រដ្ឋមន្ត្រីក្រសួងអប់រំ៖ រាជរដ្ឋាភិបាលបានបង្កបរិយាកាសអំណោយផលឱ្យផ្នែកឯកជនចូលរួមវិនិយោគលើវិស័យអប់រំ ការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ
AKP ភ្នំពេញ ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៥--
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានបង្កបរិយាកាសអំណោយផលឱ្យផ្នែកឯកជនចូលរួមវិនិយោគលើវិស័យអប់រំ ការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីរួមចំណែកក្នុងការកសាងធនធានមនុស្សនៅកម្ពុជា ដែលវាបានឆ្លុះបញ្ចាំងពីការរីកចម្រើននៃវិស័យអប់រំនៅកម្ពុជាជាបន្តបន្ទាប់នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងអប់រំយ៉ាងដូច្នេះ ធ្វើឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសាលាអន្តរជាតិប្រូមស៍ហ្គ្រូវកម្ពុជា នៅរាជធានីភ្នំពេញ នាថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៥។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានបង្ហាញក្តីរីករាយចំពោះវត្តមានរបស់ សាលាអន្តរជាតិប្រូមស៍ហ្គ្រូវកម្ពុជា ដោយចាត់ទុកថានេះគឺជាសមិទ្ធផលថ្មីមួយទៀតរបស់វិស័យអប់រំ ដើម្បីរួមចំណែកក្នុងការកសាងធនធានមនុស្សនៅកម្ពុជា ក៏ដូចជាការពង្រឹងកិច្ចសហប្រតិបត្តិការអប់រំរវាងព្រះរាជាណាចក្រកម្ពុជា និងចក្រភពអង់គ្លេសផងដែរ ព្រោះសាលាអន្តរជាតិប្រូមស៍ហ្គ្រូវ គឺជាសាលាដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញនៅចក្រភពអង់គ្លេស និងជុំវិញពិភពលោក ដែលការបង្កើតសាលាដែលមានស្តង់ដាអន្តរជាតិបែបនេះនៅកម្ពុជា នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍធន ធានមនុស្សប្រកបដោយគុណភាពខ្ពស់ ស្របតាមទិសដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍមូលធនមនុស្ស ជាពិសេសអាចផ្តល់នូវជម្រើសដ៏ល្អសម្រាប់មាតាបិតា និងសិស្សានុសិស្ស ក្នុងការទទួលបានការអប់រំកម្រិតអន្តរជាតិ ដែលរួមបញ្ចូលទាំងចំណេះដឹង វិន័យ ឥរិយាបថល្អ និងបំណិនសតវត្សរ៍ទី២១។

ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជដ្ឋាភិបាលចក្រភពអង់គ្លេស ក៏ដូចជាស្ថានទូតចក្រភពអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលតែងយកចិត្តទុកដាក់ដល់ការរួមចំណែកអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា តាមរយៈការផ្តល់កម្មវិធីអាហារូបករណ៍ និងកម្មវិធីផ្លាស់ប្តូរការសិក្សាជាច្រើនទៀត៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





