វេទិកាការងារនៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង
AKP ព្រៃវែង ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៥-- ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីវេទិកាការងារ ដែលប្រារព្ធធ្វើឡើងនៅសាលាបឋមសិក្សាស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដោយមានការអញ្ជើញចូលរួមពីផ្នែកពាក់ព័ន្ធ និងបងប្អូនប្រជាពលរដ្ឋសរុបប្រមាណជិត៩០០នាក់។


កម្មវិធីវេទិកាការងារត្រូវបានរៀបចំឡើងក្នុងគោលបំណង៖ ១. ចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការជួយគាំទ្រពលករដែលវិលត្រឡប់ពីប្រទេសថៃក្នុងការទទួលបានឱកាសការងារ សំដៅបង្កើនអត្រាអ្នកមានការងារធ្វើនៅតាមមូលដ្ឋាន និងចូលរួមលើកស្ទួយជីវភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។ ២. ផ្សព្វផ្សាយព័ត៌មានពីឱកាសការងារពីសំណាក់ សហគ្រាស ក្រុមហ៊ុន គ្រឹះស្ថាន ដែលមានតម្រូវការជ្រើសរើសកម្លាំងពលកម្ម និងផ្ដល់ឱកាសដល់ពលករដែលកំពុងស្វែងរកការងារធ្វើនៅក្នុងភូមិសាស្ត្រខេត្តព្រៃវែង។ ៣. ផ្តល់ឱកាសដល់គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈខេត្តព្រៃវែង ធ្វើការផ្សព្វផ្សាយពីឱកាសអាហារូបករណ៍ វគ្គអប់រំបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ព្រមទាំងធ្វើការចុះឈ្មោះយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យដែលមានបំណងចង់រៀនជំនាញវិជ្ជាជីវៈផ្ទាល់ខ្លួន៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ រដ្ឋបាលខេត្តព្រៃវែង)





