រាជរដ្ឋាភិបាលចែកដីសង្គមកិច្ចជូនពលរដ្ឋខ្វះខាត២២៩គ្រួសារ នៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ
AKP បន្ទាយមានជ័យ ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៥--ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំពិធីចាប់ឆ្នោតបែងចែកដីសម្បទានសង្គមកិច្ច ដើម្បីផ្តល់ជាដីលំនៅឋាន និងដីកសិកម្មជូនប្រជាពលរដ្ឋចំនួន២២៩គ្រួសារ នៅភូមិកូនខ្លែង ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដោយពិធីនេះបានប្រព្រឹត្តទៅកាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥ នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សូ ខនឫទ្ធីគុណ រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការដឹកនាំគម្រោង LASED lll តំណាង ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ការបែងចែកដីនេះ គឺជាផ្នែកមួយនៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍន៍សេដ្ឋកិច្ចដំណាក់កាលទី៣ (LASED lll) ដែលផ្តោតលើការផ្តល់ដីជូនដល់គ្រួសារដែលមានជីវភាពខ្វះខាត និងងាយរងគ្រោះ ដើម្បីឱ្យពួកគាត់មានដីសម្រាប់បង្កបង្កើនផល និងសាងសង់លំនៅឋាន។ ពិធីនេះមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ជាច្រើនរូប រួមមាន ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត, លោក ឃ្លោក នួយ អភិបាលរងខេត្ត តំណាងអភិបាលខេត្ត, ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រួមទាំងក្រុមការងារជាតិ និងអាជ្ញាធរមូលដ្ឋាន។

ក្នុងឱកាសនោះ ឯកឧត្តម សូ ខនឫទ្ធីគុណ បានបញ្ជាក់ថា ការចាប់ឆ្នោតនេះផ្តល់ដីសង្គមកិច្ចជូនប្រជាពលរដ្ឋសរុប ២២៩ គ្រួសារ ដែលក្នុងនោះ១៧១ គ្រួសារ ទទួលបានទាំងដីលំនៅឋាន និងដីកសិកម្ម ២៥គ្រួសារ ទទួលបានដីកសិកម្មសុទ្ធ ទំហំ១.៥ហិកតា ក្នុងមួយឡូត៍ ៣៣ គ្រួសារ ទទួលបានដីកសិកម្មសុទ្ធ ទំហំ ១ ហិកតា ក្នុងមួយឡូត៍។

ក្រៅពីការបែងចែកដី គម្រោងនេះក៏គ្រោងនឹងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានាក្នុងសហគមន៍ផងដែរ ដើម្បីធានាថាប្រជាពលរដ្ឋអាចរស់នៅ និងប្រកបរបរបានប្រកបដោយផាសុកភាព។ ហេដ្ឋារចនាសម្ព័ន្ធទាំងនោះរួមមានផ្លូវបេតុងប្រវែង០,៨០គីឡូម៉ែត្រ និងផ្លូវក្រួសក្រហមប្រវែង១២គីឡូម៉ែត្រ មណ្ឌលសហគមន៍ និងផ្សារសហគមន៍។
អាងស្តុកទឹក, អណ្តូងទឹកប្រើម៉ូទ័របូម និងអណ្តូងខ្នង។ បង្គន់អនាម័យសាធារណៈ២០កន្លែង និងអំពូលសូឡាចំនួន៥០។

ឯកឧត្តម សូ ខនឫទ្ធីគុណ ក៏បានមានប្រសាសន៍អំពីសារៈសំខាន់នៃគម្រោងនេះ ដែលជាការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលក្នុងការជួយដល់ប្រជាពលរដ្ឋក្រីក្រ និងគ្មានដីធ្លី។ ឯកឧត្តមក៏បានណែនាំដល់ប្រជាពលរដ្ឋដែលទទួលបានដី ឱ្យប្រើប្រាស់ដីទាំងនោះប្រកបដោយប្រសិទ្ធភាព និងច្បាប់ទម្លាប់។
ប្រជាពលរដ្ឋដែលបានចូលរួមក្នុងពិធីនេះក៏បានសម្តែងនូវក្តីរំភើប និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ជាពិសេស សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏ដូចជាក្រសួងពាក់ព័ន្ធទាំងអស់ ដែលបានផ្តល់ឱកាសឱ្យពួកគាត់មានដីធ្លីសម្រាប់រស់នៅ និងកសាងជីវភាពនាពេលអនាគត។
សូមបញ្ជាក់ថាពិធីនេះបានដំណើរការដោយរលូន និងបញ្ចប់ដោយជោគជ័យ ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋ និងលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគាត់ឱ្យកាន់តែប្រសើរឡើង៕
ដោយ ឈុន សារ៉ាត





