មន្ទីរបរិស្ថានប្រជុំផ្សព្វផ្សាយស្តីពីក្រមបរិស្ថាន និងការអនុវត្តច្បាប់ក្នុងតំបន់ការពារធម្មជាតិព្រមទាំងការគ្រប់គ្រងសហគមន៍នៃតំបន់ការពារធម្មជាតិនៅស្រុកភ្នំស្រួច
AKP កំពង់ស្ពឺ ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៥-- មន្រ្តីនៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ដឹកនាំដោយលោក ច័ន្ទថេត ថានរៈ ប្រធានមន្ទីរ សហការជាមួយរដ្ឋបាលស្រុកភ្នំស្រួច រដ្ឋបាលឃុំយាយម៉ៅពេជនិល រដ្ឋបាលឃុំចំបក់ និងអង្កការសម្ព័ន្ធមិត្តសត្វព្រៃកម្ពុជា មេភូមិពាក់ព័ន្ធ សហគមន៍តំបន់ការពារធម្មជាតិ បានបើកកិច្ចប្រជុំផ្សព្វផ្សាយស្តីពីក្រមបរិស្ថាន និងការអនុវត្តច្បាប់ស្តីពីតំបន់ការពារធម្មជាតិ និងនីតិវិធីនៃការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិ បញ្ហាប្រឈម និងដំណោះស្រាយ កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥។

លោក ច័ន្ទថេត ថានរៈ បានមានប្រសាសន៍ថា ការរៀបចំកិច្ចប្រជុំនេះឡើងក្នុងគោលបំណង ដើម្បីពង្រឹងសមត្ថភាពជូនដល់មន្រ្ដីរដ្ឋបាលឃុំ សង្កាត់ សហគមន៍អំពីការរៀបចំផែនការអប់រំផ្សព្វផ្សាយ និងការគ្រប់គ្រងបរិស្ថានទៅក្នុងកម្មវិធីអភិវឌ្ឍន៍ភូមិ ឃុំ សង្កាត់ ស្រុក ក្រុង ក៏ដូចជាសាលារៀន មន្ទីរពេទ្យ វត្ដអារាម ដោយអនុលោមតាមមាត្រា៧៤៤នៃក្រមបរិស្ថាន និងធនធានធម្មជាតិ និង«ការបញ្រ្ជាបយុទ្ធសាស្រ្ដចក្រាវិស័យបរិស្ថាន២០២៣-២០២៨ ទៅក្នុងផែនការអភិវឌ្ឍន៍ឃុំ សង្កាត់។


លោកប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺបានបន្តទៀតថាគោលបំណងទី២ គឹការពង្រឹងសមត្ថភាពរបស់អាជ្ញាធរមូលដ្ឋាន និងសហគមន៍នៅថ្នាក់ក្រោមជាតិឱ្យមានចំណេះដឹង និងជំនាញក្នុងការបញ្ជ្រាបកិច្ចការបរិស្ថានទៅក្នុងផែនការអភិវឌ្ឍន៍ឃុំ សង្កាត់ និងសហគមន៍គឺជាកត្តាចាំបាច់បំផុត និងជាការបញ្ចូលការគិតគូរពីបរិស្ថានទៅក្នុងរាល់គម្រោងអភិវឌ្ឍន៍ទាំងអស់ ក្នុងការធានាថា បញ្ហាបរិស្ថានត្រូវតែគិតគូរយ៉ាងដិតដល់ ដោយរាប់ចាប់តាំងពីដំណាក់កាលរៀបចំផែនការជាស្រេច ដើម្បីចៀសវាងផលប៉ះពាល់អវិជ្ជមានដល់សុខុមាលភាពប្រជាពលរដ្ឋទូទៅ មានការខាតបង់ធនធាន និងធានាបាននូវនិរន្តរភាពនៃការអភិវឌ្ឍ៕

ដោយ លឹម សាន្ត





