រដ្ឋបាលខេត្តព្រះសីហនុ កាន់បិណ្ឌ-ភ្ជុំបិណ្ឌវេនទី១ នៅវត្តព្រហ្មកេរ្តិ៍ ស្រុកព្រៃនប់
AKP ព្រះសីហនុ ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥ -- ព្រឹកថ្ងៃចន្ទ ទី០៨ ខែកញ្ញា ឆ្នាំ២០២៥ នេះ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមបឹក្សាខេត្ត និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំមន្ត្រីរាជការ កងកម្លំាងប្រដាប់អាវុធ និងពុទ្ធបរិស័ទ្ធចំណុះជើងវត្ត អញ្ជើញកាន់បិណ្ឌ-ភ្ជុំបិណ្ឌវេនទី១ នៅវត្តព្រហ្មកេរ្តិ៍ ស្ថិតនៅឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានថ្លែងថា ក្នុងឱកាសដែលប្រជាជាតិកម្ពុជាទាំងអស់ចូលរួមពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ដែលនឹងប្រារព្ធឡើងចាប់ពីថ្ងៃ ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ។ ពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ជាពិធីបុណ្យប្រពៃណីជាតិដ៏ធំមួយដែលប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំប្រដាប់អាវុធ និងជនបរទេសតែងតែប្រារព្ធជារៀងរាល់ឆ្នាំតាំងពីបុរាណកាលមក។

ពិធីបុណ្យនេះមានសារៈសំខាន់ និងមានអត្ថន័យដ៏ធំធេងណាស់សម្រាប់ប្រជារាស្ត្រខ្មែរ ដែលបានធ្វើដំណើរពីទីជិតឆ្ងាយទៅកាន់ស្រុកកំណើត ដើម្បីបានជួបជុំគ្នានៅតាមលំនៅឋាន វត្តអារាមធ្វើបុណ្យទានសម្តែងនូវកតញ្ញូតាធម៌ជូនចំពោះអ្នកមានគុណ ឧទ្ទិសកុសលជូនដល់បុព្វការីជន ដែលទទួល មរណកាលទៅហើយ និងបានបណ្តុះស្មារតីសាមគ្គីភាពជាតិ ស្រឡាញ់ថែរក្សា ការពារទំនៀមទម្លាប់ប្រពៃណី និងដើម្បីលើកកម្ពស់អរិយធម៌ជាតិខ្មែរឱ្យស្ថិតស្ថេរគង់វង្សជានិច្ចនិរន្តរ៍។ ជាពិសេស ពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌឆ្នាំនេះ ប្រជាជាតិកម្ពុជាយើងគ្រប់មូលដ្ឋានមានឱកាសបានឧទ្ទិសកុសលផលបុណ្យជូនដល់វីរយុទ្ធជនជាតិកម្ពុជា ដែលបានពលីក្នុងបុព្វហេតុបេសកកម្ម ការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិកម្ពុជា តស៊ូប្រយុទ្ធជាមួយសត្រូវឈ្លានពាន និងសូមវិញ្ញាណក្ខន្ធរបស់វីរយុទ្ធជនជាតិទាំងអស់អញ្ជើញទៅកាន់សុគតិភពកុំបីអាក់ខានឡើយ។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តក៏បាននាំយកសម្ភារៈមួយចំនួនប្រគេនព្រះសង្ឃវត្តព្រហ្មកេរ្តិ៍ផងដែរ ដែលរួមមានដូចជា អង្ករ ៣០០គីឡូក្រាម មី ២កេសធំ ត្រីខ ២កេសធំ ប្រេងឆា ១កេស កាហ្វេ ១០កញ្ចប់ ទឹកត្រី ១០យូ ទឹកស៊ីអីវ ១០យូ ទឹកសុទ្ធ ១៥កេស ចង្ហាន់ស្រាក់ (បាយ សម្ល) ៤០ស្រាក់ ភេសជ្ជៈ ៤០កន្ត្រក ថវិកាប្រគេនមេគុណ ៦០០.០០០រៀល ថវិកាប្រគេនព្រះសង្ឃ ៣៩អង្គ ១០០.០០០រៀល/១អង្គ អាចារ្យគណៈកម្មាវត្ត ៨នាក់ ៥០.០០០រៀល/ម្នាក់ ប្រគេនជូនវត្ត ៤.០០០.០០០រៀល សមាគមនារីខេត្ត ថវិកា ១លានរៀល ដូនជី តាជី ២០នាក់ ២០.០០០រៀល/ម្នាក់។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត និងលោកជំទាវ ក៍បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ១០លានរៀល ជូនវត្តព្រហ្មគេរ្តិ៍ផងដែរ ៕
ដោយ: ងូ សុមុនី





