ក្រុមហ៊ុន Smart Axiata ចង់ពង្រីកគម្រោងគាំទ្រដល់ការស្តារឡើងវិញនូវសាលារៀនតាមតំបន់ព្រំដែនដែលបានរងផលប៉ះពាល់ខ្លាំងដោយការជម្លោះព្រំដែនជាមួយប្រទេសថៃ
AKP ភ្នំពេញ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥-- លោក Ritesh Kumar SIGN នាយកប្រតិបត្តិ Smart Axiata (Chief Executive Officer) ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥ បានបង្ហាញចំណាប់អារម្មណ៍ក្នុងការបន្តពង្រីកបន្ថែមកិច្ចសហប្រតិបត្តិការលើគម្រោងគាំទ្រដល់ការស្តារឡើងវិញនូវសាលារៀនតាមតំបន់ព្រំដែន ដែលបានរងផលប៉ះពាល់ខ្លាំងដោយសារជម្លោះព្រំដែនជាមួយប្រទេសថៃ តាមរយៈគម្រោងមូលនិធិ១លានដុល្លារអាម៉េរិករបស់ Smart Axiata ព្រមទាំងបានលើកសំណើសុំការគាំទ្រលើការរៀបចំបន្ទប់រៀន ការបំពាក់សង្ហារិមក្នុងថ្នាក់រៀន និងពិនិត្យលទ្ធភាពជួយអណ្តូងទឹក បំពាក់សូឡា ប្រព័ន្ធអ៊ីនធឺណែត និងការជួយសាងសង់អគារសិក្សាថ្មីៗ បង្គន់អនាម័យ ធុងស្តុកទឹក ទីចាត់ការ និងបណ្ណាល័យផងដែរ។

ជាការឆ្លើយតប ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងចូលរួមអបអរសាទរ លោក Ritesh Kumar SIGN ដែលត្រូវបានតែងតាំងជា នាយកប្រតិបត្តិថ្មី នៃ Smart Axiata ប្រចាំកម្ពុជា ព្រមទាំងបានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុន Smart Axiata និងភាគីពាក់ព័ន្ធទាំងអស់ចំពោះការប្តេជ្ញាចិត្តចូលរួមចំណែកលើកកម្ពស់វិស័យអប់រំ និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា តាមរយៈគម្រោងធំៗជាច្រើនកន្លងមក។


តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅរចំពោះការជួយគាំទ្ររបស់ក្រុមហ៊ុន Smart Axiata លើវិស័យអប់រំនៅកម្ពុជា និងបានឯកភាពចំពោះរាល់សំណើគាំទ្រដល់គម្រោងស្តារឡើងវិញនៃសាលាតាមព្រំដែន ដែលនេះពិតជាបានចូលរួមចំណែកដ៏សំខាន់ដល់ការធ្វើឱ្យប្រសើរឡើងវិញនូវស្ថានភាពរៀន និងបង្រៀន ដែលជាស្នូលយុទ្ធសាស្ត្រនៃការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព សមធម៌ និងបរិយាបន្ន ដោយគូសបញ្ជាក់នូវការគាំទ្ររាល់គំនិតផ្តួចផ្តើមដែលមានគោលដៅលើកស្ទួយដល់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ដែលជាអាទិភាពមួយដ៏សំខាន់ជំរុញកម្ពុជាទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និងឆ្នាំ២០៥០៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





