ពិធីប្រកាសចូលកាន់តំណែងអភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម និងនាយករដ្ឋបាល សាលាខេត្តកំពង់ចាម
AKP កំពង់ចាម ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥--
រដ្ឋបាលខេត្ត កំពង់ចាម បានធ្វើពិធីប្រកាស អភិបាលរងខេត្តចំនួន ២ រូប និងនាយករដ្ឋបាលសាលាខេត្ត ១រូប ជំនួសអភិបាលរង ខេត្ត២ រូបដែលបានផ្លាប់ប្តូរទៅកាន់ភារៈកិច្ចថ្មី ក្រោមអធិបតីភាព ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលប្រារព្ធធ្វើឡើងនៅ សាលសន្និសីទសាលាខេត្ត។
មាន មតិស្វាគមន៍ នារសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ឯកឧត្ដមអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមលើកឡើងថា ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្ត និង នាយករដ្ឋបាលសាលាខេត្តនាពេលនេះ ដើម្បីពង្រឹងប្រសិទ្ធភាពការងារនៅរដ្ឋបាលខេត្ត ក្នុងការអនុវត្តឲ្យកាន់តែមានភាពឆ្លើយតប និងទាន់ ពេលវេលា ជូនដល់ប្រជាពលរដ្ឋនៅមូលដ្ឋានក្នុងការលើកកម្ពស់ការអភិវឌ្ឍន៍មូលដ្ឋាន ស្របតាមច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ស្របតាមច្បាប់ និង សំដៅឱ្យការអនុវត្តន៍របស់រដ្ឋបាលខេត្ត ធានាបាន នូវប្រសិទ្ធភាពការងារ និងធ្វើការឆ្លើយតបគោលនយោបាយរបស់រាជរដ្ឋាភិបាល និងតម្រូវការនានារបស់ ប្រជាពលរដ្ឋនៅមូលដ្ឋានប្រកបដោយភាពឆ្លើយតប ។


ក្នុងឱកាសនោះ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ បានធ្វើការណែនាំដល់គណៈបញ្ជាការឯកភាពខេត្ត គ្រប់លំដាប់ថ្នាក់ត្រូវបន្តនិងពង្រឹងការគ្រប់គ្រង ដឹកនាំថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដោយត្រូវរៀបចំផែនការសកម្មភាព វិធានការ ជាក់ស្តែង ព្រមទាំងការចាត់តាំងការអនុវត្តឱ្យបានច្បាស់លាស់ និងមានការទទួលខុសត្រូវ ដោយបន្តពង្រឹងការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព។ការប្រយុទ្ធប្រឆាំងនិង បង្ក្រាបការជួញដូរគ្រឿងញៀន រួមនឹងការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈជូនប្រជា ពលរដ្ឋ គឺជាគោលបំណងដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាលកម្ពុជា។


ឯកឧត្តមរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្តកំពង់ចាមអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងមន្ទីរ-អង្គភាពពាក់ព័ន្ធ ក្នុងខេត្ត កំពង់ចាមទាំងអស់ ដែលបានរួមសាមគ្គី សហការគ្នាខិតខំប្រឹងប្រែងយ៉ាងសកម្ម ក្នុងការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយបានជំរុញការអភិវឌ្ឍខេត្ត ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ និងរក្សាបាននូវសន្តិសុខ សណ្ដាប់សាធារណៈសង្គម បានល្អប្រសើរ នាពេលកន្លងមក។
ឯកឧត្តមប៊ុន ហុន ក៏បានធ្វើការណែនាំដល់លោកអភិបាលរងថ្មី ដែលទើបទទួលការតែងតាំងមុខតំណែង ត្រូវប្រកាន់ខ្ជាប់នូវសាមគ្គីភាពផ្ទៃក្នុង និងត្រូវខិតខំប្រឹងប្រែងសហការ ចូលរួមក្នុងដំណើរការអភិវឌ្ឍខេត្ត ឲ្យមានភាពរីកចម្រើនបន្ថែមទៀត ដើម្បីលើកស្ទួយនូវកំណើនសេដ្ឋកិច្ចជាតិ សំដៅលើកម្ពស់ជីវភាពពលរដ្ឋក្នុងជីវភាពគ្រួសារជាការ ចូលរួមក្នុងការកាត់បន្ថភាពក្រីក្រ ដែលមានគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពជាមូលដ្ឋានគ្រឹះនោះ។


សូមបញ្ជាក់ថា គណៈអភិបាលខេត្ត ចំនួន ០២រូប ដែលបានប្រកាសតែងតាំងជាអភិបាលរង ខេត្ត នាពេលនេះ មាន៖
១- លោក ឃន ប្រុស នាយករដ្ឋបាលខេត្ត ត្រូវបានតែងតាំងជាអភិបាលរងខេត្ត ជំនួសលោក ហាន កុសល ត្រូវផ្ទេរ ទៅកាន់ខេត្តកំពង់ធ។
២- លោក ចាន់ វ៉ាន់ បានផ្ទេរ ពីអភិបាលរង នៃគណៈអភិបាលខេត្តព្រៃវែងមក ជាអភិបាលរងខេត្តកំពង់ចាម ជំនួសលោក ហេង វ៉ាន់នី ត្រូវបានផ្ទេរទៅកាន់ខេត្តបាត់ដំបង។
លោក ជា សិលា ជានាយករងរដ្ឋបាលខេត្ត ត្រូវបានតែងតាំងជានាយករដ្ឋបាលខេត្ត ជំនួសលោក ឃន ប្រុស៕
ដោយ៖ ឆាយ ម៉ុត





