សម្ដេចតេជោ ហ៊ុន សែន ប្រាប់ឯកអគ្គរដ្ឋទូតបួគីណាហ្វាសូ ថា ក្នុងនាមជាប្រទេសក្រីក្រ អ្វីដែលត្រូវប្រយ័ត្នបំផុតនោះ គឺជំនួយរបស់បរទេស
AKP ភ្នំពេញ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥ --សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រាប់ទៅឯកឧត្ដមឯកអគ្គរដ្ឋទូតបួគីណាហ្វាសូ ថា ក្នុងនាមជាប្រទេសក្រីក្រ អ្វីដែលយើងត្រូវប្រយ័ត្នបំផុតនោះ គឺជំនួយរបស់បរទេស ពីព្រោះជំនួយខ្លះ នឹងអាចជះផលអវិជ្ជមានសម្រាប់ប្រទេសរបស់ខ្លួនក៏អាចថាបានដែរ ប្រសិនបើខ្វះការគិគូរឱ្យបានស៊ីជម្រៅ។ នេះបើយោងតាមការឱ្យដឹង របស់ឯកឧត្ដម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បន្ទាប់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Daouda Bitie ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព សាធារណរដ្ឋប្រជាមានិតបួគីណាហ្វាសូ ប្រចាំនៅកម្ពុជា ចូលជួបសវនាការ និងប្រគល់សារតាំង ណាព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា។

ក្នុងជំនួបនោះ សម្ដេចតេជោប្រមុខរដ្ឋស្ដីទី បានសម្ដែងនូវការស្វាគមន៍ និងអបអរសាទរ ចំពោះឯកឧត្តម Bitie ដែលជាឯកអគ្គរដ្ឋទូតរបស់បួគីណាហ្វាសូ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ហើយសង្ឃឹមថា វត្តមានរបស់ឯកឧត្ដមជាឯកអគ្គរដ្ឋទូតនៅពេលនេះ នឹងជំរុញទំនាក់ទំនងរវាងកម្ពុជា និងបួគីណាហ្វាសូ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត បន្ទាប់ពីប្រទេសនេះបានបង្កើតទំនាក់ទំនងការទូតផ្លូវការជាមួយគ្នារយៈពេល១៥ឆ្នាំកន្លងមកនេះ។ ជាមួយគ្នានេះ ឯកឧត្តម Daouda Bitie បានសម្ដែងនូវការអរគុណចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានផ្ដល់នូវមហាកិត្តិយសដ៏មហាធំធេងសម្រាប់ឯកឧត្ដមផ្ទាល់ បានប្រគល់សារតាំងក្នុងឱកាសនេះ ហើយឯកឧត្ដមបានបញ្ជាក់ជម្រាបជូនសម្ដេចតេជោថា ពិតមោទនភាពសម្រាប់ឯកឧត្ដម ដែលបានបំពេញការងារជាឯកអគ្គរដ្ឋទូតរបស់បួគីណាហ្វាសូ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដែលជាឯកអគ្គរដ្ឋទូតដំបូងគេបំផុតតំណាងឱ្យប្រទសរបស់ឯកឧត្ដម។ ឯកឧត្ដមបានបន្តថា នេះក៏ជាឱកាសមួយដ៏ល្អ ដោយឯកឧត្ដមបានពាំនាំនូវពាក្យផ្ដាំផ្ញើពីឯកឧត្ដមប្រធានាធិបតីបួគីណាហ្វាសូថា នៅពេលដែលឯកឧត្ដមមកបំពេញការងារនៅក្នុងព្រះរាជាណាចក្រកម្ពុជា គឺជាឱកាសមួយបានរៀនសូត្របន្ថែមទៀត ដកស្រង់បទពិសោធន៍ដ៏សំខាន់មួយ ចេញពីព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្ដមបានមានប្រសាសន៍រម្លឹកថា កម្ពុជា និងបួគីណាហ្វាសូ មានប្រវត្តិស្ថិតនៅក្រោម អាណានិគមបារាំងដូចគ្នា ដូច្នេះប្រវត្តិមួយចំនួនមានភាពប្រហាក់ប្រហែលគ្នា ជាពិសេសេឯកឧត្ដមចាប់អារម្មណ៍ផ្ទាល់ ទៅលើបទពិសោធន៍របស់សម្ដេចតេជោ ដែលបានដឹកនាំប្រទសកម្ពុជានាពេលកន្លងមក ដែលជាបទពិសោធន៍មួយ ដែលឯកឧត្ដទន្ទឹងរង់ចាំរៀនសូត្របន្ថែមក្នុងពេលដែលឯកឧត្ដមបំពេញការងារការទូត នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

