អង្គការ CI បណ្តុះបណ្តាលការគ្រប់គ្រងតំបន់ការពារធម្មជាតិឧទ្យានជាតិវើនសៃ-សៀមប៉ាង
AKP ភ្នំពេញ ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៥-- ដើម្បីជំរុញការគ្រប់គ្រង ការពារ និងអភិរក្សតំបន់ការពារធម្មជាតិឱ្យកាន់តែមានប្រសិទ្ធភាព អង្គការអភិរក្សអន្តរជាតិ កម្ពុជា (អង្គការ CI) សហការជាមួយក្រសួងបរិស្ថាន គាំទ្រដោយក្រុមហ៊ុនគ្លូប៊ល ហ្រ្គីន នែតជ្រលរា (GGN) រៀបចំវគ្គបណ្តុះបណ្តាលតម្រង់ទិស ការគ្រប់គ្រងតំបន់ការពារធម្មជាតិ ការប្រតិបត្តិរបស់មន្រ្តីអនុវត្តច្បាប់ និងនីត្យានុកូលភាពក្នុងការកសាងសំណុំរឿងបទល្មើសធនធានធម្មជាតិនៃក្រមបរិស្ថាននិងធនធានធម្មជាតិសម្រាប់ឧទ្យានជាតិវើនសៃ-សៀមប៉ាង ភូមិសាស្ត្រខេត្តរតនគិរី និងស្ទឹងត្រែង កាលពីថ្ងៃទី០២ និងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥។

វគ្គបណ្តុះបណ្តាលនេះធ្វើឡើងក្នុងគោលបំណងបង្កើនសមត្ថភាពដល់មន្ត្រីមន្ទីរបរិស្ថាន និងមន្ត្រីឧទ្យានុរក្សក្នុងការអនុវត្តច្បាប់ឱ្យកាន់តែមានប្រសិទ្ធភាពស្របតាមច្បាប់នៃក្រមបរិស្ថាន និងធនធានធម្មជាតិ អនុលោមតាមគោលការណ៍សិទ្ធមនុស្ស និងផ្សព្វផ្សាយដល់អាជ្ញាធរមូលដ្ឋាន កងកម្លាំងពាក់ព័ន្ធនិងសហគមន៍មូលដ្ឋាន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងកិច្ចការពារ និងអភិរក្សនៅក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង។


វគ្គនេះមានអ្នកចូលរួមសរុបចំនួន ៩៣នាក់ ស្ត្រី ៥នាក់ រួមមានតំណាងក្រសួងបរិស្ថាន និងមន្ត្រីឧទ្យានុរក្សទាំង ២ខេត្ត អាជ្ញាធរមូលដ្ឋាន សហគមន៍តំបន់ការពារធម្មជាតិ។ ជាចំណុចសំខាន់ក្នុងវគ្គនេះដែរ អាជ្ញាធរខេត្តទាំងពីរបានជំរុញឱ្យមន្ត្រីអនុវត្តច្បាប់ សហគមន៍ ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់ចូលរួមសហការគ្នាដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិឱ្យកាន់តែមានប្រសិទ្ធភាពនៅក្នុងតំបន់ការពារទាំងអស់ក្នុងខេត្តទាំងពីរ៕
ដោយ ណយ នឿន (ប្រភព៖ CI)





