ឯកឧត្តម ថោ ជេដ្ឋា ចាត់តំណាងនាំយកថវិកាប្រគល់ជូនគ្រួសារវីរកងទ័ពជួរមុខដើម្បីទិញដីធ្វើផ្ទះថ្មី
AKP កំពង់ធំ ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៥-- ឯកឧត្តម ភួន ចន្ថា អនុរដ្ឋលេខាធិការ តំណាងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង បាននាំយកថវិកាដ៏ថ្លៃថ្លារបស់ឯកឧត្តមរដ្ឋមន្ត្រីមកប្រគល់ជូនគ្រួសារវីរយុទ្ធជននៅឃុំរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥។

ក្នុងឱកាសនោះ ឯកឧត្តម ភួន ចន្ថា បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តមថោ ជេដ្ឋា និងបានសម្ដែងសមានចិត្តចូលរួមសោកស្ដាយជាមួយក្រុមគ្រួសារ ដែលបានបាត់បង់លោកឪពុកនិងស្វាមី ជាទីគោរពស្រឡាញ់យ៉ាងអាឡោះអាល័យមិនអាចជួបគ្នាបានតទៀតជាពិសេស បានគោរពកោតសរសើរខ្ពស់នូវការការលះបង់សាច់ស្រស់ឈាមស្រស់របស់វីរយុទ្ធជន ជួង លៀប ដើម្បីបុព្វហេតុការពារជាតិមាតុភូមិពីការឈ្លានពានរបស់ចោរសៀម។

ជាមួយគ្នានេះ ក្រុមគ្រួសារ លោក ជួង លៀប បានសម្ដែងការគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ឯកឧត្តម ថោ ជេដ្ឋា និងសហការី ដែលតែងតែគិតគូរយកចិត្តទុកដាក់ដល់ក្រុមគ្រួសាររបស់គាត់ និងបានចុះសួរសុខទុក្ខ ព្រមទាំងឧបត្ថម្ភថវិកាជារឿយៗ ជាពិសេសការប្រគល់ជូននូវថវិកាសម្រាប់ទិញដីសម្រាប់ធ្វើផ្ទះថ្មីនៅក្នុងឱកាសនេះក៏ដូចជាការចូលរួមយ៉ាងសកម្មក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ និងអភិវឌ្ឍស្រុកស្ទោង និងបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានយកចិត្តទុកដាក់លើកទឹកចិត្ត និងផ្ដល់ឱកាសដល់កូនរបស់គាត់ក្នុងការចូលបម្រើជាកងទ័ព (ទាយាទ)។

សូមបញ្ជាក់ថា វីរយុទ្ធជន ជួង លៀប បានទទួលមរណភាពនៅសមរភូមិទិសប្រាសាទតាមាន់កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។ ក្នុងឱកាសនោះឯកឧត្តមរដ្ឋមន្ត្រីបានឧបត្ថម្ភនូវថវិកាចំនួន ៨៩០០ដុល្លារសហរដ្ឋអាមេរិក៕

ដោយ ស៊ុម វណ្ណា





