ឯកឧត្តម ហួត ហាក់ អញ្ជើញចូលរួមពិធីបើក និងកាត់ខ្សែបូពិព័រណ៍អន្តរជាតិលើកទី១៩
AKP ភ្នំពេញ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥--តបតាមការអញ្ជើញពីភាគីវៀតណាម ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៃព្រះរាជាណាចក្រក្ពុជា ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំគណៈប្រតិភូវិស័យទេសចរណ៍កម្ពុជាចូលរួមក្នុងពិធីបើក និងកាត់ខ្សែបូ សម្ពោធពិព័រណ៍អន្តរជាតិ ទីក្រុងហូជីមិញលើកទី១៩ ដែលចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម។

ឯកឧត្តមរដ្ឋមន្រ្តី ក៏បានអញ្ជើញចុះពិនិត្យស្តង់កម្ពុជាដែលបានរៀបចំក្នុងពិព័រណ៏អន្តរជាតិ ដោយបានផ្តល់អនុសាសន៍ដល់មន្ត្រីប្រចាំការ ឱ្យយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្តល់ព័ត៌មានពីសក្តានុពលទេសចរណ៍កម្ពុជាឱ្យបានគ្រប់ជ្រុងជ្រោយ និងដោយភាពរួសរាយរាក់ទាក់ជូនដល់ភ្ញៀវដែលអញ្ជើញមកទស្សនាស្តង់។

ព្រឹត្តិការណ៍ទេសចរណ៏កម្រិតអន្តរជាតិនេះត្រូវបានរៀបចំរួមគ្នាដោយ ក្រសួងវប្បធម៌ អប់រំ និងទេសចរណ៍ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម និងគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ ដោយមានការអញ្ជើញចូលរួមពីអ្នកទិញអន្តរជាតិប្រមាណ៣០០នាក់មកពី៤0ប្រទេសជុំវិញពិភពលោក និងអ្នកទស្សនាប្រមាណជាង៣០.០០០នាក់ រួមទាំងស្តង់ចំនួនប្រមាណ៤០០ស្តង់ ដែលប្រទេសកម្ពុជាក៏មានស្តង់ចូលរួមផងដែរ ជាមួយជំនួបធុរកិច្ចរវាងអ្នកលក់ និងអ្នកទិញប្រមាណជាង១២.០០០ជំនួប៕

ដោយ៖ ចាន់ សុភឿន ,ប្រភព៖ ក្រសួងទេសចរណ៍





