មន្ទីររៀបចំដែនដីបិទផ្សាយឯកសារក្បាលដីជូនប្រជាពលរដ្ឋភូមិចំនួន២ ក្នុងឃុំភូមិធំ ស្រុកកៀនស្វាយ
AKP កណ្ដាល ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥-- មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តកណ្ដាល បានជំរុញការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ មានលក្ខណៈជាប្រព័ន្ធ ដើម្បីចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស ដើម្បីសម្រេចបានតាមផែនការដែលបានគ្រោងទុក នាថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥ នៅក្នុងភូមិចំនួន២ គឺភូមិរទាំង និងភូមិរទាំងត្បូង ឃុំភូមិធំ ស្រុកកៀនស្វាយ ដែលមានចំនួន ២ ៨៦៧ក្បាលដី។

លោក ព្រំ ឆាត អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល បានថ្លែងថា គោលបំណងនៃការបិទផ្សាយជាសាធារណៈនាពេលនេះ គឺដើម្បីទុកឱកាសឱ្យបងប្អូនជាអ្នកកាន់កាប់ដី និងអ្នកពាក់ព័ន្ធមកពិនិត្យនូវទិន្នន័យឱ្យបានត្រឹមត្រូវ ដូចជាឈ្មោះ ថ្ងៃខែឆ្នាំកំណើត ប្រភេទទ្រព្យ បើមានកំហុសឆ្គងដោយប្រការណាមួយបងប្អូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធអាចធ្វើការជំទាស់តវ៉ាលើទិន្នន័យដែលមាននៅក្នុងឯកសារវិនិច្ឆ័យ រួមមានប្លង់សុរិយោដី និងបញ្ជីឈ្មោះអ្នកកាន់កាប់ដី ហើយការជំទាស់តវ៉ាអាចធ្វើបានអំឡុងពេល១៥ថ្ងៃចាប់ពីថ្ងៃប្រកាសបិទផ្សាយនេះតទៅហើយក្នុងរយៈពេល ១៥ថ្ងៃនេះគណៈកម្មការរដ្ឋបាល និងមន្ត្រីសុរិយោដីនឹងនៅប្រចាំការរាល់ថ្ងៃទាំងថ្ងៃឈប់សម្រាក និងថ្ងៃបុណ្យផ្សេងៗ ចាប់ពីថ្ងៃទី០៤ ខែកញ្ញា ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ដើម្បីរង់ចាំពន្យល់ទិន្នន័យទាំងឡាយ និងទទួលពាក្យបណ្តឹង ដោះស្រាយការតវ៉ា និងវិវាទផ្សេងៗ។ បន្ទាប់ពីលទ្ធផលនៃការបិទផ្សាយរយៈពេល១៥ថ្ងៃ យើងនឹងទទួលបាននូវទិន្នន័យត្រឹមត្រូវ ដើម្បីបំពេញនីតិវិធីឈានដល់ការចេញប័ណ្ណកម្មសិទ្ធដីធ្លី ស្របច្បាប់ជូនប្រជាពលរដ្ឋដែលជាអ្នកកាន់កាប់ដី និងដើម្បីរួមចំណែកលើកកម្ពស់ជីវភាព សុខុមាលភាព ស្ថេរភាពសង្គម ការអភិវឌ្ឍ និងប្រើ ប្រាស់ដីធ្លីប្រកបដោយទំនុកចិត្ត។


ក្នុងឱកាសនោះ លោក ស៊ុម ធន់ អភិបាលរងស្រុកកៀនស្វាយ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ មកចូលរួមពិនិត្យ និងផ្ទៀងផ្ទាត់លើទិន្នន័យនៃឯកសារវិនិច្ឆ័យដែលដាក់បិទផ្សាយជូនដោយគណៈកម្មការរដ្ឋបាលចំនួន០២ភូមិខាងលើ ក្នុងឃុំភូមិធំ ស្រុកកៀនស្វាយឱ្យបានគ្រប់ៗគ្នា៕
ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