សម្ដេចតេជោប្រមុខរដ្ឋស្ដីទី ក៏បានសម្ដែងនូវក្ដីរីករាយ និងបញ្ជាក់នូវការពេញចិត្តចំពោះការចែករំលែកបទពិសោធន៍ និងទទួលស្គាល់អំពីបទពោសោធន៍របស់កម្ពុជា និងបួគីណាហ្វាសូ មានភាពប្រហាក់ប្រហែលគ្នា ស្ថិតនៅក្រោមអាណានិគមបារាំងដូចគ្នា។ សម្ដេចតេជោ ក៏បានចែករំលែក ទាក់ទងនឹងការវិនិយោគសម្រាប់បរិបទកម្ពុជាកន្លងមក ដែលការវិនិយោគពីបរទេសគឺជារឿងសំខាន់ហើយ ប៉ុន្តែរឿងសំខាន់បំផុតគឺការវិនិយោគនៅក្នុងស្រុក ប្រជាជននៅក្នុងស្រុកមានការវិនិយោគ ការធ្វើពាណិជ្ជកម្មច្រើន នោះគឺជាចំណុចសំខាន់មួយ ដើម្បីទាក់ទាញអ្នកវិនិយោគពីក្រៅប្រទេសបន្ថែមទៀត ពីព្រោះអ្នកអ្នកវិនិយោគពីក្រៅប្រទេស មើលឃើញស្ថានភាពល្អប្រសើរ ឬស្ថេរភាពនៅក្នុងប្រទេសទើបគេមកវិនិយោគ។ សម្ដេចតេជោ ក៏បានចែករំលែក ឱ្យប្រយ័ត្នអំពីការផ្ដល់យោបល់ពីបរទេស ជាពិសេសប្រទេសអ្នកមានមួយចំនួន ដែលពេលខ្លះការផ្ដល់យោបល់នោះមិនប្រាកដថាត្រឹមត្រូវទាំងស្រុងទេ។ ដូច្នេះ អ្វីដែលត្រូវប្រុងប្រយ័ត្ននោះ យោបល់របស់ពួកគេត្រូវតែថ្លឹងថ្លែងឱ្យបានស៊ីជម្រៅ ពីព្រោះបទពិសោធន៍របស់កម្ពុជាបានឆ្លងកាត់រួចមកហើយ។
ទាក់ទងនឹងទំនាក់ទំនងរវាងកម្ពុជា និងបួគីណាហ្វាសូ ឯកឧត្ដមឯកអគ្គរដ្ឋទូតក៏បានលើកឡើងអំពីចំណុចសំខាន់ដែលភាគីទាំងពីរត្រូវតែពង្រឹងជាមួយគ្នានោះ គឺទាក់ទងជាមួយនិងវិស័យ សេដ្ឋកិច្ច ពាណិជ្ជកម្ម ដោយឯកឧត្ដមបានលើកឡើងថា បួគីណាហ្វាសូ មានចំណុចខ្លាំងលើធនធានរ៉ែ ដូចជារ៉ែមាសជាដើម ដែលជាផ្នែកមួយអាចពង្រីកកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច ពាណិជ្ជកម្ម ជាមួយភាគីកម្ពុជា រួមទាំងកិច្ចសហប្រតិបត្តិការយោធា ដូចជាការ ការដោះមីន ព្រមទាំងកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗដទៃទៀត ជាពិសេសការគាំទ្រគ្នាទៅវិញទៅមកលើឆាកអន្តរជាតិ។

ក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ និងគាំទ្រចំពោះការលើកឡើងរបស់ឯកឧត្ដមឯកអគ្គរដ្ឋទូត បួគីណាហ្វាសូ ចំពោះកិច្ចសហប្រតិបត្តិការទាំងនេះ ហើយសម្ដេចតេជោក៏បានស្នើឱ្យភាគីទាំងពីរគួរតែបង្កើតឱ្យមាននូវកិច្ចព្រមព្រៀង ឬអនុស្សរណៈនៃការយោគយល់គ្នាមួយ ដើម្បីពិនិត្យពិភាក្សាគ្នា ដើម្បីធ្វើយ៉ាងណារកចំណុចដើម្បីសហប្រតិបត្តិការ និងអភិវឌ្ឍន៍រវាងប្រទេសទាំងពីរ៕
ដោយ៖ ជឹម ណារី





