ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា ទទួលជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុន Starlink អំពីលទ្ធភាពនៃកិច្ចសហប្រតិបត្តិការលើបច្ចេកវិទ្យាតភ្ជាប់ ក្នុងវិស័យសុខាភិបាលកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥-- ឯកឧត្ដមសាស្រ្ដាចារ្យ ឈាង រ៉ា រដ្ឋមន្រ្ដីក្រសួងសុខាភិបាល បានអនុញ្ញាតជូនលោកស្រី Rebecca Hunter នាយកទីផ្សារ នៃក្រុមហ៊ុន Starlink សហរដ្ឋអាមេរិកនិងសហការី ចូលជួបសម្ដែងការគួរសម ក្នុងគោលបំណងពិភាក្សាលើការសហការ និងការគាំទ្រសក្ដានុពលនៃការអភិវឌ្ឍន៍ បច្ចេកវិទ្យាតភ្ជាប់ (Connectivity) ឌីជីថល ក្នុងការ ការផ្តល់សេវាសំខាន់ៗ នៅក្នុងវិស័យសុខាភិបាលកម្ពុជា នារសៀលថ្ងៃព្រហស្បតិ៍ ទី០៤ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសុខាភិបាល។
ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារនេះ លោកស្រីនាយកតំណាងក្រុមហ៊ុន Starlink បានបង្ហាញគោលបំណង ក្នុងការពិនិត្យលទ្ធភាពចូលរួមគាំទ្រលើការភ្ជាប់គម្លាតនៃការតភ្ជាប់ telemedicine e-health និងគាំទ្រសេវាសុខភាពចល័តក្នុងប្រទេសកម្ពុជា។


ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ស្វាគមន៍គំនិតផ្តួចផ្តើមដើម្បីស្វែងយល់ពីរបៀបដែលភាពជាដៃគូនេះអាចពង្រឹងការតភ្ជាប់ ពង្រឹងការផ្តល់សេវាថែទាំសុខភាព និងធ្វើឱ្យប្រសើរឡើងនូវភាពធន់នៅក្នុងប្រទេសកម្ពុជា ដែលទីបំផុតផ្តល់អត្ថប្រយោជន៍ដល់សុខភាព និងសុខុមាលភាពរបស់ប្រជាជនកម្ពុជាទាំងអស់។
សូមជម្រាបជូនថា ជំនួបពិភាក្សាការងារនេះមានការចូលរួមពីឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយករងបច្ចេកទេស លោកប្រធាននាយកដ្នានសុខាភិបាលឌីជីថល និងលោកស្រីប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិ៕

ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួងសុខាភិបាល)





