គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាលបើកកិច្ចប្រជុំវិសាមញ្ញលើកទី៣
AKP កណ្ដាល ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៥--
គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាលបានបើកកិច្ចប្រជុំវិសាមញ្ញលើកទី៣ ស្ដីពីការងាររៀបចំជ្រើសរើសមន្ត្រីមួយចំនួនបំពេញសមាសភាពគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាក្រុង ស្រុក ចំនួន៣ រួមមាន អនុសាខាកាកបាទក្រហមកម្ពុជាក្រុងតាខ្មៅ អនុសាខាកាកបាទក្រហមកម្ពុជាស្រុកពញាឮ និងអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកៀនស្វាយ នៅសាលប្រជុំទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្ត កាលពីរសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល និងជាអភិបាលខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអនុប្រធានអចិន្ត្រៃយ៍ លោកជំទាវហេរញ្ញិកសាខា លោក លោកស្រីសមាជិក សមាជិកាគណៈកម្មាធិការសាខា ព្រមទាំងនាយក នាយករង នាយិការង និងមន្ត្រីក្រុមប្រតិបត្តិសាខា។

មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម គួច ចំរើន បានកោតសរសើរដល់សមាជិក សមាជិកាគណៈកម្មាធិការសាខា ដែលបានខិតខំយកចិត្តទុកដាក់ក្នុងការបំពេញការងារមនុស្សធម៌នាពេលកន្លងមកបានយ៉ាងល្អប្រសើរ ពិសេសបានផ្ដល់នូវជំនួយសង្គ្រោះជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះធម្មជាតិ អគ្គិភ័យឆាបឆេះផ្ទះ ចាស់ជរាគ្មានទីពឹង និងជនក្រីក្រមានជំងឺរ៉ាំរ៉ៃ ពិសេសបានខិតខំកៀរគរនៅអំណោយមនុស្សធម៌ក្នុងការជួយឧបត្ថម្ភដល់ជនភៀសសឹក និងវីរកងទ័ពដែលកំពុងឈរជើងនៅតាមព្រំដែន ក្នុងការការពារបូរណភាពទឹកដី ពីការឈ្លានពានពីប្រទេសដទៃប្រកបដោយភាពអង់អាចក្លាហានបំផុត។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្តកណ្ដាលបានណែនាំដល់លោក លោកស្រីសមាជិក សមាជិកាគណៈកម្មាធិការសាខា ព្រមទាំងនាយក នាយករង នាយិការង និងមន្ត្រីក្រុមប្រតិបត្តិសាខាផងដែរ៕
ដោយ ណយ នឿន





