ឯកឧត្តម សាយ សំអាល់ ចុះពិនិត្យវឌ្ឍនភាពផែជលយាន្ត (អ៊ូទូក) ក្នុងស្រុកស្ទឹងហាវ
AKP ព្រះសីហនុ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥-- ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក.) អមដំណើរដោយឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំគណៈប្រតិភូក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងប្រធានមន្ទីរ អង្គភាព និងអាជ្ញាធរចុះពិនិត្យវឌ្ឍនភាពចំណតជលយាន្ត (អ៊ូទូក) សម្រាប់ការជួសជុលទូក អាណូត និងនាវាលើផ្ទៃដីចតំនួន ជាង៨ហិកតា និងភូមិអ្នកនេសាទ ស្ថិតនៅឃុំទំនប់រលក និងឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥។

ក្នុងឱកាសចុះពិនិត្យនាពេលនេះ គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍឆ្នេរសមុទ្រកម្ពុជា ក្រុមការងារចុះជួយមូលដ្ឋាន និងរដ្ឋបាលខេត្តព្រះសីហនុ និងដៃគូវិនិយោគ បានផ្តួចផ្តើមរៀបចំអភិវឌ្ឍចំណតទូក (អ៊ូទូក) នៅស្រុកស្ទឹងហាវ ដើម្បីបម្រើឱ្យការជួសជុលទូក នាវា និងកប៉ាល់ នៅក្នុងស្រុក ដោយលែងបន្តពឹងផ្អែកកន្លែងជួសជុលដ៏ទៃទៀត ក្នុងស្មារតី ឯករាជ្យ ម្ចាស់ការ ខ្លួនទីពឹងខ្លួន។


គម្រោងនេះក៏បានគិតគូររៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវន្តទ្រទ្រង់លំហសាធារណៈ ផ្ទៃបៃតង និងរៀបចំលំនៅឋានរបស់ប្រជាជនឱ្យមានសណ្តាប់ធ្នាប់ និងរបៀបរៀបរយ ជាភូមិឋានក្សេមក្សាន្ត និងជាទ្រនំសុភមង្គល៕
ដោយ ងូ សុមុនី





