ឯកឧត្តម ម៉ាង ស៊ីណេត អញ្ជើញសំណេះសំណាលនឹងនាំយកអំណោយមនុស្សធម៌ចែកជូនអ្នករស់នៅជាមួយមេរោគអដេស៍ ខេត្តព្រះសីហនុ
AKP ខេត្តព្រះសីហនុ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥-- ដើម្បីគាំទ្រសកម្មភាពការងារឥស្សរជនឆ្នើមថ្នាក់ខេត្ត ឯកឧត្តម ម៉ាង ស៊ីណេត ប្រធាន គណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ នារសៀលថ្ងៃព្រហស្បតិ៍ទី០៤ ខែកញ្ញា ឆ្នាំ២០២៥ បាននាំយកអំណោយមនុស្សធម៌របស់សាខាកាកាបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ចែកជូនអ្នករស់នៅជាមួយមេរោគអេដស៍ចំនួន ៥នាក់ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីគាំទ្រសកម្មភាពការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ដែលមានសម្តេចកិតិ្តព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ។


ក្នុងឪកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ជាឥស្សរជនឆ្នើមថ្នាក់ខេត្តព្រះសីហនុ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិការភាពជាអ្នកដឹកនាំតំបន់អាស៊ី ប៉ាស៊ីហ្វិក ឆ្លើយតបទៅនឹងមេរោគអដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា ជូនចំពោះបងប្អូនអ្នករស់នៅជាមួយមេរោគអេដស៍ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ សូមស្តាប់តាមការណែនាំរបស់ក្រុមគ្រួពេទ្យ ជាពិសេសត្រូវ លេបថ្នាំឪ្យបានទៀតទាត់ ដើម្បីសុខភាពខ្លួនយើង និងក្រុមគ្រួសារ និងសូមជូនពរឪ្យបានឆាប់ជាសះស្បើយនឹងបានវិលត្រឡប់ទៅផ្ទះវិញគ្រប់គ្នា ។
អំណោយដែលផ្តល់ជូនអ្នករស់នៅជាមួយនឹងជំងឺអេដស៍ចំនួន ៥នាក់ ក្នុងម្នាក់ទទួលបាន អង្ករ ២៥គីឡូក្រាម ត្រីខ ១យួរ មី ១កេស ទឹកត្រី ១យួរ កន្ទេល១ ឃីត១កញ្ចប់ (មុង១ ភួយ១ ក្រមា១ សារុង១) និងថវិកាចំនួន ២០០ ០០០រៀល ៕


ដោយ៖ ងូ សុមុនី





