មន្ត្រីរាជការនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ ទទួលបានការបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋម
AKP ព្រះសីហនុ ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៥-- មន្ត្រីរាជការ និងបុគ្គលិកនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ សរុបចំនួន៣៤នាក់ ស្រី៧នាក់ បានទទួលការបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋមដោយឥតគិតថ្លៃពីមន្ត្រីសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ។ វគ្គបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋមនេះបានធ្វើឡើងនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ ដែលមានទីតាំងស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ កាលពីថ្ងៃព្រហស្បតិ៍ ទី០៤ ខែកញ្ញា ឆ្នាំ២០២៥។

លោក គាំ សុខុម នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានឱ្យដឹងថា វគ្គបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋមនេះធ្វើឡើងក្នុងគោលបំណងបណ្តុះបណ្តាល ដើម្បីឱ្យមន្ត្រី និងបុគ្គលិក នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ ចេះប្រើប្រាស់នូវម៉ាស៊ីនវាយតម្លៃដំណើរការបេះដូងឡើងវិញ (AED) Automated external defibrillator និងវិជ្ជាសង្គ្រោះបឋមមួយថ្មីបន្ថែមទៀត ហើយវាមានប្រសិទ្ធ ភាពក្នុងការជួយសង្គ្រោះដល់មន្ត្រី និងបុគ្គលិកបម្រើការងារនៅក្នុងអង្គភាពនៅពេលមានបញ្ហាគ្រោះថ្នាក់ដោយចៃដន្យដោយប្រការណាមួយទាំងក្នុងកន្លែងបំពេញការងារ និងទាំងសហគមន៍ផងដែរ ព្រោះវិជ្ជាសង្គ្រោះបឋមនេះមានសារសំខាន់ណាស់ក្នុងការឱ្យមន្ត្រីរាជការ បុគ្គលិកនៅតាមមន្ទីរ អង្គភាពរដ្ឋ ឬវិស័យឯកជននៅតាមបណ្តារោងចក្រ សហគ្រាសឱ្យពួកគាត់មានជំនាញក្នុងការចូលរួមជួយសង្គ្រោះបុគ្គលិក កម្មករបានទាន់ពេលវេលានៅក្នុងកន្លែងធ្វើការរបស់ពួកគាត់។

ក្នុងឱកាសនោះ លោក គាំ សុខុម នាយកសាខា ក៏បានផ្សព្វផ្សាយស្ដីពីប្រវត្តិចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម ច្បាប់មនុស្សធម៌អន្តរជាតិ និងគោលការណ៍គ្រឹះទាំង៧បដិរូប និងសុខភាពជូនដល់សិក្ខាកាម ដើម្បីឱ្យពួកគាត់កាន់តែមានការយល់ដឹងកាន់តែច្បាស់អំពីសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា និងការថែទាំសុខភាពប្រចាំថ្ងៃថែមទៀតផង។

ចំពោះមេរៀនដែលលើកយកមកបង្ក្រៀនសំខាន់ៗមានចំនួនពីរក្នុងនោះ ១. ការយល់ដឹងពីកាកបាទក្រហមដែលមាន ប្រវត្តិគំនិត សមាសភាគរបស់ចលនា បដិរូប និងសញ្ញាសម្គាល់ គោលការណ៍គ្រឹះរបស់ចលនាកាកបាទក្រហមកម្ពុជា ប្រវត្តិ និងសកម្មភាពរបស់កាកបាទក្រហមកម្ពុជា ច្បាប់មនុស្សធម៌អន្តរជាតិ និង២. វិជ្ជាសង្គ្រោះបឋម រួមមានតួនាទីអ្នកសង្រ្គោះ និងគោលការណ៍គ្រឹះ សភាពស្ហុក ការសន្លប់បាត់ស្មារតី ការដាក់ដំណេកសុវត្ថិភាព ការសន្លប់បាត់ដង្ហើម ការធ្វើCPR ស្លាក់ របួសស្រាល និងធ្ងន់ ការហូរឈាម ការបាក់ឆ្អឹង និងការដឹកជញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យជាដើម៕

ដោយ ងូ សុមុនី





