កសិដ្ឋានគិរីសួគ៌កំពុងបង្កើនការផលិតឆ្លើយតបទៅនឹងសន្ទុះនៃការគាំទ្ររបស់ពលរដ្ឋខ្មែរ
AKP ភ្នំពេញ ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៥-- ប្រជាពលរដ្ឋខ្មែរបច្ចុប្បន្នបានងាកមកគាំទ្រដល់ផលិតផលក្នុងស្រុកកាន់តែខ្លាំងនៅទូទាំងប្រទេស បន្ទាប់ពីមានជម្លោះនៅតាមព្រំដែនរវាងប្រទេសកម្ពុជានិងថៃកន្លងមក ធ្វើឱ្យប្រជាពលរដ្ឋខ្មែរងាកមកគាំទ្រផលិតផលក្នុងស្រុកយ៉ាងផុសផុល។ ដើម្បីឆ្លើយតបទៅនឹងសន្ទុះនៃតម្រូវការនេះ កសិដ្ឋានគិរីសួគ៌កំពុងបង្កើនការផលិតរបស់ខ្លួនផ្គត់ផ្គង់ក្នុងទីផ្សារឱ្យបាន៥០%នៃទីផ្សារក្នុងស្រុក។

លោក ឈរ រិទ្ធី នាយកប្រតិបត្តិក្រុមហ៊ុន Khmer Fresh Milk Co., Ltd. និងជាប្រតិបត្តិករកសិដ្ឋានគិរីសួគ៌ បានឪ្យដឹងថា កសិដ្ឋានគិរីសួគ៌ជាកសិដ្ឋានចិញ្ចឹមគោយកទឹកដោះធំជាងគេនៅកម្ពុជា ហើយបានដំណើរការផលិតទឹកដោះគោស្រស់មានរយៈពេលជាង៥ឆ្នាំមកហើយ ដោយកសិដ្ឋានមានសមត្ថភាព អាចផលិតបានជាមធ្យមប្រមាណ ១៣,០០០លីត្រ ក្នុង១ថ្ងៃ ស្មើនឹង ២០%នៃទីផ្សារកម្ពុជា។ បើតាមលោក រិទ្ធី ក្រុមហ៊ុន Khmer Fresh Milk Co., Ltd. មានផែនការច្បាស់លាស់ក្នុងការពង្រីកសង្វាក់ផលិតកម្ម ដោយមានមហិច្ឆតាក្នុងរយៈពេល៥ឆ្នាំទៅមុខត្រូវគ្រប់គ្រងផ្គត់ផ្គង់ឱ្យបាន៥០%នៃទីផ្សារសរុបក្នុងប្រទេសកម្ពុជា ដែលផែនការប្រាំឆ្នាំនេះគឺទាមទារការពង្រីកខ្លួន និងទាមទារការគាំទ្រ លើកទឹកចិត្តពីបងប្អូនប្រជាពលរដ្ឋខ្មែរជាអតិថិជនស្ថិតនៅជារៀងរហូត ហើយកសិដ្ឋានក៏ធានាថានឹងយាយាមរក្សាតម្លៃឱ្យដូចនៅទីផ្សារជាមួយទីផ្សាររាល់ថ្ងៃ ហើយយើងត្រូវទុកចិត្តថា ផលិតផលរបស់យើងជាផលិតដែលមានគុណភាពផ្តល់អាហាររូបត្ថមមានសរធាតុចិញ្ចឹមយ៉ាងច្រើនសម្រាប់ប្រជាជនកម្ពុជាយើង និងមិនប៉ះពាល់សុខភាព។

នាយកប្រតិបត្តិក្រុមហ៊នរូបនេះបានបញ្ជាក់ថា សព្វថ្ងៃនេះ កសិដ្ឋានមានគោប្រមាណជាង១០០០ក្បាល ហើយអាចផលិតទឹកដោះគោបាន១២០០០លីត្រ ទៅ១៣០០០លីត្រ ក្នុងមួយថ្ងៃ។ កសិដ្ឋានមានផលិតផលទឹកដោះគោគិរីសួគ៌នៅលើទីផ្សារដូចជា ទឹកដោះគោស្រស់ទឹកដោះគោស្រស់គ្មានជាតិខ្លាញ់ ទឹកដោះគោស្រស់ Full Cream ទឹកដោះគោស្រស់ Barista ទឹកដោះគោរសជាតិស្រ្តបឺរី ទឹកដោះគោរសជាតិសូកូឡា ទឹកដោះគោរសជាតិវ៉ានីឡា យ៉ាអួររសជាតិដើម យ៉ាអួររសជាតិស្រ្តបឺរី យ៉ាអួររសជាតិវ៉ានីឡានិងប័រសាប ជាដើម។


សូមបញ្ជាក់ថា កសិដ្ឋានគិរីសួគ៌ ស្ថិតនៅភូមិឪភាសាំង ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ មានផ្ទៃដី៣០០ហិកតា ត្រូវបានចែកជា៣ផ្នែក៖ ទី១. ផ្នែកដាំដុះ ដែលក្នុងនោះផ្ទៃដី២០០ ហិកតា សម្រាប់ដាំចំណីរបស់គោ។ ទី២. ផ្នែកចិញ្ចឹមគោ ដែលគោទាំងនោះជាពូជគោផលិតទឹកដោះលេខ១លើពិភពលោក (Holstein) ដែលនាំចូលពីប្រទេសអូស្ត្រាលី អនុវត្តតាមស្តង់ដារបច្ចេកទេសរបស់ប្រទេសអ៊ីស្រាអែល មានទាំងការដាំដុះ និងកែច្នៃស្មៅ ការចិញ្ចឹមនិងថែទាំគោ និងការកែច្នៃទៅជាទឹកដោះគោស្រស់តាមបច្ចេកវិទ្យាទំនើប មិនប៉ះពាល់នឹងដៃ ជាពិសេសគោរពតាមបទដ្ឋានអន្តរជាតិខ្ពស់បំផុត (GMP/HACCP)សម្រាប់ដាក់លក់ទៅលើទីផ្សារទូទាំងប្រទេសកម្ពុជា និងទី៣. ជាផ្នែករោងចក្រកែច្នៃ៕
ដោយ ទូច វលក័្ខណ





