កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១របស់អង្គភាពច្រកចេញចូលតែមួយខេត្តកណ្តាល
AKP កណ្ដាល ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៥-- លោកស្រី ស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្តាល នៅរសៀលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ នៃការអនុវត្តការងារប្រចាំឆមាសទី១ និងប្រចាំ ខែកក្កដា និងខែសីហា របស់អង្គភាពច្រកចេញចូលតែមួយ ខេត្តកណ្តាល ដើម្បីពង្រឹងការទទួលខុសត្រូវលើការបង្កើនប្រសិទ្ធភាព នៃការផ្តល់សេវាជូនប្រជាពលរដ្ឋ ប្រកបដោយការទទួលខុសត្រូវ និងមានប្រសិទ្ធភាព។

ក្នុងឱកាសនោះ លោកស្រីអភិបាលរងខេត្តក៏បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់មន្ត្រីអង្គភាពច្រកចេញចូលតែមួយ ដែលរួមគ្នាបម្រើសេវាជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងបានបន្តលើកទឹកចិត្ត ដល់មន្ត្រីអង្គភាពច្រកចេញចូលតែមួយ ព្រមទាំង អង្គភាពពាក់ព័ន្ធ ត្រូវបង្កើនសាមគ្គីភាព ឯកភាពផ្ទៃក្នុង សូមខិតខំធ្វើការងារ បម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ បានទាន់ពេលវេលា និងប្រកបដោយតម្លាភាព ប្រសិទ្ធភាព។

កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមដោយ លោក លោកស្រី ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ លោកប្រធានអង្គភាពច្រកចេញ ចូលតែមួយរដ្ឋបាលខេត្ត នាយករងរដ្ឋបាលសាលាខេត្ត ទីចាត់ការចំណុះសាលាខេត្ត លោក លោកស្រី មន្រ្តីរាជការពាក់ព័ន្ធមួយចំនួនទៀតផង៕

ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





