វេទិកា Global South Media and Think Tank Forum 2025 ផ្តោតលើការផ្លាស់ប្តូរចំណេះដឹង AI ក្នុងវិស័យព័ត៌មាន និងការអភិរក្សវប្បធម៌
AKP គុនមីង ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៥ —
វេទិកាជាន់ខ្ពស់ នែប្រព័ន្ធផ្សព្វផ្សាយ និងធនាគារខួរក្បាល «ពិភពលោកខាងត្បូង» (Global South Media and Think Tank Forum 2025) ជាវេទិកាមួយដ៏សំខាន់ សម្រាប់ផ្លាស់ប្តូរចំណេះដឹង ការរាយការណ៍រួមគ្នា ជាពិសេសផ្តោតលើការកសាងសន្តិភាព បញ្ញាសិប្បនិម្មិត (AI) ក្នុងវិស័យព័ត៌មាន និងការអភិរក្សវប្បធម៌។

វេទិកានេះ មានការចូលរួមពីប្រតិភូជាង៥០០នាក់ តំណាងឱ្យ១១០ប្រទេស។ គណៈប្រតិភូកម្ពុជា ដែលដឹកនាំដោយ ឯកឧត្តម ឈាង លាង រដ្ឋលេខាធិការក្រសួងព័ត៌មាន ក៏បានចូលរួមជាមួយប្រទេសដទៃទៀត ដើម្បីបង្ហាញការគាំទ្រសម្រាប់កិច្ចសហប្រតិបត្តិការ ឱ្យកាន់តែទូលំទូលាយ។ ព្រឹត្តិការណ៍នេះ ផ្តោតលើការពង្រឹងសមត្ថភាពរបស់ ពិភពលោកខាងត្បូង ក្នុងការផ្សព្វផ្សាយពីខ្លួនឯង និងដោះស្រាយបញ្ហាប្រឈមរួម តាមរយៈការចែករំលែកព័ត៌មាន។

វេទិកាកម្រិតខ្ពស់នេះ សំដៅពង្រឹងតួនាទីរបស់ពិភពលោកខាងត្បូង ក្នុងការទំនាក់ទំនងសកល និងបង្ហាញពីការបង្កើតជាផ្លូវការ នៃបណ្តាញភាពជាដៃគូទំនាក់ទំនងរួមរបស់ ពិភពលោកខាងត្បូង ដែលភ្ជាប់បណ្តាញសារព័ត៌មានជាង ១០០០ស្ថាប័ន មកពី ៩៥ប្រទេស។

ឯកសារសំខាន់ៗ ដែលបានចេញផ្សាយនៅក្នុងវេទិកានេះ រួមមានការឯកភាពខេត្តយូណាន (Yunnan Consensus) ដែលជាការសន្យារួមគ្នាដើម្បីពង្រីកកិច្ចសហការប្រព័ន្ធផ្សព្វផ្សាយ និងរបាយការណ៍ដែលបង្ហាញពីការចូលរួមចំណែករបស់ប្រទេសចិនចំពោះកិច្ចសហប្រតិបត្តិការ ពិភពលោកខាងត្បូង ដោយផ្តល់នូវការអនុវត្តល្អបំផុតពីកិច្ចខិតខំប្រឹងប្រែងទំនាក់ទំនងសាធារណៈរបស់ខ្លួន។

វេទិការយៈពេលប្រាំថ្ងៃនេះ នឹងមានកិច្ចប្រជុំពេញអង្គ និងសិក្ខាសាលាស្តីពីប្រធានបទសំខាន់ៗដូចជា ការកសាងសន្តិភាព បញ្ញាសិប្បនិម្មិត (AI) ក្នុងវិស័យសារព័ត៌មាន និងការអភិរក្សវប្បធម៌។

សូមបញ្ជាក់ថា វេទិកា Global South Media and Think Tank 2025 នេះ គឺជាវេទិកាលើកទី២ ខណៈដែរវេទិកាលើកទី១ ត្រូវបានរៀបចំនៅទីក្រុងសៅប៉ូឡូ ប្រទេសប្រេស៊ីល កាលពីឆ្នាំ២០២៤៕
ដោយ នីកា





