រដ្ឋមន្ត្រីក្រសួងអប់រំ៖ ទិវាគ្រូបង្រៀនប្រារព្ធឡើងក្នុងគោលបំណងរំឭកគុណូបការៈដ៏ថ្លៃថ្លាជូនចំពោះគ្រូបង្រៀននៅគ្រប់ភូមិសិក្សាទូទាំងប្រទេស
AKP ភ្នំពេញ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥--
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានគូសបញ្ជាក់ពីសារៈសំខាន់នៃការប្រារព្ធទិវាគ្រូបង្រៀន ៥ តុលា ដែលត្រូវបានចាត់ទុកជាទិវាកម្រិតសាកល ប្រារព្ធឡើងក្នុងគោលបំណងដើម្បីបំផុសនូវវប្បធម៌ និងប្រពៃណីនៃការរំឭកគុណូបការៈដ៏ថ្លៃថ្លាជូនចំពោះគ្រូបង្រៀននៅគ្រប់ភូមិសិក្សាទូទាំងប្រទេសដែលបានចំណាយពេលវេលា កម្លាំងកាយ កម្លាំងចិត្ត ស្មារតី និងវិជ្ជាជីវៈក្នុងការបំពេញភារកិច្ចជាអ្នកបណ្ដុះបណ្ដាលដែលមិនមែនផ្ទេរត្រឹមតែចំណេះដឹងនិងចំណេះវិជ្ជាប៉ុណ្ណោះទេ ថែមទាំងបានទូន្មានឱ្យសិស្សានុសិស្សធ្វើអំពើល្អ ស្គាល់ខុស ស្គាល់ត្រូវ និងចេះគោរពចាស់ទុំ ក្លាយខ្លួនជាធនធានមនុស្សដ៏មានសក្ដានុពលសម្រាប់ប្រទេសជាតិថែមទៀតផង។

ការបញ្ជាក់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ធ្វើឡើងក្នុងកិច្ចប្រជុំពិភាក្សាស្តីពីការត្រៀមប្រារព្ធទិវាគ្រូបង្រៀនឆ្នាំ២០២៥ នៅទីស្តីការក្រសួង នាថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥។
ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រីកិច្ចបានថ្លែងថា ប្រជុំនេះរៀបចំឡើងដើម្បីពិនិត្យពិភាក្សា សម្រេចលើប្រធានបទ និងពាក្យស្លោកកម្មវិធី របាយការណ៍រៀបចំទិវាគ្រូបង្រៀននាឆ្នាំកន្លងមក ពិនិត្យលើសេចក្តីព្រាងកម្មវិធី និងរូបភាពនៃការរៀបចំ ក៏ដូចជាខ្លឹមសារនានាពាក់ព័ន្ធនឹងការរៀបចំទិវាគ្រូបង្រៀន ដែលនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ខាងមុខ។


ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារពាក់ព័ន្ធទាំងអស់ ដែលបានជំរុញឱ្យការរៀបចំទិវាគ្រូបង្រៀនដំណើរការទៅដោយរលូន និងជោគជ័យជារៀងរាល់ឆ្នាំ ហើយសម្រាប់ឆ្នាំ២០២៥នេះ សូមក្រុមការងារ បន្តសហការគ្នាឱ្យកាន់តែល្អប្រសើរ ដោយត្រូវបន្តយកចិត្តទុកដាក់លើការងារតាមជំនាញ ជ្រើសរើសប្រធានបទ និងពាក្យស្លោកសម្រាប់កម្មវិធីស្របតាមចក្ខុវិស័យ និងការវិវឌ្ឍថ្មីៗក្នុងវិស័យអប់រំ ជាពិសេសផ្តោតលើការអប់រំឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) ចាត់ចែងរៀបចំការប្រឡងតែងនិពន្ធ និងស្មូតកំណាព្យឱ្យដំណើរការរលូន បង្ហាញសមិទ្ធផលនានារបស់គ្រូបង្រៀនក៏ដូចជាត្រៀមរៀបចំរបាយការណ៍សម្រាប់កម្មវិធីជាដើម៕
ដោយ៖ ចាន់ សុភឿន ,ប្រភព៖ ក្រសួងអប់រំ





