ឯកឧត្តម សាយ សំអាល់ ចុះពិនិត្យវឌ្ឍនភាពនៅតាមតំបន់ឆ្នេរ និងសាលាបឋមសិក្សាស្មាច់ដែង ខេត្តព្រះសីហនុ
AKP ខេត្តព្រះសីហនុ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥--
នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា(គ.អ.ម.ក.) និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ រួមនឹងគណប្រតិភូក្រសូងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ដោយមានការចូលរួមពីប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរក្រុង ស្រុកចុះពិនិត្យវឌ្ឍនភាពមានដូចជា ១.រមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ “ឆ្នេរព្រែកត្រែង” ស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ២.ទីតាំងផែទូកទេស ចរណ៍ស្ថិតនៅក្នុងកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ។ ៣.ចុះពិនិត្យស្ថានភាពចំណតរថយន្ត និងសួនច្បារនៅឆ្នេរអូរឈើ ទាល សង្កាត់លេខ៤ ក្រុងព្រះសីហនុ ។ ៤.ចុះពិនិត្យស្ថានភាពឆ្នេរព្រែកចាក ស្ថិតនៅសង្កាត់រាម ក្រុងកំពង់សោម ។ ៥.ចុះពិនិត្យវឌ្ឍនភាពសាលាបឋមសិក្សាស្មាច់ដែង សង្កាត់រាម ក្រុងកំពង់សោម ។


សូមរម្លឹកថា រមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ “ឆ្នេរព្រែកត្រែង” ក្រុងព្រះសីហនុ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃអង្គារទី១១ ខែមីនា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំ ដែនដីនគរូបនីយកម្ម និងសំណង់ ជាប្រធានគណ:កម្មាធិការជាតិគ្រប់គ្រងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ហើយគម្រោងអភិវឌ្ឍរមណីយដ្ឋានឆ្នេរកម្សាន្តសាធារណៈកម្រិតខ្ពស់ "ឆ្នេរព្រែកត្រែង” ជាគម្រោងស្ថារលើកកម្ពស់សោភ័ណភាពឆ្នេរព្រែកត្រែងមានដូចជា
១.រៀបចំកែលម្អ និងការពារឆ្នេរខ្សាច់សរធម្មជាតិប្រណិតកម្រិតខ្ពស់សម្រាប់សាធារណ ជន និងទេសចរ។
២.រៀបចំតំបន់សុវត្ថិភាពសម្រាប់លេងទឹកសមុទ្រកម្សាន្ត និងរៀបចំប៉មឆ្នាំសមុទ្រសម្រាប់ការពារសុវត្ថិភាព។
៣.រៀបចំសួនច្បារសាធារណៈ ការដាំដើមឈើបណ្តាញបៃតង និងកន្លែងពិកនិកកម្សាន្តនៅលើដីចំណីឆ្នេរសមុទ្រសម្រាប់សាធារណជន និងទេសចរ។

៤.រៀបចំផ្លូវថ្មើរជើង ដោយមានផ្លូវសម្រាប់ជនមានពិការភាពនៅលើដីចំណីឆ្នេរសមុទ្រស្របតាមបណ្តោយឆ្នេរសមុទ្រ។
៥.រៀបចំកន្លែងអង្គុយលម្តែ កន្លែងលេងកីឡា ឡានម្ហូបដែលមានស្តង់ដាអន្តរជាតិសម្រាប់សាធារណជន និងទេសចរ។
៦.រៀបចំបន្ទប់ទឹកសាធារណៈដោយមានបន្ទប់ទឹកសម្រាប់ជនមានពិការភាព។
៧.ជួសជុលកែលម្អកញ្ចុះចាស់ៗដែលមានស្រាប់សម្រាប់សាធារណជន និងទេសចរ។
៨.រៀបចំតម្លើងឆត្រប្រក់ស្បូវសម្រាប់សាធារណជន និងទេសចរ។
៩.រៀបចំចំណតរថយន្ត និងចំណតយានយន្តសាធារណៈនៅក្នុងតំបន់រណប។
១០.រៀបចំប្រព័ន្ធលូរំដោះទឹកភ្លៀង ប្រព័ន្ធលូទឹកកខ្វក់ និងប្រព័ន្ធអាងប្រព្រឹត្តកម្មទឹកកខ្វក់ ស្របតាមស្តង់ដារ បទដ្ឋានបច្ចេកទេសបរិស្ថាន ជាឆ្នេរសមុទ្រដែលស្អាតបំផុត លើសកលលោក។
១១.រៀបចំប្រព័ន្ធគ្រប់គ្រងសំណល់រឹង និងបន្ទប់ស្តុកសំរាមស្របតាមបទដ្ឋានបច្ចេកទេសបរិស្ថាន ជាឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក។


នៅពេលសាងសង់ រមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណ:កម្រិតខ្ពស់ "ឆ្នេរព្រែកត្រែង" រួចរាល់ ខេត្តព្រះសីហនុ និងប្រែក្លាយជាតំបន់ទេសចរណ៍មួយកាន់តែមានសោ ភ័ណភាពទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ និងអ្នកវិនិយោគិនកាន់តែច្រើនបន្ថែមទៀតមកលេងកម្សាន្តនៅខេត្តព្រះសីហនុ ៕
ដោយ៖ ងូ សុមុនី





