លោក អ៊ិត វុឌ្ឍី៖ ការកសាងមូលធនមនុស្សគឺយើងត្រូវចូលរួមទាំងអស់គ្នាទើបទទួលបានភាពរីកចម្រើន
AKP កំពង់ធំ ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៥--
លោក អ៊ិត វុឌ្ឍី អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ បានបញ្ជាក់ថា ការកសាងមូលធនមនុស្សគឺយើងត្រូវចូលរួមទាំងអស់គ្នាទើបទទួលបានភាពរីកចម្រើន ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦ និងប្រគល់សញ្ញាបត្របញ្ចប់ការសិក្សាគ្រប់កម្រិតប័ណ្ណសរសើរ និងរង្វាន់ដល់សិស្សពូកែចំណាត់ថ្នាក់លេខ១-៣ ប្រចាំឆ្នាំ២០២៤-២០២៥ របស់សាលារៀនអារីហ្សូនសាខាខេត្តកំពង់ធំ កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៥។

លោក អ៊ិត វុឌ្ឍី បានលើកឡើងថា វិស័យអប់រំបានយកចិត្តទុកដាក់ និងលើកទឹកចិត្តដល់ការបំពេញការងាររបស់បុគ្គលិកអប់រំការពង្រឹងបច្ចេទេស គរុកោសល្យ និងការធ្វើវិក្រឹត្យការគ្រូបង្រៀនជាពិសេសផ្តោតលើកម្មវិធីបង្រៀន និងរៀនដោយពង្រីកការប្រើប្រាស់ប្រព័ន្ធឌីជីថលតាមការរីកចម្រើនបច្ចេកវិទ្យា ការផ្លាស់ប្តូរបទពិសោធន៍ទាំងក្នុងតំបន់ និងក្រៅតំបន់ និងការជួយអន្តរាគមន៍ទាន់ពេលវេលា និងគ្រប់រូបភាពទាំងពង្រឹងការងារពិនិត្យតាមដាន និងវាយតម្លៃការងារនៅគ្រប់លំដាប់ថ្នាក់ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិទី៧។
លោកអនុប្រធានមន្ទីរបានបញ្ជាក់ថា ដើម្បីទទួលបានការអប់រំល្អត្រូវមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេស អាជ្ញាធរដែនដី សហគមន៍ លោកគ្រូ អ្នកគ្រូ មាតា បិតា អាណាព្យាបាលសិស្ស និងសិស្សក្នុងការបង្កើតបរិស្ថានរៀនសូត្រ ក្លឹបសិក្សា ប្រកបដោយសុខមាភាពទាំងផ្លូវកាយនិងផ្លូវចិត្តពោលគឺបន្សាំខ្លួនទៅនឹងបរិបទថ្មី។

លោក អ៊ិត វុឌ្ឍី បានកោតសរសើរដល់សិស្សានុសិស្សដែលបានខិតខំតស៊ូរៀនសូត្ររហូតថ្ងៃនេះ បានទទួលផ្លែផ្កាដ៏ល្អហើយជឿថាសិស្សានុសិស្សទាំងអស់នឹងយកចំណេះវិជ្ជាទាំងនេះបន្តការសិក្សារបស់ខ្លួន ដើម្បីជាចំណេះដឹងក្នុងការប្រកបការងារថ្ងៃខាងមុខ។ពេលយើងមានធនធានមនុស្សគ្រប់គ្រាន់ប្រទេសយើងក៏នឹងធ្វើការអភិវឌ្ឍបានកាន់តែលឿនផងដែរ។

ជាមួយគ្នានេះ លោកស្រី លឹម គន្ធា នាយិកាសាលារៀនអារីហ្សូនសាខាខេត្តកំពង់ធំបានឱ្យដឹងថា ឆ្នាំ២០២៥-២០២៦ មានសិស្សសរុប១០៥៣នាក់ស្មើនិង៤៩ថ្នាក់ក្នុងនោះថ្នាក់ចំណេះដឹងទូទៅភាសាខ្មែរពីថ្នាក់មត្តេយ្យដល់ទី១២ សិស្ស SC និងសិស្ស ELP & CLP។ ក្នុងនាមជាគណៈគ្រប់គ្រងខាសាខេត្តកំពង់ធំនិងសហការីប្តេជ្ញាចិត្តប្រឹងប្រែងទ្វេរដងឱ្យអស់ពីសមត្ថភាពក្នុងការបណ្តុះបណ្តាលធនធានមនុស្សដើម្បីអប់រំឱ្យកូនៗសិស្សានុសិស្សឱ្យក្លាយជាកូនល្អ សិស្សល្អ និងពលរដ្ឋល្អ ដែលជាសរសរទ្រូងរបស់ប្រទេសជាតិដ៌រឹងមាំនិងធ្វើឱ្យលោកលោកស្រីមាតាបិតាសិស្សកាន់តែមានទំនុកចិត្តដោយឆ្នាំសិក្សាថ្មីនេះសម្រាប់សិស្សទី១២ឱ្យបាន។ អ្វីដែលមាតាបិតាសិស្សចូលរួមមិនមែនតែថ្ងៃទទួលសញ្ញាបត្រនេះទេតែត្រូវចូលរួមគ្រប់សកម្មភាពរបស់សាលា ដូចជាភាពសហការខ្ពស់រាល់ទំនាក់ទំនងរបស់សាលាកម្មវិធីជំនួបអាណាព្យាបាល ការតាមដាន និងពិនិត្យមើលការសិក្សានៅផ្ទះដើម្បីដឹងពី ឥរិយាបថ អាកប្បកិរិយានិងការសិក្សារបស់កូនៗបានទាន់ពេល។ សម្រាប់ទិសដៅឆ្នាំសិក្សាថ្មីនេះសាលារៀនអារីហ្សូនសាខាខេត្តកំពង់ធំនឹងបន្តពង្រឹងនូវអភិបាលកិច្ច សាលារៀនល្អគឺគោរពឱ្យបាននូវគោលការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា គឺការគ្រប់គ្រងល្អ ការបង្រៀនល្អ និងការរៀនល្អដែលសិស្សានុសិស្សទាំងអស់ទទួលបាននូវចំណេះសម្បទា បំនិនសម្បទានិងចរិយាសម្បទា ស្របតាមសម័យកាលឌីជីថលឧស្សាហកម្មសតវត្សទី២១ រៀបចំនូវ Steam សម្រាប់សិស្សានុសិស្សដើម្បីឱ្យពួកគេអនុវត្ត ដែលស្របតាមទ្រឹស្ដីបានពោលថា"ទ្រឹស្តីផ្សាភ្ជាប់ទៅនិងការអនុវត្ត"៕
ដោយ ស៊ុម វណ្ណា





