សម្ដេចតេជោ ហ៊ុន សែន បង្ហាញនូវក្តីព្រួយបារម្ភប្រាប់ភារធារីស្ថានទូតអាម៉េរិកប្រចាំកម្ពុជា ចំពោះស្ថានការណ៍ចុងក្រោយនៃបញ្ហាព្រំដែនកម្ពុជា និងថៃ ជាពិសេសការបន្តដាក់បន្លាលួសជាបន្តបន្ទាប់
AKP ភ្នំពេញ ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៥ -- សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីព្រួយបារម្ភប្រាប់ភារធារី នៃស្ថានឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ចំពោះស្ថានការណ៍ចុងក្រោយនៃបញ្ហាព្រំដែនកម្ពុជា និងថៃ ជាពិសេសការបន្តដាក់បន្លាលួសជាបន្តបន្ទាប់ ដែលចំណុចនេះសម្ដេចចង់ឱ្យសហរដ្ឋអាមេរិកតាមដានយកចិត្តទុកដាក់ ចំពោះបញ្ហាដែលកំពុងកើតមានឡើង ដើម្បីធ្វើយ៉ាងណាធានាឱ្យបាននូវការគោរពបទឈប់បាញ់ឱ្យបានពេញលេញ។ នេះបើតាមការឱ្យដឹងរបស់ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បន្ទាប់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឱ្យលោកជំទាវ Bridgette L. Walker ភារធារី នៃស្ថានឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា។

ក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ និងរីករាយដែលបានជួបលោកជំទាវ និងសហការីសាជាថ្មីនាពេលនេះ ហើយសម្ដេចត្រៀមជជែកជាមួយលោកជំទាវទាក់ទងនឹងទំនាក់ទំនងកម្ពុជា និងសហរដ្ឋអាមេរិក ជាពិសេសស្ថានភាពចុងក្រោយស្ដីពីបញ្ហាព្រំដែន កម្ពុជា-ថៃ ដែលសហរដ្ឋអាមេរិកបានដើរតួនាទីដ៏សំខាន់ក្នុងការដោះស្រាយបញ្ហានាពេលបច្ចុប្បន្ន។

លោកជំទាវ Bridgette L. Walker បានថ្លែងអំណរគុណចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាតឱ្យលោកជំទាវនិងសហការីបានជួបសម្ដែងការគួរសម និងបានពិភាក្សាការងារនាថ្ងៃនេះ ជាពិសេសបានរំលេចអំពីទំនាក់ទំនងកម្ពុជានិងសហរដ្ឋអាមេរិក។ លោកជំទាវបានលើកឡើងថា បច្ចុប្បន្នស្ថានភាពនៃទំនាក់ទំនងកម្ពុជា និងសហរដ្ឋអាមេរិកមានភាពល្អប្រសើរ ហើយពេលនេះស្ថានទូតអាម៉េរិកកំពុងតែប្រារព្ធការអបអរសាទរខួប៧៥ឆ្នាំ នៃការបង្កើតទំនាក់ទំនងកម្ពុជា និងសហរដ្ឋអាមេរិក។ បន្ថែមពីលើនេះ លោកជំទាវ ក៏សម្តែងការអបអរចំពោះបទឈប់បាញ់រវាងកម្ពុជានិងថៃ ផងដែរ។

សម្ដេចតេជោ ហ៊ុន សែន បានពន្យល់ទៅកាន់លោកជំទាវ ទាក់ទងទៅនឹងរឿងរ៉ាវនៃជម្លោះព្រំដែន កម្ពុជា-ថៃ និងស្ថានភាពវិវត្តន៍ចុងក្រោយនៃបញ្ហានេះ ក្រោយពីមានបទឈប់បាញ់ថ្ងៃទី២៨ ខែកក្កដា។ សម្ដេចតេជោ បានមានប្រសាសន៍លើកឡើងដោយចំៗ ចំពោះលោកជំទាវភារធារីថា បទឈប់បាញ់ដែលកម្ពុជា និងថៃមានជាមួយគ្នាកាលពីថ្ងៃ២៨ ខែកក្កដាកន្លងទៅនេះ គឺមិនអាចកើតមានបានឡើយ ប្រសិនបើមិនមានគំនិតផ្តួចផ្តើមរបស់ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ក្នុងការចូលរួមចំណែកជួយដោះស្រាយឱ្យទាន់ពេលវេលានោះទេ។ សម្ដេចតេជោបានអរគុណយ៉ាងខ្លាំងចំពោះការចាត់វិធានការទាន់ពេលវេលារបស់រដ្ឋបាលឯកឧត្តម ដូណាល់ ត្រាំ និងរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ដែលបានយកចិត្តទុកដាក់ក្នុងការតាមដាន និងដោះស្រាយបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ។ សម្ដេចបានបញ្ជាក់ថា បទឈប់បាញ់តាមរយៈការចូលរួមចំណែកពីឯកឧត្តម ដូណាល់ ត្រាំ គឺបានជួយដល់ប្រទេសទាំងសងខាង ជាពិសេសកុំឱ្យមានទាហាន និងប្រជាពលរដ្ឋស្លាប់ក្នុងការផ្ទុះអាវុធបន្តទៀត។

