ្ណារ៉ា





