ពិធីបិទកិច្ចប្រជុំផ្សព្វផ្សាយស្តីពីកិច្ចដំណើរការការិយាល័យប្រជាពលរដ្ឋខេត្តកណ្តាល
AKP កណ្ដាល ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥-- លោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្ដាល នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទកិច្ចប្រជុំផ្សព្វផ្សាយអំពី កិច្ចដំណើរការការិយាល័យប្រជា ពលរដ្ឋខេត្ត ជូនថ្នាក់ដឹកនាំមន្ទីរ និងទីចាត់ការ អង្គភាពចំណុះរដ្ឋបាលខេត្តកណ្តាល។

លោកអភិបាលរងខេត្តកណ្ដាល មានប្រសាសន៍ថា នៅក្នុងផែនការអនុវត្តសម្រាប់រយៈពេល៥ឆ្នាំ លើកទី១ (២០២១-២០២៥) នៃកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២ រាជរដ្ឋាភិបាល បានចាត់ទុកកំណែទម្រង់អភិបាលកិច្ចជាកិច្ចការដ៏ចាំបាច់ និងមានសារៈសំខាន់ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដើម្បីឈានឆ្ពោះទៅសម្រេចឱ្យបាននូវឋានៈជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ ដើម្បីសម្រេចគោលដៅនេះរាជរដ្ឋាភិបាលកំពុងធ្វើការកែលម្អ និងធ្វើទំនើបកម្មរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលសាធារណៈ ដែលធានាដល់ការលើកកម្ពស់ សមត្ថភាពស្ថាប័ន ពង្រឹងភាពស្អាតស្អំក្នុងរដ្ឋបាលសាធារណៈ បង្កើនប្រសិទ្ធភាព និងនវានុវត្តន៍ក្នុងការបំពេញការងារ និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។ការបង្កើតឱ្យមាននូវយន្តការសម្រុះសម្រួលដោះស្រាយបណ្ដឹង តាមរយៈការិយាល័យ ប្រជាពលរដ្ឋ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ គឺជាលក្ខខណ្ឌចាំបាច់មួយដែលពុំអាចខ្វះបាន ដើម្បីធ្វើការ ឆ្លើយតបចំពោះបណ្ដឹងតវ៉ា ឬការមិនពេញចិត្តនានាលើការធ្វើសេចក្តីសម្រេច ឬការបំពេញការងាររបស់បុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ ហើយការិយាល័យប្រជាពលរដ្ឋ មិនត្រឹមតែមានតួនាទីជាអ្នកផ្សះផ្សាវិវាទ រវាងប្រជាពលរដ្ឋ និងរដ្ឋបាលសាធារណៈប៉ុណ្ណោះទេ វាក៏មានតួនាទីសំខាន់សម្រាប់កសាងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ មកលើថ្នាក់ដឹកនាំមូលដ្ឋានផងដែរ។


លោកអភិបាលរងខត្តក៏បានផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំ និងបុគ្គលិករបស់ការិយាល័យប្រជាពលរដ្ឋខេត្ត ត្រូវសិក្សាស្វែងយល់ឱ្យបានច្បាស់លាស់ អំពីលិខិតបទដ្ឋានពាក់ព័ន្ធនានាដែលបានដាក់ចេញកន្លងមក ជាពិសេសបែបបទ និងនីតិវិធី នៃការទទួល និងការសម្រុះសម្រួលដោះស្រាយបណ្តឹង និងត្រូវខិតខំព្យាយាមសម្រុះសម្រួលដោះស្រាយបណ្តឹងតវ៉ា របស់ប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស ប្រកបដោយអព្យាក្រឹត្យ តម្លាភាព និងយុត្តិធម៌ស្របតាមច្បាប់ លិខិតបទដ្ឋានគតិយុត្តិ និងគោលការណ៍ ណែនាំដែលនៅជាធរមាន និងត្រូវពង្រឹងការអនុវត្តការងារ សាមគ្គីភាពផ្ទៃក្នុង និងការងារជាក្រុមក្នុងដំណើរការ សម្រុះសម្រួលដោះស្រាយបណ្ដឹងនានា ដែលទទួលបានពីប្រជាពលរដ្ឋ តាមគ្រប់មធ្យោបាយ និង ត្រូវសហការជាមួយការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ក្នុងការសម្រុះសម្រួលដោះស្រាយបណ្ដឹង ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន៕
ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