ជាមួយគ្នានេះ សម្ដេចតេជោប្រមុខរដ្ឋស្ដីទីបានបញ្ជាក់ទៀតថា កម្ពុជាបានអត់ធ្មត់គ្រប់បែបយ៉ាង ដើម្បីធានាការគោរពបទឈប់បាញ់ដែលបានសម្រេចជាមួយគ្នា ហើយជាជំហររបស់កម្ពុជា គឺកម្ពុជាចង់ឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃ ត្រឡប់មករកភាពប្រក្រតីឡើងវិញ។ សម្ដេចតេជោបន្តថា កម្ពុជាចង់បានអ្នកសង្កេតការណ៍ជាក់លាក់ដើម្បីធានានូវការអនុវត្តនូវបទឈប់បាញ់នេះឱ្យមានប្រសិទ្ធភាព។
លោកជំទាវ Bridgette L. Walker បានអរគុណសម្ដេចតេជោដែលបានពន្យល់យ៉ាងក្បោះក្បាយជុំវិញបញ្ហាព្រំដែនកម្ពុជា និងថៃ។ លោកជំទាវបានបញ្ជាក់ផងដែរថា សហរដ្ឋអាមេរិក ជាពិសេសឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ និងរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក គឺបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះដំណើរការវិវត្តន៍ ដូចជាបញ្ហាប្រឈមព្រំដែននៃប្រទេសទាំងពីរ កម្ពុជា-ថៃ ហើយជាជំហររបស់សហរដ្ឋអាមេរិក គឺចង់ឃើញនូវការវិវត្តព្រំដែន កម្ពុជា-ថៃ វិលទៅរកភាពប្រក្រតីឡើងវិញ ពោលគឺសហរដ្ឋអាមេរិកចង់ឃើញសន្តិភាពកើតមានឡើងសម្រាប់ប្រទេសទាំងពីរ។ លោកជំទាវបានបញ្ជាក់ទៀតថា សហរដ្ឋអាមេរិកចង់ឱ្យភាគីទាំងពីរអនុវត្តន៍ ក៏ដូចជាការបង្កើតឱ្យមានអ្នកសង្កេតការណ៍អាស៊ាន ដូចអ្វីដែលភាគីទាំងពីរបានឯកភាពគ្នានៅពេលកន្លងទៅ ហើយអាម៉េរិក នឹងខិតខំជំរុញឱ្យមានអ្នកសង្កេតការណ៍អាស៊ាន ដូចអ្វីដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងទៅនោះ។
ឆ្លៀតនៅក្នុងឱកាសនេះ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី ក៏បានអរគុណចំពោះសហរដ្ឋអាមេរិក ដែលបានផ្ដល់ជាជំនួយមនុស្សធម៌ដល់ជនភៀសសឹកក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ថ្មីៗនេះ។
លោកជំទាវភារធារី នៃស្ថានឯកអគ្គរដ្ឋទូតអាម៉េរិកក៏លើកឡើងពីបញ្ហាអន្តោប្រវេសន៍កម្ពុជានៅសហរដ្ឋអាមេរិក ដែលត្រូវធ្វើមាតុភូមិនិវត្តន៍ ដោយលោកជំទាវបានស្នើដល់សម្ដេចតេជោសុំការគាំទ្រ និងសម្របសម្រួលពាក់ព័ន្ធទៅនឹងបញ្ហានេះ។
ជាការឆ្លើយតប សម្ដេចតេជោ បានមានប្រសាសន៍ថា សម្ដេចនឹងខិតខំប្រឹងប្រែងប្រាប់ដល់រាជរដ្ឋាភិបាលកម្ពុជាឱ្យយកចិត្តទុកដាក់ចំពោះការទទួលយកនូវជនជាតិខ្មែរដែលត្រូវធ្វើមាតុភូមិនិវត្តន៍។ សម្ដេចតេជោបានបញ្ជាក់បន្ថែមថា បញ្ហានេះមិនមែនជាបញ្ហាថ្មីនោះទេ វាជាបញ្ហាចាស់តាំងពីសម្ដេចនៅជានាយករដ្ឋមន្ត្រីមកម្ល៉េះ ហើយទោះបីជាក្នុងកាលៈទេសៈណាក៏ដោយពួកគាត់ជាជនជាតិខ្មែរ នៅពេលដែលសហរដ្ឋអាមេរិកបញ្ជូនមកវិញ គឺយើងត្រូវតែយកចិត្តទុកដាក់ និងទទួលឱ្យពួកគាត់មករស់នៅប្រទេសកម្ពុជាវិញ៕
ដោយ៖ ជឹម ណារី





