ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ដឹកនាំកិច្ចប្រជុំពិភាក្សាលើការគ្រប់គ្រង និងការបោះពុម្ពទិដ្ឋាការស្អិត សម្រាប់ប្រើប្រាស់ឆ្នាំ ២០២៥ និងការផ្តល់ទិដ្ឋាការអេឡិចត្រូនិក (e-Visa)
AKP ភ្នំពេញ ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៥-- ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការគ្រប់គ្រង និង ការបោះពុម្ពទិដ្ឋាការស្អិត សម្រាប់ប្រើប្រាស់ឆ្នាំ ២០២៥ ព្រមទាំងដំណើរការនៃការផ្តល់ទិដ្ឋាការអេឡិចត្រូនិក (e-Visa)។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅកាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ ២០២៥ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ តំណាងក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ និង តំណាងក្រុមហ៊ុនបោះពុម្ព។


អង្គប្រជុំបានពិនិត្យពិភាក្សាលើតម្រូវការបោះពុម្ពទិដ្ឋាការស្អិត សម្រាប់ប្រើប្រាស់ឆ្នាំ២០២៥ ព្រមទាំងដំណើរការនៃការផ្តល់ទិដ្ឋាការអេឡិចត្រូនិក (e-Visa) ការបន្តការងារផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ ក្នុងការបំពេញសលាកបត្រចូលក្នុងព្រះរាជាណាចក្រកម្ពុជា (តាមប្រព័ន្ធ Cambodia e-Arrival) រួមទាំងការបោះពុម្ពទិន្នន័យ និងQR Code សម្រាប់ការបិទលើលិខិតឆ្លងដែន សំដៅឆ្លើយតបទៅនឹងតម្រូវការចាំបាច់នៃអង្គភាពប្រើប្រាស់ ជាមួយនឹងការគ្រប់គ្រង ប្រកបដោយភាពរលូន និងប្រសិទ្ធភាព។


តាមរយៈការពិនិត្យពិភាក្សា និងការចូលរួមផ្តល់មតិយោបល់យ៉ាងផុលផុស ឯកឧត្តមបណ្ឌិតសភាចារ្យ ប្រធានអង្គប្រជុំ បានណែនាំឱ្យមានការពិនិត្យពិភាក្សាកម្រិតបច្ចេកទេស ដោយមានការចូលរួមពីតំណាងក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ និង តំណាងក្រុមហ៊ុនបោះពុម្ព ដើម្បីធ្វើការសិក្សាស៊ីជម្រៅទៅលើតម្រូវការ និងទម្រង់នៃទិដ្ឋាការស្អិត ដើម្បីគោរពរាយការណ៍ជូនថ្នាក់ដឹកនាំ ពិនិត្យ និងសម្រេច៕

ដោយ ទូច វលក័្ខណ (ប្រភព៖ ក្រសួងសេដ្ឋកិច្ច)





