វគ្គហ្វឹកហ្វឺនបានដើរតួនាទីជាយុទ្ធសាស្ត្រយ៉ាងសំខាន់ក្នុងការពង្រឹងខឿនការពារជាតិ
AKP ភ្នំពេញ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥-- វគ្គហ្វឹកហ្វឺនភស្តុភារ និងជំនាញយន្តយុទ្ធ ថ្នាក់វរសេនាតូច នៅបញ្ជាការដ្ឋានយោធភូមិភាគពិសេស បានបិទវគ្គនាព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក ពូ សាប៊ុតឌី មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគពិសេស។

ឯកឧត្តម ឧត្តមសេនីយ៍ឯក បានបញ្ជាក់ថា ការងារហ្វឹកហ្វឺនបានដើរតួនាទីជាយុទ្ធសាស្ត្រយ៉ាងសំខាន់ក្នុងការពង្រឹងខឿនការពារជាតិ តាមរយៈការផ្តល់នូវចំណេះដឹង ចំណេះធ្វើពិតប្រាកដ ដល់កងទ័ព ជាពិសេសយោធិនដែលមានវ័យក្មេង ជាប្រភពបន្តវេនជំនាន់ក្រោយ ហ្វឹកហ្វឺនពង្រឹងទៅលើសមត្ថភាពរបស់កងទ័ព ទាំងក្បួនប្រយុទ្ធ ទាំងការប្រើប្រាស់អាវុធ ស្គាល់ច្បាស់អំពីភូមិសាស្ត្រ ចរិកសមរភូមិ ព្រមទាំងពង្រឹងកាយសម្បទា សតិអារម្មណ៍ កងទ័ពឱ្យបានមោះមុត ហ៊ានពលីជីវិត ដើម្បីការពារសន្តិភាព ការពារអធិបតេយ្យជាតិ ការពារបូរណភាពទឹកដី នៅគ្រប់កាលៈទេសៈដែលជាតិត្រូវការ។ កងយោធពលខេមរភូមិន្ទ ការងារហ្វឹកហ្វឺនមានលក្ខណៈសម្បត្តិ២យ៉ាង គឺបង្កើនសមត្ថភាព គុណភាពដល់យោធិន និងធានាបាននូវការគ្រប់គ្រងកម្លាំងសម្រាប់បម្រើឲ្យការងារត្រៀមប្រយុទ្ធ ប្រយុទ្ធនៅពេលដែលមានបទបញ្ជារបស់ថ្នាក់លើ បានទាន់ពេលវេលា។ ក្នុងន័យនេះការងារហ្វឹកហ្វឺនត្រូវតែដើរសមស្របនៅលើគោលនយោបាយការពារជាតិរបស់រាជរដ្ឋាភិបាល មាន ន័យថារាល់ខ្លឹមសារ គោលការណ៍នៃការចាត់តាំង វិធីសាស្ត្រហ្វឹកហ្វឺន ក្រៅពីឱ្យស្របទៅតាមអាវុធបំពាក់ឱ្យ ដាច់ខាតត្រូវតែផ្អែកទៅលើមូលដ្ឋានគោលនយោបាយទស្សនៈដឹកនាំទៅលើវិស័យយោធា របស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការ កងយោធពលខេមរភូមិន្ទ និងកងទ័ពជើងគោក។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ពូ សាប៊ុតឌី បានថ្លែងអំណរគុណដល់គ្រូឧទ្ទេសដែលបានយកចិត្តទុកដាក់ត្រួតពិនិត្យរាល់ឯកសារ សម្រាប់បង្រៀនក្នុងវគ្គហ្វឹកហ្វឺនបានត្រឹមត្រូវ និងសមស្របតាមស្ថានភាពជាក់ស្តែង យកអស់ពីកម្លាំងកាយចិត្ត ចំណេះដឹង ប្រាជ្ញាស្មារតី និងបទពិសោធន៍ដែលមាន ធ្វើការពន្យល់ បកស្រាយបានច្បាស់លាស់ ធ្វើឱ្យសិក្ខាកាមងាយយល់ និងក្តាប់ជាប់នូវខ្លឹមសារមេរៀន ដើម្បីឱ្យសិក្ខាកាមមានមូលដ្ឋាន ច្បាស់លាស់សម្រាប់យកទៅបំពេញភារកិច្ច ទទួលបានជោគជ័យនៅតាមបណ្តាកងឯកភាពក្រោយពេលបញ្ចប់វគ្គហ្វឹកហ្វឺន។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ពូ សាប៊ុតឌី បានផ្តាំផ្ញើដល់សិក្ខាកាមបានបញ្ចប់នាពេលនេះ ត្រូវយកចំណេះដឹង និងបទពិសោធន៍ថ្មីៗ ដែលបានមកពីការរៀនសូត្រ យកទៅបម្រើការងារអង្គភាពអោយមានប្រសិទ្ធភាព។ ត្រូវចៀសឱ្យឆ្ងាយពីការជួញដូរគ្រឿងញៀន និងប្រើប្រាស់គ្រឿងញៀន ដែលនាំឱ្យមានផលប៉ះពាល់ដល់កិត្តិយសកងយោធពលខេមរភូមិន្ទ។ ត្រូវគោរពឱ្យបានដាច់ខាតនូវវិន័យរបស់កងយោធពលខេមរភូមិន្ទ បទបញ្ជា សារាចរ សេចក្តី ណែនាំរបស់ថ្នាក់លើ ក្រឹត្យច្បាប់របស់រដ្ឋ ត្រូវមានសីលធម៌ល្អ អត្តចរិកស្លូតបូត សុភាពរាបសារ តែម៉ឹង ម៉ាត់សមស្របជាកងយោធពលខេមរភូមិន្ទ និងជាអ្នកបន្តវេនដ៏ល្អ៕
ដោយ សំ សាម៉ន (ប្រភព៖ កងទ័ពជើងគោក)





