មន្ត្រីកីឡាកម្ពុជាចូលរួមវេទិកាអត្តពលិក នៅប្រទេសកាហ្សាក់ស្ថាន ដោយមាន ៤២ប្រទេសចូលរួម
AKP ភ្នំពេញ ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៥--មន្ត្រីកីឡាកម្ពុជា២រូប គឺលោក ហែម គីរី អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហែលទឹក ក្នុងនាមជាអនុប្រធានគណៈកម្មការអត្តពលិក និងលោកស្រី ចូវ សុធារ៉ា សមាជិកគណៈកម្មការអត្តពលិក ក្រោមបទឧទ្ទេសនាមដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានចូលរួមវេទិកាអត្តពលិក លើកទី៦ (Olympic Solidarity Athletes Forum) ក្រោមការរៀបចំរបស់ក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី (OCA) រយៈពេល២ថ្ងៃ ពីថ្ងៃទី០២-០៣ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងអាសតាណា ប្រទេសកាហ្សាក់ស្ថាន។

លោក ហែម គីរី បានគូសបញ្ជាក់ថា យើងបានចូលរួមក្នុងនាមគណៈកម្មការអត្តពលិកកម្ពុជា ដែលនេះជាការចូលរួមក្នុងវេទិកាអត្តពលិក ដោយមានការចូលរួមពី៤២ប្រទេស ជាសមាជិកអាស៊ី។ កម្មវិធីសំខាន់ៗក្នុងវេទិកានេះ មានដូចជាការចែករំលែកព័ត៌មានជុំវិញគណៈកម្មការអត្តពលិកអន្តរជាតិ ក្រោមការរៀបចំរបស់ក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) និងមានការចូលរួមពីគណៈកម្មាធិការអន្តជាតិ (IOC)។

លោកបន្ថែមថា វេទិកាអត្តពលិកនេះ មានកម្មវិធីចែករំលែកការបណ្តុះបណ្តាល កម្មវិធីគាំទ្រគណៈកម្មការអត្តពលិកជាតិនៃបណ្តាប្រទេសនីមួយៗ ដែលត្រូវការសិក្សារៀនសូត្រ ក៏ដូចជាបំផុសចលនាកីឡាក្នុងប្រទេសនីមួយៗឱ្យកាន់តែផុលផុសឡើង ក្នុងន័យបន្តការអភិវឌ្ឍធនធានកីឡាករ កីឡាការិនីក្នុងប្រទេសនីមួយៗ។ ក្នុងកម្មវិធីនេះ ប្រទេសនានា ក្នុងទ្វីបអាស៊ីទទួលបាននូវព័ត៌មានថ្មីៗបន្ថែម និងការសិក្សារៀនសូត្រពីអន្តរជាតិ ដើម្បីទទួលយកចំណេះដឹងទាំងនោះមកចែករំលែកបន្តជូនដល់មន្ត្រី កីឡាករ កីឡាការិនីក្នុងប្រទេសរៀងៗខ្លួន។

ជាមួយគ្នានេះ លោក ហែម គីរី បានគូសបញ្ជាក់ទៀតថា វេទិកាអន្តរជាតិមួយនេះបានចែករំលែកអំពីការងាររដ្ឋបាល បច្ចេកទេស ការប្រយុទ្ធប្រឆាំងនឹងសារធាតុហាមឃាត់ក្នុងវិស័យកីឡា «ដូពីង» ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។ បណ្តាប្រទេសមួយចំនួនក៏បានលើកឡើងពីបញ្ហាប្រឈម ក្នុងវេទិការនេះផងដែរ។ ក្នុងវេទិការនេះ កម្ពុជាក៏បានលើកឡើងអំពីមតិយោបល់ បទពិសោធន៍ និងព័ត៌មាននានាជូនដល់វេទិកានេះឱ្យបានជ្រាបអំពីបញ្ហាដែលកម្ពុជាធ្លាប់រៀបចំវេទិកាជាលើកដំបូង កាលពីប៉ុន្មានខែមុនកន្លងទៅ នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ។
គួរបញ្ជាក់ថា ការចូលរួមនេះ មានលោក ហែម គីរី អនុប្រធានគណៈកម្មការអត្តពលិក និងលោកស្រី ចូវ សុធារ៉ា សមាជិកគណៈកម្មការអត្តពលិក ក្រោមបទឧទ្ទេសនាមដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) តបតាមការអញ្ជើញរបស់ក្រុមប្រឹក្សាអូឡាំពិកអាស៊ី៕
ដោយ ហេង ណាលីន





