ឯកឧត្តម សុខ លូ ជួបពិភាក្សាការងារជាមួយអង្គការ FutureSense របស់ចក្រភពអង់គ្លេស
AKP បាត់ដំបង ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៥-- ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញជួបប្រជុំពិភាក្សាការងារជាមួយនឹងអង្គការ Futuresense របស់ចក្រភពអង់គ្លេស ដឹកនាំដោយ លោក Arvind Malhotra ស្ថាបនិក និងជាប្រធានក្រុមហ៊ុន FutureSense Group នៅសាលប្រជុំសាលាខេត្តបាត់ដំបង។

ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះអង្គការ FutureSense ដែលបានចូលរួមចំណែកយ៉ាងសកម្មនៅក្នុងមូលដ្ឋានខេត្តបាត់ដំបង ព្រមទាំងលើកទឹកចិត្តអោយអង្គការបន្តពង្រីកសកម្មភាពនេះអោយបានទៅដល់សហគមន៍កាន់តែច្រើននៅតំបន់ផ្សេងៗក្នុងខេត្តបាត់ដំបង។


សូមបញ្ជាក់ថា កិច្ចប្រជុំនេះមានគោលបំណង ដើម្បីចែករំលែកព័ត៌មានអំពីសកម្មភាព និងការងាររបស់មូលនិធិ FutureSense ក្នុងប្រទេសកម្ពុជា និងស្វែងយល់ពីឱកាសសហការជាមួយរដ្ឋបាលខេត្តបាត់ដំបង និងវិស័យពាក់ព័ន្ធផ្សេងទៀតជាពិសេសវិស័យសុខាភិបាល និងវិស័យអប់រំ៕
ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង)





