លោក ជិន ស៊ីថា ដឹកនាំក្រុមការងារចម្រុះចុះប្រតិបត្តិការត្រួតពិនិត្យនិងបង្ក្រាបបទល្មើសនេសាទនៅឃុំពាមបាង
AKP កំពង់ធំ ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៥--
កាលពីចុងសប្តាហ៍ទី០១ ខែកញ្ញ ឆ្នាំ២០២៥លោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ ដឹកនាំក្រុមការងារចម្រុះរួមមាន÷ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ (យោធភូមិភាគទី៤) និងកម្លាំងចម្រុះទីបញ្ជាការស្រាលប្រចាំការឃុំ ពាមបាង ស្រុកស្ទោង បានចេញប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទ នៅចំណុចកោះធំ បាក់ដាវ កន្លុកសានក្រង និង មាត់ព្រែកពាមបាង ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។ ជាលទ្ធផលអនុវត្តបាន០១ ករណីដោយបានរុះរើ កាប់បំផ្លាញចោលឧបករណ៍នេសាទ ខុសច្បាប់នៅនឹងកន្លែងរួមមាន÷ របាំងសាច់អួនក្រឡាញឹកចំនួន ៥ របាំងប្រវែង១២០០ម៉ែត្រ ឡុកសាច់អួនចំនួន ១០គ្រឿង លូឬលបចំនួន១២មាត់ បង្គោលកូនឈើចំនួន៨០០ដើម និងបានលែងកូនត្រីចម្រុះចំនួន ១៥ គីឡូក្រាមចូលទន្លេវិញ។

នៅថ្ងៃជាមួយគ្នានេះដែរ លោក គន ចាន់សីហា នាយសង្កាត់រដ្ឋបាលជលផលស្ទោង សហការជាមួយកម្លាំងគណ:បញ្ជាការឯកភាពរដ្ឋបាលស្រុកស្ទោង ចុះប្រតិបត្តិការត្រួតពិនិត្យនិងបង្រ្កាបបទល្មើសជលផលនៅចំណុចត្រពាំងកោះ ភ្នំជីមូស ខ្សែក្លែងសណ្ដាន់ ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ។ ជាលទ្ធផលអនុវត្តបាន០១ករណីដោយបានរុះរើបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែងរួមមាន÷ របាំងស្បៃមុងចំនួន០៣របាំង ប្រវែង១៥០ម៉ែត្រ ឡុកចំនួន៣គ្រឿង លូឬលបចំនួន៣មាត់ បង្គោលចំនួន៤៥ដើម ចាក់លែងត្រីស្រស់ចម្រុះមួយចំនួនចូលទន្លេវិញ៕

ដោយ ស៊ុម វណ្ណា





