វគ្គបណ្ដុះបណ្ដាលដល់មន្រ្តីកសិកម្មឃុំស្ដីពីការគ្រប់គ្រងគ្រោះមហន្តរាយក្នុងវិស័យកសិកម្មនៅខេត្តតាកែវ
AKP ភ្នំពេញ ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៥--
ឯកឧត្ដម តូច ប៊ុនហួរ និងឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញបើកវគ្គបណ្ដុះបណ្ដាលដល់មន្ត្រីកសិកម្មឃុំស្ដីពីការគ្រប់គ្រងគ្រោះមហន្តរាយក្នុងវិស័យកសិកម្មនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពីតំណាងរដ្ឋបាលខេត្ត តំណាងអង្គការស្បៀង និងកសិកម្មសហប្រជាជាតិ (FAO) និងផ្នែកពាក់ព័ន្ធសរុបប្រមាណ១០០នាក់។

វគ្គបណ្ដុះបណ្ដាលនេះ រៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពដល់មន្ត្រីកសិកម្មឃុំលើការតាមដាន ប្រមូលទិន្នន័យ និងរាយការណ៍ពីគ្រោះមហន្តរាយនៅក្នុងឃុំគោលដៅ ជាពិសេសគឺផ្ដោតលើការ កសាងសមត្ថភាពលើការគាំទ្រដល់កសិករក្នុងការត្រៀមបង្ការ និងបន្ធូរបន្ថយគ្រោះមហន្តរាយលើវិស័យកសិកម្ម ដោយក្នុងឱកាសនេះ ឯកឧត្តមរដ្ឋលេខាធិការបានណែនាំដល់មន្រ្តីកសិកម្មឃុំឱ្យយកចិត្តទុកដាក់តាមដានជាប្រចាំនូវសភាពការណ៍នានាពាក់ព័ន្ធនឹងគ្រោះមហន្តរាយ ទឹកជំនន់ រាំងស្ងួត ជំងឺសត្វ សត្វល្អិតបំផ្លាញដំណាំ និងតម្លៃកសិផល។ល។ ដើម្បីរាយការណ៍ឱ្យបានទាន់ពេលវេលា សំដៅពង្រឹងអន្តរាគមន៍នានាដែលចាំបាច់ឱ្យកាន់តែមានប្រសិទ្ធផល និងប្រសិទ្ធភាពខ្ពស់។ ជាមួយគ្នានេះ ឯកឧត្ដមរដ្ឋលេខាធិការបានសង្កត់ធ្ងន់លើតួនាទីរបស់មន្រ្តីកសិកម្មឃុំ ក្នុងការរាយការណ៍បញ្ហាប្រឈមនានាក្នុងមូលដ្ឋាន និងការចងក្រងទិន្នន័យកសិកម្មឱ្យបានជាក់លាក់។

សូមជម្រាបជូនថា វគ្គបណ្ដុះបណ្ដាលស្ដីពីការគ្រប់គ្រងគ្រោះមហន្តរាយក្នុងវិស័យកសិកម្មនេះទទួលបានការសហការឧបត្ថម្ភពីអង្គការស្បៀង និងកសិកម្មសហប្រជាជាតិ (FAO) ដែលគ្រោងនឹងរៀបចំឡើងសម្រាប់មន្រ្តីកសិកម្មទូទាំងប្រទេសចំនួន១២២៨រូប ក្នុង២៤ខេត្ត៕
ដោយ៖ ចាន់ សុភឿន ប្រភព៖ ក្រសួងកសិកម្ម





