ឯកឧត្តម មាន ចាន់យ៉ាដា អញ្ជើញនាំយកអំណោយមនុស្សធម៌ និងគ្រាប់ពូជបន្លែដាំដុះរបស់ក្រសួងកសិកម្មចែកជូនដល់បងប្អូនគ្រួសារវីរកងទ័ពជួរមុខ នៅស្រុកបន្ទាយអំពិល
AKP ឧត្ដរមានជ័យ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥-- ឯកឧត្តម មាន ចាន់យ៉ាដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តឧត្ដរមានជ័យ បានអញ្ជើញចុះសួរសុខទុក្ខ នាំយកអំណោយមនុស្សធម៌ និងគ្រាប់ពូជបន្លែដាំដុះរបស់ក្រសួងកសិកម្មចែកជូនដល់បងប្អូនគ្រួសារវីរកងទ័ពជួរមុខចំនួន៨៥១គ្រួសារនៅស្រុកបន្ទាយអំពិល នាព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥ នៅបរិវេណទីតាំងលានដំឡូង ស្ថិតក្នុងភូមិគូរ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ។

ឯកឧត្តម មាន ចាន់យ៉ាដា បានមានប្រសាសន៍នូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះប្រជាពលរដ្ឋជាគ្រួសារវីរកងទ័ព ដែលកំពុងមានវត្តមាននៅទីនេះ។ ឯកឧត្តមបានមានប្រសាសន៍លើកឡើងអំពីការគិតគូរយកចិត្តទុកដាក់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ចំពោះបងប្អូនប្រជាពលរដ្ឋទូទៅ ពិសេសប្រជាពលរដ្ឋរស់នៅតាមបណ្តោយព្រំដែន ដែលប្រឈមនឹងការភ័យខ្លាចដោយសារការផ្ទុះអាវុធពីកងទ័ពថៃឈ្លានពាន។


ឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍បន្តប្រាប់បងប្អូនប្រជាពលរដ្ឋថា អំណោយដែលនាំមកចែកជូនគ្រួសារកងទ័ពនៅថ្ងៃនេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ បង្ហាញអំពីការយកចិត្តទុកដាក់ខ្ពស់របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលសម្តេចតែងតែគិតគូរអំពីសុខទុក្ខ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់រូប ដោយមិនទុកឱ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់នៅឯកោឡើយ ជាពិសេសគឺគ្រួសារយោធិន ដែលបានលះបង់កម្លាំងកាយ ចិត្ត ការពារបូរណភាពទឹកដីជូនជាតិមាតុភូមិយើង។ ចំពោះគ្រួសារវីរកងទ័ពជួរមុខ ដែលភរិយាមានផ្ទៃពោះ ហើយត្រូវទៅទទួលសេវាពិនិត្យព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋ គឺមិនត្រូវបានគិតថ្លៃសេវានោះទេ។


សូមបញ្ជាក់ថា អំណោយដែលនាំមកចែកជូនដល់គ្រួសារវីរកងទ័ពនាពេលនេះ ក្នុងមួយគ្រួសារៗទទួលបានអង្ករ២៥គីឡូក្រាម មីខ្លាឃ្មុំក្រហម១កេស ទឹកភេសជ្ជៈ១កេស ទឹកសុទ្ធ១កេស និងគ្រាប់ពូជបន្លែចំនួន៦មុខ ចំនួន១ឃីដ៕
ដោយ ទិត ស្រ៊





