រដ្ឋបាលខេត្តកណ្ដាល សូត្រមន្តកាន់បិណ្ឌវេនទី១ នៅវត្តប្រជុំនទី នៅក្រុងតាខ្មៅ
AKP កណ្តាល ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥ – រដ្ឋបាលខេត្តកណ្ដាល នៅរសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៥ បានរៀបចំពិធីសូត្រមន្តកាន់បិណ្ឌទី១ ព្រមទាំងបានធ្វើបទនមស្ការព្រះរតនត្រៃ សមាទានសីល និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត ប្រគេនទេយ្យវត្ថុដល់ព្រះសង្ឃ នៅវត្តប្រជុំនទី ហៅវត្តក្រពើហា ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្តាល ដោយមានការ អញ្ជើញចូលរួមពី ឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល និងលោកជំទាវ ឯកឧត្ដម លោកជុំទាវ សមាជិកក្រុមប្រឹក្សាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត ព្រមទាំងមន្ត្រីរាជការ និងប្រជាពុទ្ធបរិស័ទ ។

បន្ទាប់ពីធ្វើកិច្ចគោរពបូជា ផ្កា ទៀន ធូបចំពោះព្រះពុទ្ធរូបព្រះសម្មាសម្ពុទ្ធ និងនមស្ការ ព្រះរតនត្រ័យ ទៅតាមគន្លងព្រះធម៌ព្រះសម្មាសម្ពុទ្ធរួច ថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការ បានវេរប្រគេននូវទេយ្យវត្ថុដល់ព្រះសង្ឃ សម្រាប់ប្រើប្រាស់ទៅតាមពុទ្ធានុញ្ញាត្ត ព្រមទាំងបានឧទ្ទិសកុសលផលបុណ្យ ជូនឯកឧត្តម លោកជំទាវ លោកយាយ លោកតា ពុទ្ធបរិស័ទ មន្ត្រីរាជការ និងប្រជាពលរដ្ឋក្នុងខេត្តកណ្ដាលទាំងមូល សូមទទួលបាននូវមគ្គផល កុសលផលបុណ្យ តាមសទ្ធាជ្រះថ្លារៀងៗខ្លួន និងសូមជួបប្រកបតែនូវពុទ្ធពរ ទាំង៥ប្រការ គឺអាយុ វណ្ណ: សុខ: ពល: និង បដិភាណ: កុំបីឃ្លៀងឃ្លាតឡើយ។

បុណ្យភ្ជុំបិណ្ឌជាពិធីបុណ្យមួយដែលធំជាងគេនៅក្នុងចំណោមពិធីបុណ្យទាំងអស់ ហើយពិធីបុណ្យនេះមានរយៈពេល១៥ថ្ងៃដោយចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោចខែភទ្របទ ពិធីបុណ្យនេះត្រូវបានប្រជាពលរដ្ឋខ្មែរ ដែលកាន់ព្រះពុទ្ធសាសនាប្រារព្ធឡើងជារៀងរាល់ឆ្នាំ។

ក្នុងឱកាសនោះដែរ រដ្ឋបាលខេត្តកណ្ដាល បាននាំយកនូវទេយ្យទានប្រគេនដល់ព្រះសង្ឃនូវ អង្ករ ១ ០០០ គីឡូ ទឹកសុទ្ធ ២០ កេស ភេសជ្ជៈ ១០ កេស មី ២០ កេស ត្រីខ ១០ យួរ ទឹកត្រី ១០ យួរ ទឹកស៊ីអ៊ីវ ១០ យួរ តែ ៥ គីឡូ ទឹកដោះគោ ១ កេស, ស្ករស ១ បាវ និងបច្ច័យ ២០ លានរៀល ព្រមទាំងប្រគេនព្រះសង្ឃក្នុងវត្ត ចំនួន ២០៥អង្គ ក្នុង១អង្គ បច្ច័យ១០ម៉ឺនរៀល និងសាដក១ លោកតាអាចារ្យ ៧នាក់ ម្នាក់ៗ ថវិកា ១០ម៉ឺនរៀល និងលោកយាយ លោកតា គណៈកម្មាធិការវត្ត ៣៥នាក់ ម្នាក់ៗ ថវិការ ២ម៉ឺនរៀល ៕
ដោយ៖ ណយ នឿន (ប្រភព៖រដ្ឋបាលខេត្តកណ្តាល)





