ការកំណត់ និងការអនុវត្តការប្រើប្រាស់ល្បឿនអតិបរមាត្រឹម ៣០ គ.ម/ម៉ នៅតំបន់សាលារៀនជាវិធានការចាំបាច់ និងបន្ទាន់ដើម្បីបង្ការ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
AKP សៀមរាប ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៥-- អង្គការមូលនិធិបង្ការរបួសអាស៊ីប្រារព្ធពិធីប្រកាសដាក់ឱ្យប្រើប្រាស់ “បរិក្ខារសុវត្ថិភាពចរាចរណ៍នៅតំបន់ជុំវិញវិទ្យាល័យ ហ៊ុន សែន ប្រាសាទបាគង និងសម្ភារៈផ្សព្វផ្សាយអប់រំនានាក្នុងបរិវេណ វិទ្យាល័យគោលដៅ” នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៥។ ពិធីនេះជាផ្នែកដ៏សំខាន់មួយនៃកម្មវិធី “វិធានការសុវត្ថិភាពចរាចរណ៍” ជំហានទី២ ដែលបានទទួលការគាំទ្រពីមូលនិធិក្រុមហ៊ុនព្រូដិនសល។ ដើម្បីបង្កើនការយល់ដឹង និងបំណិនរបស់សិស្សានុសិស្ស និងអ្នកពាក់ព័ន្ធអំពីសុវត្ថិភាពចរាចរណ៍ ជាពិសេសអំពីការដើរឆ្លងផ្លូវដោយសុវត្ថិភាព ល្បឿនកំណត់ក្នុងការបើកបរនៅតំបន់សាលារៀន ព្រមទាំងអំពីបរិក្ខារចាំបាច់ដែលត្រូវបំពាក់នៅតាមតំបន់សាលារៀន សំដៅបង្ការ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលសិស្សានុសិស្សកំពុងប្រឈមជារៀងរាល់ថ្ងៃ។

លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំកម្ពុជា បានថ្លែងថា សិស្សានុសិស្សគ្រប់គ្នាមិនសុទ្ធតែទទួលបាននូវការធ្វើដំណើរទៅ សាលារៀនប្រកបដោយសុវត្ថិភាពដូចៗគ្នានោះទេ។ ការផ្លាស់ទីដោយសុវត្ថិភាព និងការធ្វើដំណើរទៅមកសាលារៀន ប្រកបដោយភាពងាយស្រួលគឺជា ចំណុចគោលដ៏សំខាន់សម្រាប់មនុស្សគ្រប់គ្នាក្នុងការទទួលបាននូវការអប់រំ។ បច្ចុប្បន្នយុវជនរបស់យើង នៅតែប្រឈមនឹងគ្រោះថ្នាក់នៅលើដង ផ្លូវជារៀងរាល់ថ្ងៃ។ ការបាត់បង់នូវយុវជនវ័យក្មេង ឬសិស្ស-និស្សិតម្នាក់ វាមិនត្រឹមបង្កជាការទុក្ខលំបាកក្នុងរង្វង់ក្រុមគ្រួសារ សាច់ញាតិប៉ុណ្ណោះទេ តែក៏បានបង្កជាបញ្ហាលំបាក និងការបាត់បង់ដល់សង្គមជាតិទាំងមូលទៀតផង។ ប្រមាណជិតពាក់កណ្តាល (៤៨%) នៃអ្នកស្លាប់បាត់បង់ជីវិតនៅលើដងផ្លូវនៅកម្ពុជា មានអាយុចន្លោះពី៥ឆ្នាំ ទៅ២៩ឆ្នាំ។ ជាមួយគ្នានេះ ១២% នៃអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅក្នុង ប្រទេសកម្ពុជាកាលពីឆ្នាំ២០២២ គឺជាសិស្ស-និស្សិត ហើយជាងពាក់កណ្តាលនៃជនរងគ្រោះគឺជាសិស្សានុសិស្សកម្រិតមធ្យមសិក្សាបឋមភូមិ និងទុតិយភូមិ។ ដូច្នេះ ការកំណត់ និងការអនុវត្តការប្រើប្រាស់ល្បឿនអតិបរមាត្រឹម ៣០ គ.ម/ម៉ នៅតំបន់សាលារៀននៅទូទាំងប្រទេស គឺជាវិធានការចាំបាច់ និងបន្ទាន់។

លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានមានប្រសាសន៍ថា ការបំពាក់បរិក្ខាសុវត្ថិភាពចរាចរណ៍នៅតំបន់ជុំវិញវិទ្យាល័យនេះគឺមានគោលបំណងដើម្បីពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ជាពិសេសិស្សានុសិស្សឱ្យមានការប្រុងប្រយ័ត្ន នៅពេលធ្វើដំណើរតាមដងផ្លូវ និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន ដើម្បីចៀសវាងឱ្យបាននូវគ្រោះថ្នាក់ចរាចរណ៍ ដែលអាចកើតមានឡើងជាយថាហេតុ និងដើម្បីចូលរួមលើកកម្ពស់សុវត្ថិភាពចរាចរណ៍ ដើម្បីធ្វើការកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវនានា ខណៈបញ្ហានេះបាន និង កំពុងក្លាយទៅជាប្រធានបទមួយយ៉ាងសំខាន់សម្រាប់ប្រទេសកម្ពុជា ដែលត្រូវទាមទារឱ្យមានការចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានគ្រប់គ្នាផងដែរ។


សូមជម្រាបថានៅខេត្តសៀមរាប អង្គការមូលនិធិបង្ការរបួសអាស៊ីបានអនុវត្តកម្មវិធី "វិធានការសុវត្ថិភាពចរាចរណ៍” ជំហានទី២ នៅវិទ្យាល័យចំនួន២ ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ គឺវិទ្យាល័យកំពង់ក្តី ក្នុងស្រុកជីក្រែង និងវិទ្យាល័យហ៊ុនសែន ប្រាសាទបាគង៕
ដោយ ឃុត សៅ





