សម្តេច ម៉ែន សំអន ប្រារព្ធពិធីបុណ្យទក្ខិណានុប្បទានដើម្បីឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធវីរកងទ័ពដែលបានពលីជីវិតក្នុងបុព្វហេតុជាតិ ការពារបូរណភាព
AKP ភ្នំពេញ ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥ – សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានរៀបចំពិធីបុណ្យទក្ខិណានុប្បទាន ដើម្បីជូនបុណ្យចំពោះវីរជនកងទ័ពខ្មែរគ្រប់លំដាប់ថ្នាក់ដែលកំពុងបំពេញបេសកកម្មនៅសមរភូមិ និងឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធវីរកងទ័ពដែលបានពលីជីវិតក្នុងបុព្វហេតុជាតិ ការពារបូរណភាពទឹកដី ក្នុងអំឡុងពេលនៃជម្លោះព្រំដែនកម្ពុជា-ថៃ និងឧទ្ទិសមហាកុសលថ្វាយចំពោះព្រះមហាវីរក្សត្រខ្មែរគ្រប់ជំនាន់។

ពិធីនេះដែរប្រារព្ធធ្វើថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៥ នៅឧបដ្ឋានសាលាវត្តរាជបូណ៌ ក្រុងសៀមរាប ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត គណអភិបាលអភិបាលខេត្ត អស់លោក លោកស្រី មន្ទីរអង្គភាព រួមទាំងព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទនិមន្តនិងអញ្ជើញចូលរួមជាច្រើនអង្គ/នាក់។
នៅក្នុងពិធីបុណ្យនោះដែរ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម ក៏បានមានថេរដីកាសម្ដែងនូវការសោកស្តាយរកអ្វីប្រៀបផ្ទឹមពុំបាន ចំពោះការបាត់បង់នូវវីរកងទ័ពកម្ពុជាដែលបានពលីជីវិតបូជាដើម្បីការពារព្រំដែនទឹកដី និងអធិបតេយ្យភាពជាតិខ្មែរ ប្រកបដោយភាពអង់អាចក្លាហានក្រៃលែង។ ការពលីជីវិតរបស់វីរកងទ័ពកម្ពុជាយើងគឺជាការលះបង់ដ៏ធំធេង និងមានគុណបំណាច់មិនអាចកាត់ថ្លៃបានចំពោះជាតិកម្ពុជាទាំងមូល ដែលយើងត្រូវតែគោរព និងផ្តល់តម្លៃជាវីរៈបុរសពិតរបស់ជាតិ ប្រកបដោយកិត្តិយសជាអមតៈសម្រាប់ប្រវត្តិសាស្ត្រកម្ពុជា។

សម្តេចព្រះព្រហ្មរតនមុនី បានមានថេរដីកា បន្ថែមថា យើងពិតជាមានការសោកស្តាយយ៉ាងខ្លាំងចំពោះការបាត់បង់វីរកងទ័ព ពោរពេញដោយឆន្ទៈ មនសិការ ស្មារតីក្លាហាន និងសេចក្តីស្មោះត្រង់ចំពោះជាតិ ដែលពួកគាត់បានសុខចិត្តយកទ្រូងពាំងគ្រាប់រំសេវនិងអាវុធគ្រប់ប្រភេទ ប្តូរយកសុខសន្តិភាពជូនប្រជាជនកម្ពុជាទាំងមូល ដែលយើងអាចសម្រាន្តលក់ ហូបឆ្ងាញ់ ប្រកបដោយស្នាមញញឹម និងភាពកក់ក្តៅជាមួយក្រុមគ្រួសារ។

ក្នុងឱកាសនោះផងដែរសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានចូលរួមចំណែកជាមួយ ព្រះមន្ត្រីសង្ឃខេត្ត ព្រះ សង្ឃនិង ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត លោក លោកស្រីថ្នាក់នាំមន្ទីរអង្គភាពរួមនិង ពុទ្ធបរិស័ទ ទាំងអស់ ក៏បានសម្តែងការគោរពដឹងគុណជានិច្ចចំពោះពលីកម្មដ៏ធំធេងនេះ ហើយតាំងចិត្តចងចាំជានិច្ចនូវគំរូវីរភាពមិនអាចកាត់ថ្លៃបាននេះជារៀងរហូត និងសូមឧទ្ទិសផលបុណ្យទាំងឡាយជូនដល់វិញ្ញាណក្ខន្ធវីរកងទ័ពបានបដិសន្ធិជាខ្មែរឡើងវិញកុំបីខាន។
សម្តេចក៏បានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យនិងវត្ថុស័ក្តិសិទ្ធិ សូមអភិបាលរក្សានិងឃុំគ្រងវីរកងទ័ពកម្ពុជា យើងដែលកំពុងសម្រាកព្យាបាល ឱ្យឆាប់បានធូរស្បើយ និងសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិដូនតាខ្មែរ ជួយពាំងរាំងមុខកងទ័ពយើងឱ្យមានជោគជ័យនិងសុខសុវត្ថិភាពគ្រប់ពេលវេលា ។ នៅក្នុងពិធីបុណ្យទក្ខិណានុប្បទានដើម្បីជូនបុណ្យចំពោះវីរជនកងទ័ពខ្មែរគ្រប់លំដាប់ថ្នាក់ដែលកំពុងបំពេញបេសកកម្មនៅសមរភូមិ និងឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធវីរកងទ័ពដែលបានពលីជីវិតក្នុងបុព្វហេតុជាតិ ការពារបូរណភាពទឹកដី ក្នុងអំឡុងពេលនៃជម្លោះព្រំដែន កម្ពុជា-ថៃ និងឧទ្ទិសមហាកុសលថ្វាយចំពោះព្រះមហាវីរក្សត្រខ្មែរគ្រប់ជំនាន់នាពេលនោះដែរក៏មានការរៀបចំរាប់បាត្រព្រះចំនួន៥០០អង្គ ផងដែរ៕
ដោយ៖ សួស សំរិត





