ឯកឧត្តមបណ្ឌិត សួង ណយ ណែនាំដល់គ្រប់ភាគីពាក់ព័ន្ធធ្វើការរួមគ្នាដើម្បីលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន
AKP កំពង់ធំ ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥ -- ឯកឧត្តមបណ្ឌិត សួង ណយ រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី បានណែនាំដល់គ្រប់ភាគីពាក់ព័ន្ធឱ្យធ្វើការរួមគ្នា ដើម្បីលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋានក្នុងឱកាសដែលឯកឧត្តមអញ្ជើញជាអធិបតីភាពក្នុងជំនួបប្រជុំពិភាក្សា ស្ដីពីហិរញ្ញប្បទានសម្រាប់ផ្នែកវារីវប្បកម្ម ការប្រមូលទិញ និងការកែច្នៃផលនេសាទផលិតចំណីត្រី នៅសាលាស្រុកស្ទោងខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥ នេះ។

ឯកឧត្តម សួង ណយ បានបញ្ជាក់ថា ម្ចាស់កសិដ្ឋាននិងសិប្បកម្មកែច្នៃត្រូវតែធ្វើផែនការអាជីវកម្មឱ្យបានច្បាស់លាស់ ដូចជាទីតាំង ការរៀបចំស្រះ ការជ្រើសរើសពូជ ព្រមទាំងការជ្រើសរើស និងការផ្គត់ផ្គង់ចំណី ការរៀបចំថែទាំបច្ចេកទេសរួម បញ្ហាហិរញ្ញវត្ថុ និងទីផ្សារព្រមទាំងបញ្ហារួមផ្សំផ្សេងៗជាច្រើនទៀត។ លើសពីនេះទៀត គឺត្រូវមានសង្វាក់ផលិតកម្មរឹងមាំដែលអាចផលិត និងផ្គត់ផ្គង់ចំណីត្រី សាច់ និងការកែច្នៃផលិតផលគ្រប់ប្រភេទដល់ដៃអ្នកប្រើប្រាស់បានគ្រប់ចំនួនប្រកបដោយបទដ្ឋានគុណភាព អនាម័យ ព្រមទាំងតម្លៃទីផ្សារ មានអត្ថប្រយោជន៍សម្រាប់ទ្រទ្រង់សុខភាព និងសុខុមាលភាពមនុស្សជាតិផងដែរ។

ឯកឧត្តមបណ្ឌិត បានណែនាំដល់កសិករអាចជ្រើសរើស និងផ្លាស់ប្ដូរការចិញ្ចឹមត្រីផ្សេងៗងាកមកការចិញ្ចឹម (ត្រីរ៉ស់) ដែលជាប្រភេទពូជត្រីសំបូរទីផ្សារ សំបូរចំណី ឆាប់ធំធាត់លឿន ហើយកសិករអាចទទួលបានអត្ថប្រយោជន៍ និងប្រាក់ចំណេញច្រើន។

ឯកឧត្តមបណ្ឌិត សួង ណយ រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី បានណែនាំដល់កសិករត្រូវចងក្រងគ្នាជាសហគមន៍ មានគំនិត និងការច្នៃប្រឌិតខ្ពស់ជាពិសេស គឺការជ្រើសរើសការផលិតចំណីដោយខ្លួនឯងជាចំណីដែលមានវត្ថុធាតុដើមងាយៗនៅក្នុងមូលដ្ឋាន ដូចជាដំឡុងមី ស្រូវ កន្ទក់ ចុងអង្ករ ដែលប្រើប្រាស់ដើមទុនតិចទទួលបាននូវចំណីប្រកបដោយប្រូតេអ៉ីនគុណភាពខ្ពស់ ហើយកាត់បន្ថយការចំណាយ និងទទួលបានប្រាក់ចំណេញច្រើន។
សូមបញ្ជាក់ថា ស្រុកស្ទោងមានអ្នកចិញ្ចឹមត្រីចំនួន ៣៦៨គ្រួសារ មានស្រះចំនួន១៤៥ ស្រះបែរចំនួន២៣៤ និងមានទីតាំងកែច្នៃចំនួន ៦១កន្លែង៕
ដោយ: ស៊ុម វណ្ណា





