ប្រធានកិត្តិយសសមាគមនារីខេត្តកំពតអញ្ជើញចូលរួមពិធីកាន់បិណ្ឌ១នៅវត្តត្រពាំង
AKP ខេត្តកំពត ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥--នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ ដែលជាថ្ងៃកាន់បិណ្ឌ១ នៃពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៥លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅធនិន ប្រធានកិត្តិយសសមាគមន៍នារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ខេត្តកំពត បានដឹកនាំសមាជិកា យកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ នៅវត្តត្រពាំងរពៅ សង្កាត់ព្រែកត្នោត ក្រុងបូកគោ ដោយមានការចូលរួមពីអាជ្ញាធរក្រុង និងសង្គាត់ និងប្រជាពុទ្ធបរិស័ទយ៉ាងច្រើនកុះករផងដែល។

ទិដ្ឋភាព និងបរិយាកាស នៅព្រឹកថ្ងៃកាន់បិណ្ឌ១ ដែលជាថ្ងៃដំបូង នៃពិធីបុណ្យភ្ជុំបិណ្ឌដែលមានរយៈពេល១៥ថ្ងៃ នៅវត្តត្រពាំងរពៅ គេសង្កេតឃើញ មានបងប្អូនប្រជាពលរដ្ឋទាំងក្មេងចាស់យ៉ាងច្រើន បានយកចង្ហាន់ និងបច្ច័យ មកប្រគេនព្រះសង្ឃ ក្នុងទឹកមុខសប្បាយរីករាយ ប្រកបដោយទឹកចិត្តជ្រះថ្លា និងបានគោរពប្រតិបត្តិតាមគន្លង ទំនៀមទម្លាប់ប្រពៃណីរបស់សាសនាព្រះពុទ្ធ។

នៅក្នុងពីធីនោះ លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅធនិន ប្រធានកិត្តិយសសមាគមន៍នារីដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ ខេត្តកំពត ព្រមទាំង លោក លោកស្រីជាថ្នាក់ដឹកនាំ សមាជិកាគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តកំពត និងក្រុង បានប្រគេនចង្ហាន់ និងទេយ្យទានដល់ព្រះសង្ឃ និងបានចូលរួមរាប់បាត្រផងដែរ។

លោកជំទាវបានលើកទឹកចិត្តដល់ប្រជាពលរដ្ឋឲ្យបន្តចូលរួមធ្វើបុណ្យ សន្សំកុសល សម្រាប់ខ្លួនឯងផង និងសម្រាប់ឧទ្ទិសជូនដល់បុព្វការីជន មានមាតាបិតា ជីដូនជីតាជាដើមផង ដើម្បីទទួលបាននូវសេចក្តីសុខក្តីចម្រើន និងមានគុណព្រះរតនត្រ័យ ជាទីពឹង ជាទីរម្លឹក ពិសេសសូមបន្តចូលរួមថែរក្សាទំនៀមទំលាប់ប្រពៃណីពិធីបុណ្យភ្ជុំបិណ្ឌឲ្យបានប្រសើរ ព្រោះការចូលរួមដ៏សកម្មរបស់ប្រជាពលរដ្ឋក្នុងពិធីបុណ្យនេះ ក៏ជាការចូលរួមពង្រឹងស្មារតីសាមគ្គីភាព សេចក្តីមេត្តាករុណា និងសន្តិភាពនៅក្នុងសង្គមផងដែរ។

យេទ្យទានប្រគេនព្រះសង្ឃមាន៖ អង្ករ១០០គីឡូក្រាម, ត្រីខ ៥យួរ. ស្ករស ៥គីឡូ, ទឹកស៊ីអ៊ីវ ៥យួរ, ប្រេងឆា ២ដបធំ, តែ ៥កញ្ចប់, ធូប ៥ដុំ, ប៊ីចេង ៥គីឡូ, មី ៥កេស, កាហ្វេ ២កញ្ចប់ធំ, ទឹកត្រី ៥យួរ, ត្រីងៀត ៥គីឡូ, ទឹកក្រូច-ទឹកផ្លែឈើ ៥កេស, សៀងផ្អែម ១០គីឡូ, ខ្ទឹមស ៥គីឡូ, សាប៊ូម្សៅ ៥គីឡូ, ទឹកសុទ្ធ ៥កេស រួមនឹងបច្ច័យ១លាន៥សែនរៀល៕
ដោយ៖ ប្រាក់ លាង





