ឯកឧត្តម ហ៊ាន វណ្ណហន ចុះជំរុញផលិតកម្មដំណាំបន្លែសុវត្ថិភាពនៅខេត្តបន្ទាយមានជ័យ
AKP បន្ទាយមានជ័យ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥-- ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារចុះទៅពិនិត្យសហគមន៍កសិកម្មបន្លែបៃតងពង្រកងវ៉ា ស្ថិតនៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដើម្បីជំរុញ និងដោះស្រាយបញ្ហាប្រឈមក្នុងការផលិត និងការផ្គត់ផ្គង់ទីផ្សារដំណាំបន្លែសុវត្ថិភាព។ ដំណើរទស្សនកិច្ចនេះធ្វើឡើងក្រោមការចង្អុលបង្ហាញ និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់រដ្ឋមន្ត្រីក្រសួងកសិកម្ម។

ក្នុងដំណើរចុះពិនិត្យកាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមបានជួបដោយផ្ទាល់ជាមួយសមាជិកឆ្នើមពីររូប គឺលោក យាន មេន នៅភូមិពង្រ និងលោកស្រី ទឹង សារាយ នៅភូមិម្កាក់ ដើម្បីពិនិត្យមើលតម្រូវការជាក់ស្តែង និងផ្តល់ជំនួយបច្ចេកទេស។ គោលបំណងសំខាន់នៃការចុះទៅដល់ទីតាំងផ្ទាល់គឺដើម្បីដោះស្រាយបញ្ហាដូចជាការបង្កើនផលិតភាពផលិតកម្ម ដើម្បីបង្កើនប្រាក់ចំណេញរបស់កសិករ។ ការដោះស្រាយបញ្ហាជាប់គាំងនៃលំហូរផលិតផលពីផលិតកម្មទៅកាន់ទីផ្សារឱ្យមានភាពរលូន និងលឿន។ ធានាគុណភាព និងបរិមាណ ដំណាំបន្លែសុវត្ថិភាពស្របតាមតម្រូវការទីផ្សារ និងបរិបទថ្មី។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការបានលើកឡើងពីសារៈសំខាន់នៃការផលិតដំណាំកសិកម្មតាមបែបធម្មជាតិ និងបានផ្តល់អនុសាសន៍សំខាន់ៗដល់សហគមន៍ដូចជា យើងត្រូវតែពង្រឹងការងារនេះឱ្យខ្លាំងឡើង ដោយផ្តោតលើការរៀបចំផែនការផលិតកម្ម និងផែនការទីផ្សារឱ្យបានច្បាស់លាស់។ ខ្ញុំសូមជំរុញឱ្យសហគមន៍ផលិតរួម និងលក់រួម ដើម្បីឱ្យយើងមានបរិមាណគ្រប់គ្រាន់សម្រាប់ការចរចាជាមួយទីផ្សារធំៗ។ យើងនឹងបន្តគាំទ្រទាំងបច្ចេកទេស ទាំងការរៀបចំសមត្ថភាពដឹកនាំសហគមន៍ ដើម្បីឱ្យកសិករយើងទទួលបានផលចំណេញកាន់តែច្រើន។

ឯកឧត្តមក៏បានណែនាំឱ្យបន្តសហការយ៉ាងជិតស្និទ្ធជាមួយមន្ទីរកសិកម្ម មន្ត្រីកសិកម្មឃុំ និងអាជ្ញាធរមូលដ្ឋាន ដើម្បីរួមគ្នាដោះស្រាយបញ្ហាផ្សេងៗដែលសហគមន៍កំពុងប្រឈម។ ជាងនេះទៅទៀត ឯកឧត្តមបានលើកទឹកចិត្តឱ្យកសិករដែលទើបតែវិលត្រឡប់មកពីប្រទេសថៃ ដែលមានជំនាញផ្នែកកសិកម្ម ឱ្យចូលរួមជាសមាជិកថ្មីក្នុងសហគមន៍ ដើម្បីពង្រីកសក្តានុពល និងបង្កើនកម្រិតជីវភាពឱ្យកាន់តែប្រសើរឡើង។

លោក យាន មេន ដែលជាសមាជិកឆ្នើមម្នាក់បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចុះជួបដោយផ្ទាល់របស់ឯកឧត្តមរដ្ឋលេខាធិការ “ពួកយើងពិតជារំភើប និងរីករាយខ្លាំងណាស់ ដែលឯកឧត្តមបានចំណាយពេលមកដល់ទីនេះផ្ទាល់ ដើម្បីមើលឃើញពីស្ថានភាពជាក់ស្តែងរបស់ពួកយើង។ ការណែនាំរបស់ឯកឧត្តមបានបើកផ្លូវឱ្យពួកយើងដឹងថា យើងគួរធ្វើអ្វីបន្តទៀត ជាពិសេសរឿងទីផ្សារ និងការផលិតរួមគ្នា។ ពួកយើងសង្ឃឹមថាជំនួយបច្ចេកទេស និងការគាំទ្រពីក្រសួងនឹងជួយឱ្យការងាររបស់យើងកាន់តែរីកចម្រើន។”
ចំណែកលោកស្រី ទឹង សារាយ ក៏បានបង្ហាញពីក្តីរំពឹងខ្ពស់ផងដែរ “ការចុះមកដល់របស់ឯកឧត្តម គឺពិតជាផ្តល់កម្លាំងចិត្តដល់ពួកយើង។ ពួកយើងជឿជាក់ថា បញ្ហាដែលយើងជួបប្រទះដូចជារឿងតម្លៃទីផ្សារមិនទៀងទាត់ និងការប្រមូលផលលក់ចេញនឹងត្រូវដោះស្រាយ។ ពួកយើងនឹងបន្តប្រឹងប្រែងផលិតបន្លែសុវត្ថិភាព ឱ្យស្របតាមតម្រូវការទីផ្សារ ដើម្បីឱ្យជីវភាពគ្រួសារកាន់តែប្រសើរឡើង។”
សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តម ហ៊ាន វណ្ណហន បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ក្រសួងកសិកម្មក្នុងការលើកកម្ពស់វិស័យកសិកម្មនៅកម្ពុជា ជាពិសេសគឺការជួយគាំទ្រកសិករខ្នាតតូចឱ្យមានលទ្ធភាពប្រកួតប្រជែងលើទីផ្សារ និងបង្កើនប្រាក់ចំណូលគ្រួសារ៕
ដោយ ឈុន សារ៉ាត





