ព្រះមេគណខេត្តកំពង់ស្ពឺប្រគេនអំណោយផ្តល់ជូនដល់បញ្ជាការដ្ឋានការពារកោះឆ្នេរ កងទ័ពជើងទឹក
AKP កំពង់ស្ពឺ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥-- ព្រះមុនីសត្ថាចារ្យកោសល កែវ ចន្ថា ព្រះមេគណខេត្តកំពង់ស្ពឺ ជាព្រះគ្រូចៅអធិការ វត្តដំណាក់ត្រាច ឯកឧត្តម សុខ ប៊ន តំណាងរាស្ត្រខេត្តកំពង់ស្ពឺ និងលោកជំទាវ ព្រមទាំងសប្បុរសជន នាថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥ បាន និមន្ត និងអញ្ជើញចុះសួរសុខទុក្ខ នាយនាវី នាយនាវីរង និងពលនាវី នៅបញ្ជាការដ្ឋានការពារកោះឆ្នេរ កងទ័ពជើងទឹក។

ឯកឧត្តម សុខ ប៊ន បានថ្លែងអំណរគុណដល់ព្រះមុនីសត្ថាចារ្យកោសល កែវ ចន្ថា ព្រះមេគណខេត្តកំពង់ស្ពឺ ជាព្រះគ្រូចៅអធិការ វត្តដំណាក់ត្រាច បាននិមន្តចុះសួរសុខទុក្ខ និងនាំអំណោយជាគ្រឿងឧបភោគបរិភោគ ផ្ដល់ជូនដល់មេបញ្ជាការដ្ឋានការពារកោះឆ្នេរ កងទ័ពជើងទឹក ដើម្បីយកទៅចែកជូនដល់កងទ័ពដែលកំពុងបំពេញភារកិច្ចការពារទឹកដី នៅតាមតំបន់ជើងទឹករបស់យើងមិនឱ្យជនណាម្នាក់មកឈ្លានពានបានឡើយ។

ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមនាវីឯក ស្រ៊ុន សារឿន មេបញ្ជាការរង កងទ័ពជើងទឹក មេបញ្ជាការ បញ្ជាការដ្ឋានការពារកោះឆ្នេរ បានថ្លែងអំណរគុណ ដល់ឯកឧត្តមអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ និងព្រះមុនីសត្ថាចារ្យកោសល កែវ ចន្ថា ព្រះមេគណខេត្តកំពង់ស្ពឺ ព្រមទាំងសប្បុរសជន ដែលបានផ្តល់ជាអំណោយគ្រឿង ឧបភោគបរិភោគ សម្ភារ និងថវិកា សម្រាប់យកទៅចែកជូនដល់កងទ័ពជើងទឹក ដែលកំពុងការពារទឹកដីដែលចោសៀមកំពុងឈ្លានពានទឹកកម្ពុជា នេះសបញ្ជាក់អោយឃើញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំតែងតែគិតគូរ និងសួរសុខទុក្ខកងទ័ពជួរមុខ ពិសេសក្រោមការដឹកនាំរបស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

សូមជម្រាបជូនថា សម្ភាររួមមាន៖ អង្ករ ៥០បាវ មី២៤០កេស ទឹកត្រី ទឹកស៊ីអ៊ីវ១៨០យួរ ត្រីខ៦ កេសធំ ទឹកសុទ្ធ១០កេស និង១០០យួរ ភេសជ្ជៈ៤៥កេស មុង និងភួយ៣០កញ្ចប់ ក្រម៉ា២០០ ដែលមានយ័ន្ត យ័ន្តការពារ៥០០ កថាចងដៃ៤៥០ រួមជាមួយថវិកាសរុប១៧លានរៀលផងដែរ៕
ដោយ លឹម សាន្ត





