ប្រធានាធិបតី ហ្វីលីពីន និងលោកជំទាវ អញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជាសម្រាប់ទស្សកិច្ចផ្លូវរដ្ឋរយៈពេលបីថ្ងៃ ពីថ្ងៃទី០៧ ដល់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥
AKP ភ្នំពេញ ថ្ងៃទី០៧ ខែកញ្ញ្ញា ឆ្នាំ២០២៥
ឯកឧត្តម Ferdinand Romualdez Marcos Jr. ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន និងលោកជំទាវ Louise Araneta-Marcos បានអញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជា ប្រកបដោយសុវត្ថិភាព តាមជើងយន្តហោះពិសេស នារសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៥ ដើម្បីបំពេញទស្សកិច្ចផ្លូវរដ្ឋរយៈពេលបីថ្ងៃ (ពីថ្ងៃទី០៧ ដល់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥) ដែលជាការតបតាមការអញ្ជើញរបស់ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជានោះ។

អញ្ជើញទទួលដំណើរមកដល់របស់គណៈប្រតិភូជាន់ខ្ពស់ នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ មានវត្តមាន ឯកឧត្ដម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេចរណ៍ និងឥស្សរជនសំខាន់ៗជាច្រើនរូបទៀត។
បើតាមការបញ្ជាក់របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានឱ្យដឹងថា ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តម Ferdinand Romualdez Marcos Jr. នឹងអញ្ជើញ ជួបជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ព្រមទាំងមានជំនួបពិភាក្សា ទ្វេភាគីជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព។ ឯកឧត្តម Marcos Jr. និងថ្នាក់ដឹកនាំកម្ពុជាទាំងពីររូប នឹងធ្វើការពិភាក្សាស៊ីជម្រៅ លើការពង្រឹងទំនាក់ទំនងដ៏កក់ក្តៅ និងពង្រីកកិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។

ភាគីទាំងពីរ នឹងផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាតំបន់ និងអន្តរជាតិនានាដែលជាចំណាប់ អារម្មណ៍រួម។ ឯកសារកិច្ចសហប្រតិបត្តិការទ្វេភាគីមួយចំនួន ក៏នឹងត្រូវបានចុះហត្ថលេខា ក្នុងដំណើរ ទស្សនកិច្ចនេះផងដែរ។

ជាមួយគ្នានេះ ឯកឧត្តមប្រធានាធិបតីហ្វីលីពីន នឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងនៅមណ្ឌបព្រះបរមរូប ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ «ព្រះបរមរតន កោដ្ឋ» អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមប្រធានាធិបតី Ferdinand Romualdez Marcos Jr. នឹងពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាព និងសាមគ្គីភាព ព្រមទាំងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងប្រទេស និងប្រជាជនទាំងពីរ៕
ដោយ៖ ជឹម ណារី





