សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យចែកអំណោយដល់ជនភៀសសឹក១៧០គ្រួសារនៅឃុំអូរបីជាន់
AKP បន្ទាយមានជ័យ ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៥--សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្ត បានចុះជួបសំណេះសំណាល និងចែកអំណោយមនុស្សធម៌ជូនដល់ជនភៀសសឹកចំនួន១៧០គ្រួសារ ដែលកំពុងស្នាក់នៅជាបណ្តោះអាសន្ននៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី០៤ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងគោលបំណងដើម្បីជួយសម្រាលការលំបាក និងផ្តល់កម្លាំងចិត្តដល់បងប្អូនដែលកំពុងជួបបញ្ហា។ អំណោយដែលបានចែកជូនរួមមាន អង្ករ គ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ចាំបាច់មួយចំនួនទៀត។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ និងគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប ជាពិសេសអ្នកដែលកំពុងមានទុក្ខលំបាក។

លោក តេង សារ៉ាត់ ជាជនភៀសសឹកម្នាក់ដែលទទួលបានអំណោយ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាខាកាកបាទក្រហមកម្ពុជាខេត្ត ក៏ដូចជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលបានជួយឧបត្ថម្ភទាន់ពេលវេលា។ លោកបានបញ្ជាក់ថា អំណោយទាំងនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការជួយសម្រាលបន្ទុកជីវភាពប្រចាំថ្ងៃរបស់ក្រុមគ្រួសាររបស់លោក។

លោកស្រី សុខ សុភី បានឱ្យដឹងថា “ពួកយើងពិតជាអរគុណខ្លាំងណាស់ចំពោះការយកចិត្តទុកដាក់របស់រដ្ឋាភិបាលកម្ពុជា ក៏ដូចជាកាកបាទក្រហម។ ការមកដល់ទីនេះធ្វើឱ្យពួកយើងមានអារម្មណ៍កក់ក្ដៅ និងមានសង្ឃឹមឡើងវិញ។”

សូមបញ្ជាក់ថាសកម្មភាពមនុស្សធម៌នេះបានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់កាកបាទក្រហមកម្ពុជា និងរាជរដ្ឋាភិបាលចំពោះប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់ពូជសាសន៍។ នេះជាការបង្ហាញពីស្មារតីសាមគ្គី និងការជួយគ្នាទៅវិញទៅមកក្នុងគ្រាលំបាក៕
ដោយ ឈុន សារ៉ាត





