រដ្ឋមន្ត្រីក្រសួងអប់រំគូសបញ្ជាក់ពីសារៈសំខាន់នៃការពង្រីកការផ្តល់សេវាអប់រំមធ្យមសិក្សា
AKP បន្ទាយមានជ័យ ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៥--
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានគូសបញ្ជាក់ពីសារៈសំខាន់នៃការពង្រីកការផ្តល់សេវាអប់រំមធ្យមសិក្សា ដែលមានគោលដៅបង្កើនការចូលរៀននៅមធ្យមសិក្សាទុតិយភូមិ និងបង្កើនអត្រាបញ្ចប់ការសិក្សានៅមធ្យមសិក្សាទុតិយភូមិ ព្រមទាំងផ្តល់ដល់យុវជនកម្ពុជានូវចំណេះដឹងមុខវិជ្ជា ជំនាញ និងសមត្ថភាពសតវត្សរ៍ទី២១ ដោយផ្អែកលើគោលនយោបាយ និងសមិទ្ធផលការងារ១០ឆ្នាំកន្លងមក យុទ្ធសាស្ត្រកម្ពុជាឆ្នាំ២០៣០ ផែនការយុទ្ធសាស្ត្រវិស័យអប់រំឆ្នាំ២០២៤-២០២៨ ផែនទីបង្ហាញផ្លូវ និងការអប់រំមធ្យមសិក្សាឆ្នាំ២០៣០។ ការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងអប់រំយ៉ាងដូច្នេះ ធ្វើឡើងក្នុងកិច្ចប្រជុំស្តីពីការពិនិត្យ និងកែលម្អឯកសារយុទ្ធសាស្រ្តពង្រីកសេវាការអប់រំមធ្យមសិក្សាឆ្នាំ២០៣០ កាលពីរសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានណែនាំឱ្យក្រុមការងារចុះទៅពិនិត្យជាក់ស្តែងដល់តំបន់ត្រូវពង្រីកការផ្តល់សេវាអប់រំមធ្យមសិក្សា និងរៀបចំបង្កើតជានិយាមព្យាករណ៍អត្រាកំណើនសិស្ស និងព្យាករណ៍តម្រូវការគ្រូ ដោយសូមឱ្យធ្វើផែនការផ្អែកលើគំរូនៃការអនុវត្តជាក់ស្តែងនៅសាលារៀនបច្ចុប្បន្ន និងរៀបចំបញ្ជីតម្រូវការធនធានសម្រាប់ពង្រីកមធ្យមសិក្សា ខណៈដែលក្រសួងគ្រោងនឹងអនុវត្តសាកល្បងនូវយុទ្ធសាស្ត្រប្រែក្លាយសាលារៀនបឋមសិក្សាទៅអនុវិទ្យាល័យ និងប្រែអនុវិទ្យាល័យទៅជាវិទ្យាល័យនៅសាលាគំរូមួយចំនួន ដើម្បីស្វែងយល់ និងបន្តកែលម្អយុទ្ធសាស្ត្រនេះឱ្យកាន់តែល្អប្រសើរ។

ដើម្បីបង្កើនអត្រាចូលរៀនឱ្យមាននិរន្តរភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានដាក់ចេញនូវវិធានការចំនួន៦ គឺ៖ ១. វិនិយោគបន្ថែមលើការសាងសង់អគារ និងការជ្រើសរើសគ្រូបន្ថែម ២. បង្កើនប្រសិទ្ធភាពនៃការអប់រំ ដោយត្រូវដោះស្រាយបញ្ហាផ្សេងៗពាក់ព័ន្ធនឹងការបោះបង់ និងអត្រាគ្រោះថ្នាក់ ៣. ការពង្រឹងអភិបាលកិច្ចសាលារៀន និងកំណែទម្រង់សាលារៀនតាមរយៈការអនុវត្តស្តង់ដាសាលារៀនគំរូ ៤. ការពង្រឹងគុណភាពបង្រៀន តាមយៈការកែលម្អជាប្រចាំនូវគុណភាពនៃការបណ្ដុះបណ្ដាលគ្រូ ជាពិសេសធ្វើកំណែទម្រង់សាលាគរុកោសល្យ ៥. ការបង្កើនម៉ោងសិក្សា ការផ្តល់ការគាំទ្រដល់សិស្សដែលមានតម្រូវការដូចជាការផ្តល់អាហារូបករណ៍ អាហារូបត្ថម្ភ វិនិយោគលើកុមារតូច បឋមសិក្សា និងវិនិយោគលើសុខភាពសិក្សា និង ៦. ការលើកទឹកចិត្តឱ្យមាតាបិតាចូលរួម និងគាំទ្រដល់ការសិក្សារបស់សិស្ស៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





